គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-បាវិត​នឹង​ផ្តល់​ប្រយោជន៍​យ៉ាងច្រើន​ដល់សេដ្ឋកិច្ចកម្ពុជា

0

ដោយៈ​ប៊ី

ភ្នំពេញៈ គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-បាវិត នឹងចូលរួម​ចំណែក​ព​ង្រឹ​ង​សមត្ថភាព​បណ្តាញ​ផ្លូវ​នៅ​កម្ពុជា ខណៈ​ផ្លូវ​ល្បឿន​លឿន​នេះ នឹង​អាច​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​ល្អ​ជាង​ផ្លូវ​ធម្មតា និង​ត្រូវបាន​គេ​ចាត់ទុកជា​មូលដ្ឋាន សម្រាប់​វិស័យ​ឧស្សាហកម្មទំនើបៗ និង​សកម្មភាព​ដឹកជញ្ជូន​ធន់​ធ្ងន់។

យោងតាម​ការសិក្សា​រប​ស់ អង្គការ JICA នា​កន្លងមកនេះ​បានឱ្យដឹងថា ការសាងសង់​បណ្តាញ​ផ្លូវ​ល្បឿន​លឿន (Expressway) ជា​កត្តា​ដ៏​ធំជាងគេ​សម្រាប់​ពង្រឹងសមត្ថភាព​បណ្តាញ​ផ្លូវ​នៅ​កម្ពុជា​ព្រោះ ផ្លូវ​ល្បឿន​លឿន អាច​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​ល្អ​ជាង​ផ្លូវ​ធម្មតា និង​ត្រូវបាន​គេ​ចាត់ទុកជា​មូលដ្ឋាន សម្រាប់​វិស័យ​ឧស្សាហកម្មទំនើបៗ និង​សកម្មភាព​ដឹកជញ្ជូន​ធន់​ធ្ងន់​ផងដែរ។

ផ្លូវ​ល្បឿន​លឿន គឺជា​ផ្លូវ​សម្រាប់​យានយន្ត​ធ្វើ​ចរាចរណ៍ មាន​បរិក្ខារ​បែងចែក​ទ្រូងផ្លូវ​ជា​ពីរ​ចំណែក​ខុស​ទិស​គ្នា​ឬ​ចែកជា​គន្លង​ផ្លូវ គ្មាន​កន្លែង​ផ្លូវ​ប្រសព្វ​លើ​ផ្ទៃរាប​មួយ ឬ​ត្រូវមាន​ផ្លូវ​ប្រសព្វ​តិច​បំផុត​ក្នុងករណី ចាំបាច់ និង​បំពាក់​គ្រប់គ្រាន់​នូវ​បរិក្ខារ​ផ្លូវថ្នល់ ដើម្បី​ធានា​លំហូរ​ចរាចរណ៍ សុវត្ថិភាព និង​ដើម្បី​បន្ថយ​ពេលវេលា​ធ្វើដំណើរ និង​មាន​កន្លែង​កំណត់​សម្រាប់​ឲ្យ​យានយន្ត​ចេញ​និង​ចូល​ផ្លូវ​ល្បឿន​លឿន។

កាលពី​ខែកញ្ញា ឆ្នាំ២០២០ ក្រសួង​សាធារណការ បានចេញ​ប្រកាស​ព័ត៌មាន​ថា ក្រុមហ៊ុន China Railway International Group Co., Ltd បង្ហាញ​របាយការណ៍​ស្តីពី​លទ្ធផល នៃ​ការសិក្សា​បច្ចេកទេស នៃ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត។

លោក​សូរ វិចទ័រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​នៅ​ទីស្ដីការក្រសួង ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​របាយកាណ៍​ស្តីពី លទ្ធផល​នៃ​ការសិក្សា​បច្ចេកទេស នៃ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត ដែល​លើកឡើង​ដោយ​ក្រុមហ៊ុន China Railway International Group Co., Ltd ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ។

កិច្ចប្រជុំ​ថ្នាក់​បច្ចេកទេស​នេះ​រៀបចំឡើង ក្នុង​គោលបំណង​ស្ដាប់​ការធ្វើ​បទ​បង្ហាញ​របស់​ក្រុមហ៊ុន China Railway International Group Co., Ltd អំពី​របាយការណ៍​ស្តីពី​លទ្ធផល​សិក្សា​ផ្នែក​បច្ចេកទេស​លើ គម្រោង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​បាវិត ក៏ដូចជា​វេទិកា​សួរដេញដោល ផ្ដល់​មតិយោបល់ សំណូមពរ និង​ដំណោះស្រាយ​ពី​ភាគី​ពាក់ព័ន្ធ សំដៅ​ឱ្យ​របាយការណ៍​នេះ មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ផងដែរ។

