ដោយៈប្រុសណេត
ភ្នំពេញៈ កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមក ដែល រក្សាបាននូវអត្រាកំនើនក្នុងរង្វង់៧ភាគរយ ធ្វើឱ្យពលរដ្ឋមានជីវភាពកាន់តែប្រសើរជាមុន និងបានជំរុញឱ្យតម្រូវការនៃភាពស៊ីវិលស័យក្នុងប្រទេសក៏កាន់តែកើនជាងមុនដែរ។
ជាក់ស្ដែង តម្រូវការលំនៅឋានលំហែកាយ នៅតំបន់ទេសចរណ៍ក៏ឃើញ មានកំណើនជាងមុន និងកំពុងមានការអភិវឌ្ឍ ដើម្បីផ្គត់ផ្គង់ទៅតាមតម្រូវការ បើទោះបីជាបច្ចុប្បន្ននេះកម្ពុជាកំពុងជួបនឹងវិបត្តិនៃកូវីដ១៩ក្ដី។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍កាលពីថ្មីៗនេះថា ដោយសារតែកំណើនសេដ្ឋកិច្ចកម្ពុជា មានសន្ទុះក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ រយៈពេលប៉ុន្មានចុងក្រោយនេះ ធ្វើឱ្យកម្រិតជីវភាពពលរដ្ឋកម្ពុជាបានប្រសើរឡើងមួយកម្រិតទៀត និងធ្វើឱ្យភាពស៊ីវិល័យរបស់ប្រជាជនកម្ពុជា ចាប់ផ្ដើមមានតម្រូវការ។
លោកបន្តថា “ដំបូងឡើយពលរដ្ឋត្រូវមានផ្ទះធម្មតា ស្នាក់នៅអចិន្ត្រៃយ៍ បន្ទាប់មកពួកគាត់ក៏ស្វែងរកផ្ទះទី២ ផ្ទះសម្រាប់ស្នាក់លំហែពេលទំនេរ” ។ លោកបន្តថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ គឺជាស្ថានភាពដែលកម្ពុជាចាប់ផ្ដើម មានតម្រូវការលំនៅឋានលំហែកាយចុងសប្ដាហ៍ ក៏ប៉ុន្តទន្ទឹមនឹងនោះ ការវិនិយោគលើលំនៅឋានលំហែកាយក៏ត្រូវជ្រើសរើសរកទីតាំងសម្រាប់អភិវឌ្ឍន៍ផងដែរ” ។
លោកច្រឹក សុខនីមបានបន្តថា ទីតាំងសមស្របសម្រាប់អភិវឌ្ឍន៍លំនៅឋានលំហែកាយគឺជាកន្លែង ដែលមានសក្ដានុពលក្នុងវិស័យទេសចរណ៍ ហើយស្ថិតនៅតំបន់ធម្មជាតិ ជាក់ស្ដែងក្នុងនោះកំពត ដែលជាខេត្តមួយសមស្របបំផុត សម្រាប់ការអភិវឌ្ឍជាលំនៅឋានលំហែកាយទាំងបច្ចុប្បន្ននិងនៅពេលអនាគត។
ជាមួយគ្នានេះ លោក Seraj Sutton តំណាងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានលំហែកាយមួយនៅខេត្តកំពតបាននិយាយថា ក្រុមហ៊ុនរបស់លោកបានអភិវឌ្ឍន៍លំនៅឋានលំហែកាយលើគម្រោងទី១ ដែលមានទីតាំងនៅខេត្តកំពត ទទួលបានជោគជ័យ និងលក់អស់រួចហើយ ហើយពេលនេះ ក៏ឈានដល់ការបើកលក់គម្រោងទី២ បន្តបន្ទាប់ទៀត។
លោកបន្តថា តាមរយៈការលក់គម្រោងទី១អស់ក្នុងពេលខ្លីនេះ បានបង្ហាញពីតម្រូវការលំនៅឋានលំហែកាយនៅកម្ពុជាចាប់ផ្ដើមមាន និងជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវរកវិធីក្នុងការទាក់ទាញអតិថិជន ប្រជាជនកម្ពុជា និងបរទេស ដើម្បីទទួលបានលំនៅឋានលំហែកាយ ប្រកបដោយផាសុកភាព និងមិនខកបំណងចំពោះការទិញលំនៅឋានសម្រាប់សម្រាកលំហែនៅចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាក។
យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានឲ្យដឹងថា កម្ពុជាត្រូវការលំនៅដ្ឋានប្រមាណ ៩០ម៉ឺនខ្នងបន្ថែមទៀត សម្រាប់ចន្លោះរយៈពេលពីឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០ខាងមុខនេះ ហើយប្រជាពលរដ្ឋរស់នៅតាមទីក្រុងនិងតាមទីប្រជុំជននឹងកើនឡើងដល់ជាង៧លាននាក់៕