ដោយប៊ី
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិបាន និងកំពុងមើលឃើញឳកាសរីកចម្រើននៃខ័ណ្ឌសែនសុខ ដែលតំបន់នេះនឹងមានភាពរីកចម្រើនលើផ្នែកពាណិជ្ជកម្ម ជា ពិសេសអាគារការិយាល័យ។
ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Coldwell Banker Cambodia លោក Crispian Knowles បានមានប្រសាសន៍ឲ្យដឹងក្នុងកិច្ចសម្ភាសន៍ពិសេសមួយនៅការិយាល័យរបស់លោកកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០កន្លងមកថា យើងគិតថា ខណ្ឌសែនសុខ នឹងមានកម្លាំងខ្លាំងក្នុងការរីកច្រើន ដោយវិស័យពាណិជ្ជកម្ម និងលក់រាយកាន់តែរីកចម្រើននាពេលអនាគត។
លោកបានថ្លែងទៀតថា “ខ្ញុំគិតថាខណ្ឌសែនសុខ ចាប់ផ្តើមមានការផ្លាស់ប្តូរពីការិយាល័យកម្រិតC ដែលមានតម្លៃទាប ទៅរកការិយាល័យកម្រិតA និងB” ។
មនុស្សគ្រប់គ្នាត្រូវសម្របខ្លួន ទៅរកការផ្លាស់ប្តូរ មិនត្រឹមតែបុគ្គល និងសហគ្រាសធុនតូច និងមធ្យមប៉ុណ្ណោះទេ សូម្បីតែម្ចាស់សហគ្រាសពួកគេចាំបាច់ ត្រូវឆ្ពោះទៅមុខជាមួយអនាគត នៃជួលការិយាល័យជួលស្តង់ដារ ហើយនិន្នាការនៃអចលនទ្រព្យពាណិជ្ជកម្មកំពុងកើនឡើង ដែលជំរុញដោយតម្រូវការ និងការពេញចិត្តរបស់អតិថិជន។
លោក Crispian បានឱ្យដឹងថា “មានឱកាសល្អៗជាច្រើន ដើម្បីផ្លាស់ប្តូរពីផ្នត់គំនិតចាស់នៃការមានជំនួញបែបប្រពៃណី ដូចដែលខ្ញុំបានលើកឡើងពីមុន ការផ្លាស់ប្តូរពីការិយាល័យនៅវីឡា និងផ្ទះ Shophouse ដែលជាលក្ខណៈបែបប្រពៃណី នឹងឆ្ពោះទៅរកការិយាល័យស្តង់ដារ ដែលនឹងត្រូវបានសាងសង់ដើម្បីបំពេញតម្រូវការទាំងនោះ” ។
លោកបានថ្លែងទៀតថា មានកត្តាដែលមានសារៈសំខាន់ ក្នុងការផ្លាស់ប្តូរពួកគេដូចជា ទី១ មានកន្លែងស្តង់ដារ ដើម្បីប្រជុំជាមួយអតិថិជនរបស់អ្នកអ្នក ជំនួសឱ្យការិយាល័យប្រពៃណី ដែលមានការរំខានជាច្រើន ដូចជាសម្លេងរំខាននៅតាមផ្លូវ និងសម្លេងរំខានពីជិតខាងជាដើម។
លោកបានបន្តថា “ដូច្នេះការមានកន្លែងការិយាល័យ នៅអាគារការិយាល័យស្តង់ដារ នឹងលុបបំបាត់រាល់ការរំខានទាំងនោះ ធ្វើឱ្យអតិថិជនរបស់អ្នកមានអារម្មណ៍ ងាយស្រួល និងមានឆន្ទៈក្នុងការធ្វើជំនួញជាមួយអ្នក។លោកបន្ថថែមថា ខ្ញុំគិតថាឱកាសផ្សេងទៀត ក្នុងការផ្លាស់ប្តូរទីតាំងការិយាល័យជួយគឺជាឱកាសក្នុងការបង្កើតបណ្តាញ នៅពេលអ្នកជួលអគារការិយាល័យ” ។
អ្នកមិនមែនជាអ្នកជួលតែមួយទេ ប៉ុន្តែថែមទាំងមានអ្នកជួលបែបស្តង់ដារ ជាច្រើននៅក្នុងអគារ ដូច្នេះឱកាសល្អ ក្នុងការភ្ជាប់បណ្តាញជាមួយអ្នកដទៃទៀត។ ក្រុមហ៊ុនអាជីវកម្មផ្សេងទៀត នឹងបង្កើនការរីកលួតលាស់ដល់អាជីវកម្មរបស់អ្នក។
ក្រុមហ៊ុន Coldwell Banker Cambodia គឺជាក្រុមហ៊ុនអចលនទ្រព្យដែលធំជាងគេ និងចំណាស់ជាងគេបំផុតនៅលើពិភពលោក ដែលត្រូវបានបង្កើតឡើងកាលពី១១៤ឆ្នាំមុន។ ក្រុមហ៊ុននេះ មានទីតាំងនៅតាមបណ្តាប្រទេសចំនួន៤៩ ទូទាំងពិភពលោក ដែលយើងមានការិយាល័យជាង៣.០០០ ការិយាល័យ និងភ្នាក់ងារលក់ចំនួន៩០,០០០នាក់ គឺជាក្រុមហ៊ុនដែលធំជាងគេ៕