ឥណទាន​សម្រាប់​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ត្រូវបាន​កំណត់មិន​លើស៥០០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ

0

ដោយ​វុត្ថា

ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​អះអាងថា កម្ចី​សម្រាប់​គម្រោង​ស្តារ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ហេ​ដ្ឋា​រនា​សម្ព័ន្ធ នៅក្នុង​ប្រទេស​ត្រូវបាន​កំណត់​នៅក្នុង​ចន្លោះ​ពី៤០០ ទៅ៥០០លាន​ដុល្លារ​អាមេរិក​ក្នុងមួយឆ្នាំ។

លោក​វ៉ា​ស៊ីម សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​គេហទំព័រ Propertyarea.asia កាលពី​រសៀល​ថ្ងៃទី១៥ តុលា​កន្លងមក​ថា នៅក្នុង​ឆ្នាំនីមួយៗ ក្រសួង តែងតែមាន​ផែនការ​សម្រាប់​អភិវឌ្ឍន៍​ស្ថាបនា និង​ស្តារ​នូវ​គម្រោង​ប្រព័ន្ធ​ហេ​ដ្ឋា​រនា​សម្ព័ន្ធ​នានា​នៅក្នុង​ប្រទេស ដោយបាន​ដាក់ជូន​រដ្ឋា​ភិ​បាល​សម្រេច ក្នុងការ​ស្នើសុំ​កម្ចី​ពី​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍។

លោក​បន្តថា “ក្នុង​មួយឆ្នាំ យើង​មាន​គម្រោង​អភិវឌ្ឍន៍​ច្រើន ដាក់ជូន​រដ្ឋាភិបាល​ក្នុងការ​ជ្រើសរើស  ដោយ​ក្នុងចំណោម​នោះ រដ្ឋាភិបាល​ពិនិត្យមើល​លើ​គម្រោង​ណាមួយ​ជា​អាទិភាព​ហើយ សម្រាប់​ដាក់​ស្នើសុំ​កម្ចី ពី​ដៃគូ​អភិវឌ្ឍន៍ ដូច​កាលពីពេលថ្មីៗនេះ​មាន​គម្រោង៣ត្រូវបាន​ជ្រើសរើស​នៅក្នុង​ឆ្នាំ ២០២០នេះ  ហើយ​បានដាក់​ស្នើ​កម្ចី​សាងសង់​ពី​ប្រទេស​ចិន” ។

លោក​បន្ថែមថា សម្រាប់​កម្ចី​យកមក​សាងសង់​ហេ​ដ្ឋា​ហេដ្ឋារចនាសម្ព័ន្ធ យើង​អាចមាន​លទ្ធភាព​ស្នើសុំ​កម្ចី​ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា ដូចជា​ប្រទេស​ចិន អ៊ីចឹង​យើង​អាច​ស្នើសុំ​កម្ចី​ពី៤០០ ទៅ៥០០ លាន​ដុល្លារ​អាមេរិក​ក្នុងមួយឆ្នាំ។

