ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅពេលនិយាយពីកត្តាសេដ្ឋកិច្ច គេតែងទម្លាក់បញ្ហាទៅលើវិបត្តិនៃជំងឺ Covid-19 ប៉ុន្តែនៅត្រឹមអំឡុងពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ សេដ្ឋកិច្ចកម្ពុជា ជាពិសេសទីផ្សារអចលនទ្រព្យ នឹងមានកំណើនឡើងវិញជាមិនខាន។ នេះបើតាមការលើកឡើងរបស់ លោក ឧកញ៉ា នួន អក ដែលជាអ្នកជំនួញក្នុងវិស័យនេះ។
លោកឧកញ៉ា នួន អក ប្រធានគម្រោងអភិវឌ្ឍន៍មណ្ឌលកម្សាន្ត កំពតឋានសួគ៌ បានមានប្រសាសន៍នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ថា “សម្រាប់ប្រទេសកម្ពុជា បើទោះជាសេដ្ឋកិច្ច បានទទួលរងនូវផលប៉ះពាល់ពីវិបត្តិនៃជំងឺ Covid-19 ប៉ុន្តែសម្រាប់ស្ថានភាពនៃទីផ្សារអចលនទ្រព្យហាក់មិនរងភាពអវិជ្ជមានធ្ងន់ធ្ងរពេកនោះទេ” ។
លោកឧកញ៉ាបានបញ្ជាក់ថា “ភាពអវិជ្ជមានទាំងវិស័យសេដ្ឋកិច្ច ក៏ដូចជាទីផ្សារអចលនទ្រព្យ ក៏ព្រោះតែបណ្តាលមកពីភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋ ជាពិសេសបណ្តាអ្នកជំនួញផ្សេង” ។ លោកបន្តថា “ភាពភ័យខ្លាចរបស់ពួកគាត់ បានធ្វើឱ្យចរន្តនៃលំហូរសាច់ប្រាក់ដែលត្រូវចាក់បញ្ចូល ទៅក្នុងសេដ្ឋកិច្ចមានការកាត់បន្ថយ មានន័យថា ពួកគាត់មិនសូវចាយលុយ ហើយក្រោយពេលពួកគាត់មិនចាយលុយ វានឹងប៉ះពាល់ដល់សេដ្ឋកិច្ច” ។
លោកឧកញ៉ាបន្តថា ទីផ្សារអចលនទ្រព្យ ចាប់តាំងពីដើមឆ្នាំ២០២០រហូតមកដល់អំឡុងខែកក្កដា គឺស្ថិតក្នុងសភាពទ្រឹង ដោយសារតែការភ័យខ្លាចនេះឯង ទើបតែកាលពីពេលថ្មីៗនេះតែប៉ុណ្ណោះ បន្ទាប់ពីស្ថានភាពនៃការប្រឈម នៃជំងឺនៅទូទាំងប្រទេសត្រូវបានធូស្បើយ ទើបមនុស្សជាច្រើនចាប់ផ្តើមមានសកម្មភាពចេញក្រៅ ហើយទីផ្សារអចលនទ្រព្យក៏ចាប់ផ្តើមមានសកម្មភាពជាបណ្តើរៗឡើងវិញ” ។
ជាមួយនឹងស្ថានភាពកាន់តែល្អប្រសើរនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលបណ្តាប្រទេសមហាអំណាចធំៗ នៅលើសាកលលោកមួយចំនួនបានអះអាង ពីការរកឃើញថ្នាំបង្ការ លោកឧកញ៉ានួន អក បានធ្វើការព្យាករណ៍ថា នៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០២១ ស្ថានភាពសេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាទីផ្សារអចលនទ្រព្យនឹងកាន់តែមានភាពល្អប្រសើរជាងនេះ។
លោកឧកញ៉ា នួន អក បានបញ្ជាក់ថា “ខ្ញុំគិតថាយ៉ាងយូរនៅត្រឹមពាក់កណ្តាលឆ្នាំ២០២១ វិបត្តិនៃជំងឺនេះ អាចនឹងត្រូវបានដោះស្រាយជាបណ្តើរៗ ព្រោះវ៉ាក់សាំងបង្ការជំងឺត្រូវបានបណ្តាប្រទេសធំៗមួយចំនួន បញ្ជាក់ពីលទ្ធផលនៃការរកឃើញ” ។ លោកបន្តថា “កម្ពុជាបើប្រៀបធៀបទៅនឹងបណ្តាប្រទេសដទៃទៀតដូចជា ប្រទេសម៉ាឡេស៊ី ជាដើម គឺយើងមានស្ថានភាពល្អប្រសើរជាងគេ ក្រោមភាពប៉ិនប្រសព្វក្នុងការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។ ដូច្នេះ បន្ទាប់ពីពិភពលោកមានភាពធូរស្រាលឡើងវិញ កម្ពុជានឹងកាន់តែល្អប្រសើរជាងនេះ ហើយទីផ្សារអចលនទ្រព្យក៏កាន់តែល្អផងដែរ” ៕