ដោយវុត្ថា
ភ្នំពេញ៖ បើទោះបីខេត្តក្រុងមួយចំនួនរបស់កម្ពុជាបានធ្លាក់ចុះនៃការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចសកលយ៉ាងណាក្តី ប៉ុន្តែសម្រាប់ខេត្តកំពង់ស្ពឺវិញ គឺមិនថយចុះនៃការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យឡើយ ដោយទទួលបានការទាក់ទាញគម្រោងវិនិយោគលើវិស័យអចលនទ្រព្យជាច្រើនពីអ្នកអភិវឌ្ឍន៍។
លោក ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា នៅក្នុងកិច្ចសម្ភាសជាមួយគេហទំព័រ propertyarea.asia កាលពីពេលថ្មីនេះថា ខេត្តកំពង់ស្ពឺ បានទាក់ទាញគម្រោងអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យជាច្រើន ទាំងតូច ទាំងធំ ពីវិនិយោគិនជាតិ និងអ្នកអភិវឌ្ឍន៍នៅក្នុងវិបត្តិនេះ។
លោកថ្លែងថា “យើងឃើញមានគម្រោងអភិវឌ្ឍន៍ធំជាច្រើនរួមមាន៖ គម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មកាណាឌីយ៉ា ដែលមានផ្ទៃដីរាប់រយហិកតា គម្រោងអគារ និងគួបផ្សំជាមួយនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តមួយនេះមានស្ថានភាពធំទូលាយ និងស្ថាបនាបានច្រើនខ្សែ ដែលទាំងនេះ បានធ្វើឱ្យខេត្តកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង”។
លោកបន្តថា “ម្យ៉ាងទៀត យើងក៏ឃើញមានក្រុមហ៊ុនធំៗជាច្រើន បានចាប់អារម្មណ៍សាងសង់លើអគារខ្ពស់ៗ តំបន់សេដ្ឋកិច្ចពិសេស តំបន់លំហែរហែកាយ នៅក្នុងខេត្តកំពង់ស្ពឺតាមរយៈការណែនាំពីអភិបាលខេត្ត ឯកឧត្តម វុី សំណាង ឱ្យមកវិនិយោគនៅក្នុងខេត្ត”។
លោកបន្ថែមថា “និយាយជារួម ខេត្តកំពង់ស្ពឺ មានការចាប់អារម្មណ៍ខ្លាំងមែនពីអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក និងម្យ៉ាងទៀតខេត្តនេះ ក៏មានដង់ស៊ីតេប្រជាពលរដ្ឋរស់នៅច្រើន និងមានកម្មករកម្មការិនីបំរើការនៅក្នុងរោងចក្រច្រើន បើធៀបជាមួយនឹងបណ្តាខេត្តមួយចំនួនរបស់កម្ពុជា”។
លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងដែរថា វិនិយោគិនជាតិ និងអន្តរជាតិ បានចាប់អារម្មណ៍ចំពោះការវិនិយោគក្នុងខេត្តកំពង់ស្ពឺ ខណៈដែលខេត្តមួយនេះ បាននឹងកំពុងមានសក្តានុពលខ្ពស់ក្នុងការវិនិយោគ។
លោកបន្តថា “វិនិយោគិនបានចាប់អារម្មណ៍លើការវិនិយោគជាច្រើនទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ជាពិសេសទីតាំងចំនួន ៣ ដែលមានការចាប់អារម្មណ៍ខ្លាំង គឺ នៅតាមបណ្តោយជាតិលេខ៤៤ ផ្លូវជាតិ ៥១ និងផ្លូវជាតិ ៤១ ដែលជាផ្លូវជាតិដ៏មានសក្តានុពលក្នុងការវិនិយោគ និងមានសេដ្ឋកិច្ចល្អ”។
លោកបញ្ជាក់ទៀតថា “រដ្ឋបាលខេត្តកំពង់ស្ពឹ បានគាំទ្រ និងចូលរួមសហការយ៉ាងពេញទំហឹង ដើម្បីសម្រួលគ្រប់និតិវិធី ក្នុងការធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគរបស់វិនិយោគិនទាំងនោះទទួលបានជោគជ័យ ស្របតាមផែនការដែលបានគ្រោងទុក”៕