លោក​ពន្យល់ថា “ការស្នើសុំ​កម្ចី​យកមក​សាងសង់ ហេដ្ឋារចនាសម្ព័ន្ធ​នេះ  អាស្រ័យ​លើ​សេដ្ឋកិច្ចកម្ពុជា​ផងដែរ ហើយ​ការកសាង​ហេ​ដ្ឋា​រ​ច​ន​សម្ព័ន្ធ​នេះ ផ្តល់នូវ​សារៈសំខាន់​អ្វីខ្លះ​ដល់់​សេដ្ឋកិច្ច​ក្នុងប្រទេស“ ។  លោក​ថ្លែងថា“យើង​ស្នើសុំ​គេ បើ​គិតថា សេដ្ឋកិច្ច​របស់​យើង​មិនល្អ​ក៏​គេ​មិន​ឲ្យ​ដែរ ហើយ​យើង​បើ​គ្មាន​លទ្ធភាព​ក្នុង​ការសង​គេ ក៏​យើង​មិន​ស្នើសុំ​កម្ចី​ពី​គេ​ដែរ” ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សា​ធាណ​ការ និង​ដឹក​ជ​ញ្ជូ​ធ្លាប់បាន​ពន្យល់ថា ប្រទេស​ណាក៏ដោយ​នៅលើ​ពិភពលោក គឺ​ខ្ចី​ថវិកា​មក​កសាង​ប្រទេសជាតិ។ លោក​បន្តថា​ថា កម្ពុជា​ក៏មាន​ថវិកា​នៅក្នុង​ដៃ​ដែរ ក៏ប៉ុន្ដែ​ថវិកា​ទាំងនេះ​ចែក​ទៅ​ក្រសួង​នានា ជាពិសេស​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ត្រូវ​ប្រើប្រាស់​ថវិកា​ច្រើន ទើប​កម្ពុជា​ខ្ចី​ថវិកា​ពី​បរទេស ខណៈ​កម្ពុជា​ខ្ចី​មានការ​ប្រាក់​ទាប។

លោក​ថ្លែងថា “គ្រប់​ប្រទេស​ទាំងអស់ គេ​ខ្ចី​មកពី​ធនាគារពិភពលោក ខ្ចី​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី ខ្ចី​ពី JICA ខ្ចី​ពី​កូរ៉េ ខ្ចី​ពី​ចិន មិត្ត​ណា​ឲ្យ​យើង​ខ្ចី​ថវិកា​ឲ្យ​មានការ​ប្រាក់​ទាប គឺ​ខ្ចី​ដើម្បី​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ” ។

លោក ស៊ុន ចាន់ថុល​បន្តថា កម្ពុជា​នៅមាន​ឱកាស និង​លទ្ធភាព​ជាច្រើន​សម្រាប់​ខ្ចី​ថវិកា​ពី​បរទេស ដើម្បី​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត” ។ លោក​បន្ដថា “យើង​ខ្ចីលុយ​មែន ប៉ុន្ដែ​យើង​ការពារ​គ្រប់គ្រង​ប្រាក់កម្ចី​នេះ​បានល្អ​ណាស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​គ្រប់គ្រង​បានល្អ​ណាស់” ។

លោក​បន្ថែមថា សព្វថ្ងៃនេះ អត្រា​ប្រាក់កម្ចី​លើ​ផលិតផល ក្នុងស្រុក​សរុប​យើង​មានតែ២១ភាគរយ​ទេ បើ​យើង​ចែក​ប្រាក់កម្ចី​ដែល​ខ្ចី​គេ​នេះ មក​ចែក​ផលិតផល​ស្រុក​យើង គឺ២១ភាគរយ ។ លោក​បន្ថែមថា អត្រា​ប្រាក់កម្ចី​លើ​ផលិតផល ក្នុងស្រុក២១ភាគរយ​នេះ គឺ​នៅ​ទាប​ណាស់ ដោយសារតែ​កម្ពុជា​ខ្ចី​ថវិកា​ពី​បរទេស មានការ​ប្រយ័ត្នប្រយែង​យ៉ាងខ្លាំង មិន​ចេះតែ​ខ្ចី​ថវិកា​ពី​បរទេស​ឡើយ។

លោក​បន្ថែម​ទៀ​ថា “ដូច្នេះ​ការខ្ចី​ថវិកា​ពី​បរទេស​មាន​សារៈសំខាន់​ណាស់ “គេ​ឲ្យ​ខ្ចី​ហើយ កុំ​ខ្លាច​ខ្ចី” ប៉ុន្ដែ​ត្រូវ​គ្រប់គ្រង​បំណុល​ឲ្យ​បាន​ត្រឹមត្រូវ។លោក​ថា “ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ និង​បង្កើត​ការងារ​ជូន​ពលរដ្ឋ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here