ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បន្ថែមពីលើវត្តមានសំណង់អាគារនានាដែលមានស្រាប់ ដូចជាសណ្ឋាគារ ខុនដូ អាផាតមិន អាគារការិយាល័យ និងសំណង់អាគាពាណិជ្ជកម្ម នៅឆ្នាំបន្ទាប់នេះ វត្តមានអាគារពាណិជ្ជកម្មថ្មីៗជាច្រើនទៀតនឹងរំលេចខ្លួននៅក្នុងតំបន់បឹងកេងកង បន្ថែមទៀតខណៈដែលបច្ចុប្បន្ន ទីតាំងនៃគម្រិងសាងសង់ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍ទិញទុករួចរាល់។
នៅក្នុងចំណោមសំណង់អាគារខ្ពស់ៗជិត ១៥០០ ដែលកំពុងមានរូបរាងនៅក្នុងរាជធានីភ្នំពេញ តំបន់បឹងកេងត្រូវបានគេមើលឃើញថា មានអាគារទំនើប និងខ្ពស់ៗជាច្រើន រហូតត្រូវបានគេចាត់ទុកថា បឹងកេងកងជាតំបន់ពាណិជ្ជកម្មកម្រិតខ្ពស់ប្រចាំនៅរាជធានីភ្នំពេញ ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Homes Global Realty លោក សុត វីរៈ បានមានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា “យើងទទួលស្គាល់ថា បឹងកេងកងដែលទើបតែបង្កើតជាខណ្ឌថ្មីកាលពីពេលកន្លងទៅនេះ ត្រូវបានបំពេញទៅដោយវត្តមាននៃសំណង់អគារធំៗ និងខ្ពស់ជាច្រើន ដើម្បីបម្រើប្រយោជន៍ក្នុងនាមជាអគារពាណិជ្ជកម្ម អគារស្នាក់នៅសហកម្មសិទ្ធិ ឬហៅថា ខុនដូ អាគារអាផាត អាគារការិយាល័យ និងសណ្ឋាគារជាដើម”។
លោកបានបន្តថា “យើងមើលទៅឃើញថា បច្ចុប្បន្ននេះសម្រាប់ដីទំនេរនៅក្នុងតំបន់បឹងកេងកងហាក់មិនមាននៅទំនេរនោះទេ ជាពិសេសនៅក្នុងបឹងកេងកងមួយ ដែលសូម្បីតែដីដែលឃើញមានព័ន្ធរបងក៏ភាគជាច្រើនជាគម្រោងដែលនឹងសាងសង់ជាសំណង់ធំៗ និងខ្ពស់ៗដែរ ជាពិសេសគម្រោងខុនដុ និងគម្រោងអគារបម្រើដល់ការិយាល័យ ដែលកំពុងមានតម្រូវការ។ ពេលនេះដោយសារតែស្ថិតនៅក្នុងភាពប្រឈមនឹងជំងឺរាតត្បាត ទើបក្រុមហ៊ុនបរទេសជាច្រើនមិនបានចូលមកកាន់កម្ពុជាដើម្បីធ្វើជំនួញ ប្រសិនបើបញ្ហាទាំងនេះត្រូវបានបញ្ចប់ អ្នកជំនួញអន្តរជាតិត្រឡប់មកវិញដើម្បីបន្តការសាងសង់ ហើយតម្រូវការជួលអាគារគឺនឹងកម្រើកឡើងវិញ ហើយបើសម្រាប់ការទិញសំណង់ខុនដូ អាចនឹងទិញមិនទាន់ជនបរទេសក៏ថាបានដែរ ព្រោះពួកគាបានយល់ច្បាស់ពីខុនដូ”។
លោក សុត វីរៈ បានមានប្រសាសន៍ទៀតថា “នៅប្រទេសគេទម្រាំអាចទិញលំនៅដ្ឋានធ្វើជាកម្មសិទ្ធិគឺត្រូវប្រើពេលវេលាច្រើន ឬពិបាកក្នុងការកំណត់ទីតាំងតាមការចង់បាន ប៉ុន្តែសម្រាប់កម្ពុជា ជនបរទេសអាចមានសិទ្ធិក្លាយជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យបានចាប់ពីជាន់ទី១ឡើងទៅ ដូច្នេះ ពួកគេអាចមានឱកាសក្លាយជាម្ចាស់ផ្ទះពេញសិទ្ធិ ហើយអាចដាក់ជួលដើម្បីទទួលបានចំណូលជាប្រចាំខែ ឬប្រចាំឆ្នាំត្រឡប់មកវិញបាន”៕