យោងតាម​របាយការណ៍​សិក្សា​របស់​ក្រុមហ៊ុន​បាន​បង្ហាញថា “គម្រោង​សាងសង់​ផ្លូវ​នេះ​មាន​បី​ជម្រើស ផ្អែក​តាម​ទីតាំង​ភូមិសាស្ត្រ​និង​ផលប៉ះពាល់ ជា​ផ្លូវ​រចនា​ឡើង​សម្រាប់​ល្បឿន​លឿន​បំផុត​ត្រឹម១២០គីឡូ ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ស្រប តាម​អនុស្សរណៈ​យោគយល់​រវាង​កម្ពុជា និង​វៀតណាម” ។

លោក​រដ្ឋលេខាធិការ​បា​ន​ឱ្យដឹងថា “ក្រសួង​ក៏ដូចជា​រាជរដ្ឋាភិបាល ត្រូវការ​សិក្សា​ពិនិត្យ​ឱ្យបាន​គ្រប់ ជ្រុងជ្រោយ​លើ​ជម្រើស​ផ្លូវ​ទាំងបី​នេះ មុននឹង​ធ្វើការ​សម្រេច​ថា​តើ​ត្រូវ​ជ្រើស​រើសយក​ជម្រើស​ផ្លូវ​មួយណា ជាពិសេស​ក្រសួង​រង់ចាំ​លទ្ធផល​របាយការណ៍​សិក្សា​ផ្នែក​ហិរញ្ញវត្ថុ ពី​ក្រុមហ៊ុន​នៅ​ពាក់កណ្ដាល​ខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដើម្បី​យក​ជា​មូលដ្ឋាន​ក្នុងការ​សម្រេចចិត្ត” ។

លោក​បាន​បន្តថា “ការជ្រើសរើស​យក​ជម្រើស​ណាមួយ​នោះ​ត្រូវផ្ដោត ជាសំខាន់​លើ​ក្របខណ្ឌ នៃ​ផលប៉ះពាល់​សង្គម សេដ្ឋកិច្ច និង​ថវិកា​សម្រាប់​សាងសង់” ។

លោក​រដ្ឋលេខាធិការ​បា​ន​ស្នើឱ្យ​ភាគី និង​ស្ថាប័ន​ពាក់ព័ន្ធ បន្ត​ចូលរួម​កិច្ចប្រជុំ​ប្រចាំខែ​លើ​ការពិនិត្យ វឌ្ឍនភាព​គម្រោង​នេះ ដើម្បី​ផ្ដល់​កិច្ចសហការ និង​ជួយ​ដោះស្រាយ​នូវ​បញ្ហា​មួយចំនួន ដែល​ក្រុមហ៊ុន​មិនអាច​ដោះស្រាយបាន សំដៅ​ឱ្យ​គម្រោង​នេះ មានដំណើរ​ការ​រលូន។

រហូតមកដល់​ពេលនេះ ការសិក្សា​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ ទៅ​បាវិត ព្រំដែន​កម្ពុជា-វៀតណាម បាន​សិក្សា​រួចរាល់​ចប់សព្វគ្រប់​អស់ហើយ ដែល​ត្រូវ​ចំណាយ​ថវិកា​ធ្វើ​អស់​ប្រមាណ៣,៨០០លាន​ដុល្លារ សម្រាប់​សាងសង់។

រាជរដ្ឋាភិបាល​បានអនុញ្ញាត ឱ្យ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្ដរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) ធ្វើការ​សិក្សា​ផ្លូវ​ល្បឿន​លឿន ពី​រាជធានី​ភ្នំពេញ​ទៅ​បាវិត ដែលមាន​ចម្ងាយ​ផ្លូវ​ប្រវែង១៦០គីឡូម៉ែត្រ ដើម្បី​ធ្វើការ​សាងសង់​ផ្លូវ​នេះ។ បន្ទាប់ពី​ធ្វើការ​សិក្សា​រួច ផ្លូវ​នេះ​នឹងត្រូវ​ចំណាយ​ថវិកា​ប្រមាណ៣,៨០០លាន​ដុល្លារ ដែល​ការចំណាយ​យ៉ាងច្រើន​បែបនេះ ដោយសារតែ​ផ្លូវ​ដែល​ត្រូវ​សាងសង់ គឺមាន​លិច​ទឹក​ហើយ​កាត់​តាម​បឹង ឬ​តំបន់​លិច​ទឹក​ច្រើន ដែលមាន​ប្រវែង​រហូតដល់៨០គីឡូម៉ែត្រ បានធ្វើឱ្យ​តម្លៃ​ក្នុងការ​ចំណាយ​សាងសង់​ច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here