អ្នកជំនាញ​អះអាងថា ទីផ្សារ​ខុន​ដូ​នៅ​ចុងឆ្នាំ២០២០ផ្តល់​ផលចំណេញ​យ៉ាងច្រើនដល់​អតិថិជន​ស្រុក

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជាមួយ​សកម្មភាព​អភិវឌ្ឍន៍ និង​សាងសង់​សំណង់​អាគារ​ខុន​ដូខ្ពស់ៗ ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​ទីផ្សារ​រួម​នៅពេល​បច្ចុប្បន្ន អ្នកជំនាញ និង​ជា​ប្រតិបត្តិ​ក​នៅក្នុង​វិស័យ​មួយ​នេះ​បាន​អះអាងថា ទីផ្សារ​ខុន​ដូ​នៅត្រឹម​ចុងឆ្នាំ២០២០នេះ បានផ្តល់​ផលចំណេញ​យ៉ាងច្រើន​ទៅដល់​អតិថិជន ខណៈដែល​ពេលដែល​ជនបរទេស ដែលជា​អតិថិជន​គោលដៅ​នៅ​មិនទាន់​វិលត្រឡប់​មកកាន់​កម្ពុជា។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​អចលនទ្រព្យ Homes Global Realty លោក សុ​ត វិ​រៈ​បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ជាពិសេស​ផ្នែក​សំណង់​ខុន​ដូ មិនមាន​ការធ្លាក់ចុះ​ខ្លាំង​នោះទេ បើ​ធៀប​ទៅនឹង​វិស័យ​ដទៃទៀត ដែល​ទទួលរង​នូវ​ផលប៉ះពាល់​ពី​វិបត្តិ នៃ​ជំងឺ​រាលដាល​ជាស​កល ក៏ដូចជា​គ្រោះ​ជំនន់​ដែល​កំពុង​បន្ត​កើតមាន។

លោក​បញ្ជាក់ថា “ទីផ្សារ​ខុន​នៅ​កម្ពុជា ហាក់​មិន​ទទួលរង​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ ជាពិសេស​ក្រោយ​ពេលដែល​អ្នក​អភិវឌ្ឍន៍ គម្រោង​បាន​ងាក​មក​ប្រើ​យុទ្ធសាស្ត្រ​នៃ​ការផ្លាស់ប្ដូរ​ទីផ្សារ​គោលដៅ​ពី​អតិថិជន ដែលជា​ជនជាតិ​បរទេស មក​ចាប់យក​អតិថិជន​ដែលជា​ជនជាតិខ្មែរ​រស់នៅក្នុង​ស្រុក” ។ លោក​បន្តថា “ជាមួយនឹង​ការផ្តល់​នូវ​កម្មវិធី​លើកទឹកចិត្ត​ដល់​អតិថិជន ដើម្បី​ជម្រុញ​ដល់​ការលក់​នូវ​ប្រភេទ​ខុន​ដូ​កម្រិត​មធ្យម ដែលមាន​តម្លៃ​ចាប់ពី​ជាង៥-៦ម៉ឺន​ដុល្លារ​ឡើងទៅ​ក្នុង​មួយ​យូ​នី​ត យើង​ឃើញ​សកម្មភាព​ទិញ​លក់​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​មានការ​កើនឡើង” ។

លោក​បាន​បន្តថា បច្ចុប្បន្ន​យើង​ឃើញ​មាន​គម្រោង​ជាច្រើន​បាន និង​កំពុង​បន្ត​ការសាងសង់​យ៉ាង​មមាញឹក ដើម្បី​បញ្ចប់​តាម​គម្រោង និង​ដាក់បញ្ចូល​ទៅក្នុង​ទីផ្សារ​រួម ស្រប​ពេលដែល​ប្រជាជន​ខ្មែរ​មួយចំនួនធំ បានចាប់ផ្តើម​ស្វែងយល់​ពី​អត្ថប្រយោជន៍ ភាពងាយស្រួល​នៃ​ការរស់នៅ ក្នុង​លំនៅដ្ឋាន​សហកម្មសិទ្ធិ​នៅក្នុង​ក្រុង និង​ការរស់នៅ​លំនៅដ្ឋាន​ដាច់ដោយឡែក​ផ្ទាល់​ដី​នៅតាម​តំបន់​ជាយក្រុង។

លោក​ថា “ការរស់នៅ​ក្នុង​លំនៅដ្ឋាន​សហកម្មសិទ្ធិ ពិត​ជាមាន​អត្ថប្រយោជន៍ និង​ភាពងាយស្រួល​ច្រើន ជាពិសេស​សម្រាប់​ប្រជាជន​ក្នុងប្រទេស​ដែល​កំពុងអភិវឌ្ឍន៍” ។

នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បាន​មានប្រសាសន៍ថា “តម្លៃ​ខុន​ដូ​ដែល​ត្រូវបាន​ដាក់លក់ នៅលើ​ទីផ្សារ​នាពេល​បច្ចុប្បន្ន បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ២០១៩ គឺមាន​ភាពខុស​គ្នាច្រើន មានន័យថា តម្លៃ​ពេលនេះ​ថោក​ជាង​មុន​ច្រើន ដោយសារតែ​ភាព​អវត្តមាន​នៃ​ទីផ្សារ​គោលដៅ ដែលជា​ជនជាតិ​បរទេស” ។

លោកស្រី​បញ្ជាក់ថា នៅ​ឆ្នាំ​បន្ទាប់​ឬ​ឆ្នាំ២០២១ខាងមុខនេះ ក្រោយ​ពេលដែល​ស្ថានភាព​នៃ​ការ​រាលដាល​ជំងឺ​កូ​វីដ ត្រូវបាន​គ្រប់គ្រង និង​មាន​ថ្នាំ​បង្ការ​ជា​ផ្លូវការ ដែល​អាច​អនុញ្ញាត ឱ្យមាន​ការធ្វើដំណើ​រឆ្ល​ង​ប្រទេស ឆ្លង​តំបន់ ដើម្បី​ប្រតិបត្តិការ​ទៅ​ការធ្វើ​ជំនួញ និង​វិនិយោគ​យ៉ាង​ទូលំទូលាយ​ឡើងវិញ នោះ​តម្លៃ​ខុន​ដូ ក៏ដូចជា​ផ្នែក​ផ្សេងទៀត​នៃ​វិស័យ​អចលនទ្រព្យ នឹង​កើនឡើង​ជាង​ពេលបច្ចុប្បន្ន។

លោកស្រី​បន្តថា “ដូច្នេះ​សម្រាប់​អ្នក​ដែលមាន​ធនធាន និង​ចង់​វិនិយោគ​អចលនទ្រព្យ​នៅក្នុង​ដំណាក់កាល​នេះ នឹង​អាច​ទទួលបាន​ផលចំណេញ​ច្រើន” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here