អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ចាប់ផ្តើម​បង្ហាញ​សកម្មភាព​ឡើងវិញ​នៅក្នុង​ត្រីមាស​ទី៤

0

ដោយ​វុត្ថា

ភ្នំពេញៈ វិស័យ​អចលនទ្រព្យ​កម្ពុជា ក៏ដូចជា​វិស័យផ្សេងៗទៀត បានទទួល​រង​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពី​ការផ្ទុះ​ឡើង​នូវ​វិបត្តិ​សេដ្ឋកិច្ច​សកល  ប៉ុន្តែ​ចាប់តាំងពី​ចុង​មាស​ទី៣ និង​ដើម​ត្រីមាស​ទី៤នៃ​ឆ្នាំនេះ ត្រូវបាន​អ្នកជំនាញ​មើលឃើញថា​អ្នក​អភិវឌ្ឍន៍​លើ​វិស័យ​អចលនទ្រព្យ បាននិងកំពុង​ចាប់​ផ្តើមធ្វើ​សកម្មភាព​បណ្តើរ​ឡើងវិញ។

លោកស្រី ចេ​វ សុ​ឃុន ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា នៅក្នុង​កិច្ច​សម្ភាស​ជាមួយ គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះ​ឱ្យដឹងថា   នៅ​ចុង​ត្រីមាស​ទី៣ និង​នៅ​ត្រីមាស​ទី៤នៃ​ឆ្នាំ២០២០នេះ ទាំង​សកម្មភាព​ទិញ-លក់ និង ការអភិវឌ្ឍន៍​ពី​វិនិយោគិន លើ​វិស័យ​អចល​ទ្រព្យ​បានចាប់ផ្តើម​មាន​សន្ទុះ​ឡើងវិញ គួរឱ្យកត់សម្គាល់។

លោកស្រី​បន្តថា “ខ្ញុំ​អាច​និយាយបានថា នៅក្នុង​ឆ្នាំ​ក្រោយនេះ នឹងមាន​សញ្ញា​វិជ្ជមាន នៅក្នុង​វិស័យ​របស់​យើង​អាច​នឹង​ល្អ​ឡើងវិញ ព្រោះថា​អ្នក​អភិវឌ្ឍន៍​មួយចំនួន​បានចាប់ផ្តើម​អភិវឌ្ឍន៍បណ្តើរៗ នៅក្នុង​ចុង​ត្រីមាស​ទី៣ និង​ដើម​ត្រីមាស​ទី៤នេះ ដោយ​មិន​រងចាំ​នោះទេ បើទោះបី​មាន​បញ្ហា​ប្រឈម​យ៉ាងណាក៏ដោយ” ។

លោកស្រី​បន្ថែមទៀតថា អ៊ីចឹង យើង​ឃើញ​សញ្ញា​វិជ្ជមាន​សម្រាប់​ឆ្នាំ២០២១ វិស័យ​យើង​នឹង​ល្អប្រសើរ​ជាង​ឆ្នាំ២០២០នេះ ជាពិសេស​វា​នឹង​អាចមាន​ការរីកចំរើន ដោយសារ​អ្នក​អភិវឌ្ឍន៍​មានការ​ទិញ​ដី​ទុក ហើយ​នៅពេលដែល​វិបត្តិ មានការ​ធូ​ស្បើយ​ខ្លាំង​ហើយ​ពួកគាត់​នឹង​ចាប់ផ្តើម​អភិវឌ្ឍន៍​នៅក្នុង​ឆ្នាំ​ក្រោយនេះ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បានឱ្យដឹង​ដែរ​ថា “សម្រាប់​ការយល់ឃើញ​របស់ខ្ញុំ នៅក្នុង​ឆ្នាំ២០២១ វា​ហាក់ដូច​ជាមាន​ភាពស្រពេចស្រពិល​នៅឡើយ សម្រាប់ធ្វើ​ការព្យាករណ៍ ដោយសារតែ​វ៉ាក់សាំង​មិនទាន់​ប្រាកដប្រជា” ។

លោក​បន្តថា ទោះជា​យ៉ាងណាក៏ដោយ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​បន្ត​មាន​សកម្មភាព ជាពិសេស​អតិថិជន​ក្នុងស្រុក​នៅតែ​បន្ត​ទិញ-លក់ ប៉ុន្តែ​អាច​នឹងមិន​កម្រើក​ច្រើន​នោះទេ។

ប្រធាន​សមាគម​រូបនេះ​បានបញ្ជាក់​ទៀតថា “ធនាគារ​មួយចំនួន​នៅតែ​បន្ត​គាំទ្រ​ផ្តល់​កម្ចី​ដល់​វិស័យ​អចលនទ្រព្យ ដែល​វា​ជា​រឿង​ល្អ និង​អនុញ្ញាតឱ្យ​វិស័យនេះ​នៅតែមាន​ដង្ហើម បើទោះជា​កម្ពុជា​ជួប​ឧបសគ្គ​យ៉ាងណាក៏ដោយ។ ដើម្បីឱ្យ​កិច្ចការងារ​លើ​វិស័យ​អចលនទ្រព្យ​ដំណើរការ តាមរយៈ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល វិស័យ​ធនាគារ និង​តម្រូវការ​ក្នុងស្រុក គឺជា​កត្តា​សំខាន់​ជួយ​ជម្រុញ ឱ្យ​វិស័យ​អចលនទ្រព្យ​រីកចម្រើន​នាពេល​អនាគត” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here