ដោយៈ រ៉ណេត
ភ្នំពេញៈ សេវាថែរក្សា និងគ្រប់គ្រងអគារ ឬ Property Management ជាជំនាញ និងប្រភេទការផ្តល់សេវាកម្ម ដែលមានប្រជាប្រិយភាពបំផុត នៅទីផ្សារអចលនទ្រព្យក្រៅស្រុក ដែលវាក៏ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយជំរុញតម្លៃបន្ថែម ទៅលើសំណង់អគារឱ្យកាន់តែប្រសើរ ខណៈដែលជំនាញមួយនេះ ហាក់ត្រូវបានមើលរំលងនៅក្នុងទីផ្សារកម្ពុជា។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ថា ជាធម្មតា នៅពេលដែលសំណង់អគារមានភាពស្រស់ស្អាត ថ្មី មានផាសុកភាព និងសុវត្ថិភាព គឺមានភាពទាក់ទាញ។
ឧទាហរណ៍ថា សំណង់អាផាតមិនចំនួន២នៅក្បែរគ្នា ប្រសិនបើអគារមួយមានការថែរក្សាល្អ ប្រកបដោយគុណភាព សោភ័ណភាព ប្រាកដជាមានភាពទាក់ទាញមនុស្សជួលចូលមករស់នៅជាមិនខាន បើទោះជាមានតម្លៃថ្លៃ ជាងអគារចាស់បន្តិចក៏ដោយ។ ដូច្នេះការចំណាយទៅលើសេវាថែទាំ និងរក្សាគុណភាពសំណង់គឺជារឿងសំខាន់បំផុត។
លោកបន្តថា “បើនៅប្រទេសគេ ដូចជាប្រទេសជប៉ុន សេវាថែទាំអគារគឺមានតម្លៃថ្លៃ ខណៈដែលទីផ្សារនៅកម្ពុជាហាក់មើលរំលង និងមិនសូវមានអ្នកចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគនៅក្នុងផ្នែកមួយនេះ” ។
លោកច្រឹក សុខនីម បានបញ្ជាក់ឱ្យដឹងថា ដោយមើលឃើញពីភាពខ្វះខាតជំនាញមួយនេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា ក៏បានរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវគ្គខ្លី ដែលមានរយៈពេលប្រាមណ៩០ម៉ោង ដល់សិក្ខាមដែលមានបំណងចង់ចាប់អាជីពនេះ ដោយមានការផ្តល់ជូននូវវិញ្ញាបនបត្រផងដែរ។
លើកឡើងស្រដៀងគ្នានេះ នាយិកាក្រមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ថា បើអាគារខុនដូ អាគារការិយាល័យ ឬអាផាតម៉ិនណាមួយ មានអ្នកជំនាញគ្រប់គ្រងបានល្អ ផ្តល់សុវត្ថិភាព ផ្តល់ការថែរទាំ នឹងធ្វើឲ្យអចលនទ្រព្យកើនឡើង និងធ្វើឱ្យអាគារនោះមានភាពថ្មីជានិច្ច ព្រោះសេវាគ្រប់គ្រងអចលនទ្រព្យ នឹងផ្តល់ការថែរទាំ ជួលជុសអាគារនោះ។
អ្នកនាងបានបញ្ជាក់ថា “ការមានក្រុមហ៊ុនជំនាញធ្វើការលើផ្នែកនេះ នឹងធ្វើឲ្យអចលនទ្រព្យនោះ ទាក់ទាញអ្នកជួល និងទាក់ទាញអ្នកទិញអាគារនោះកាន់តែច្រើន ប៉ុន្តែយ៉ាងណាក៏ដោយនៅកម្ពុជា មិនសូវមានក្រុមហ៊ុនជំនាញ គ្រប់គ្រងអចលនទ្រព្យបែបនេះច្រើននៅឡើយ” ។
ការផ្តល់សេវាគ្រប់គ្រងអាគារ ឬអចលនទ្រព្យណាមួយ ធ្វើឡើងដោយមានកិច្ចព្រមព្រៀងរវាងម្ចាស់អាគារ និងក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ ដែលយកកម្រៃសេវាកម្មពីអ្នកស្នាក់នៅលើអាគារ តាមតម្លៃសមរម្យមួយ ដែលមានការឯកភាពរវាងអ្នកគ្រប់គ្រង និងអ្នកវិនិយោគ ហើយថវិកានោះ នឹងបែងចែងប្រើប្រាស់លើការថែរទាំ ការជួសជុលអាគារ និងបែងចែកភាគលាភផ្សេងៗទៀត ដល់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យនោះ៕