ដោយវុត្ថា
ភ្នំពេញៈ នៅក្នុងវិបត្តិសេដ្ឋកិច្ចសកល បាននឹងកំពុងធ្វើឱ្យអាជីវកម្មនានាទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំង តែបើម្ចាស់អាជីវកម្ម ឬ ម្ចាស់ក្រុមហ៊ុននានាខិតខំប្រឹងប្រែងទប់ និងមិនអោយដួល ឬថយក្រោយ គឺជារឿងមួយដ៏ជោគជ័យបំផុតនៅក្នុងអំឡុងពេលនេះ ។
តើត្រូវដោះស្រាយយ៉ាងដូចម្តេច ដើម្បីកុំឱ្យក្រុមហ៊ុនដួលក្នុងពេលអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចសកលនេះ? លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia នៅក្នុងកិច្ចសម្ភាសជាមួយគេហទំព័រ propertyarea.asia កាលពីពេលថ្មីៗនេះបានពន្យល់ថា ម្ចាស់អាជីកវកម្ម ឬម្ចាស់ក្រុមហ៊ុនត្រូវតែធ្វើតាមដំណើរ ដោយលោកឧកញ៉ា លើកឡើងថាបណ្តោយទូកតាមទឹក ហើយនិងខ្យល់ ។
លោកពន្យល់ទៀតថា “បើទឹកហូរទៅណា ឬខ្យល់បកទៅណា ឱ្យទូកទៅតាមហ្នឹងទៅ ដោយកុំប្រើសាំង ឬកំលាំង ដែលមានន័យថា ត្រូវចំណាយតិចបំផុតដែលអាចធ្វើទៅបាន” ។ លោកបន្តថា “ដែលនៅក្នុងនេះ លោកបណ្ឌិតបញ្ជាក់ថា ម្ចាស់អាជីវកកម្ម ឬម្ចាស់ក្រុមហ៊ុនត្រូវចំណាយឱ្យតិចជាងមុន ប៉ុន្តែត្រូវធ្វើការឱ្យច្រើន ដែលកាលពីមុនយើងធ្វើ ៨ម៉ោង ប៉ុន្តែបច្ចុប្បន្ន យើងធ្វើការ១២ ម៉ោង” ។
លោកពន្យល់ទៀតថា “យើងត្រូវបង្កើនប្រសិទ្ធិភាពការងារ ប៉ុន្តែត្រូវបន្ថយការចំណាយ បើសិនជាចង់ឱ្យអាជីវកម្ម ឬក្រុមហ៊ុនរបស់ខ្លួននៅមានដំណើរដំណើរ។ បើមិនដូច្នោះទេ អាជីវកម្មរបស់យើង នឹងត្រូវបិតទ្វារ ឬមានការខាតបង់ច្រើន។ ខ្ញុំមើលឃើញថា នៅក្នុងឆ្នាំ ២០២០នេះ ទាំងគេទាំងខ្ញុំមានការខាតបង់ច្រើន ដោយគ្មានបានផលចំណេញនោះទេ ដោយគ្មានភ្ញៀវបរទេស” ។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបន្ថែមថាអ៊ីចឹង យុទ្ធសាស្ត្រដែលល្អបំផុត សម្រាប់ម្ចាស់អាជីវកម្ម ឬម្ចាស់ក្រុមហ៊ុននៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ ១៩នេះ គឺយើងត្រូវ កាត់បន្ថយរាល់ការចំណាយអ្វីដែលអាចធ្វើបាន បើមិនដូច្នេះ ទេបើយើងខំចំណាយមិនជាការល្អនោះទេ នៅក្នុងពេលនេះ៕