ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ចាប់តាំងពីដើមត្រីទី៣រហូតមកដល់ពេលនេះ សញ្ញាវិជ្ជមាននៃទីផ្សារអលនវត្ថុកម្ពុជាជាបានចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់ ជាពិសេសនៅដើមត្រីមាសទី៤ចុងឆ្នាំ២០២០នេះតែម្ដង។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា CREA លោកស្រី ចេវ សុឃុន បានមានប្រសាសន៍កាលពីពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ទីផ្សារអចលនវត្ថុកម្ពុជាបានបង្ហាញសញ្ញាល្អជាបណ្ដើរៗឡើងវិញ ដែលក្នុងនោះទាំងការទិញលក់ដីធ្លី លំនៅដ្ឋាន ក៏ដូចជាសំណង់ខុនដូផងដែរ។
លោកស្រីបានបញ្ជាក់ថា “តាមការគួរឱ្យកត់សម្គាល់ គឺចាប់តាំងពីពាក់កណ្តាលឆ្នាំ ដើមត្រីមាសទី៣រហូតមក ការទិញលក់គ្រប់ផ្នែកបានចាប់ផ្តើមមានសកម្មភាពជាបន្តបន្ទាប់ ហើយក្នុងនោះផងដែរ ផ្នែកដែលមានភាពសកម្មនៅក្នុងទីផ្សារជាងគេ គឺលំនៅដ្ឋានទាំងការសាងសង់ ទាំងការទិញលក់ គឺមានដំណើរការព្រមគ្នា។ ដោយឡែកសម្រាប់ទីផ្សារខុនដូ ក៏មានសញ្ញាល្អផងដែរ ដោយក្នុងនោះក្រុមហ៊ុនអភិវឌ្ឍន៍បានបង្កើតជាព្រឹត្តិការណ៍ ក៏ដូចជាកម្មវិធីលើកទឹកចិត្តដល់អតិថិជនដែលភាគច្រើនជាជនជាតិខ្មែរ រួមជាមួយនឹងការផ្តល់ជូននូវលក្ខខណ្ឌងាយស្រួលក្នុងការបង់ប្រាក់ ដើម្បីជំរុញដល់ការលក់របស់ពួកគេ ហើយជាលទ្ធផលឃើញថា ទទួលបានលទ្ធផលវិជ្ជមាន”។
លោកស្រី ចេវ សុឃុន បានមានប្រសាសន៍បន្តទៀតថា “អ្វីដែលជាការគួរឱ្យកត់សម្គាល់នោះត្រង់ថា បើទោះជាការទិញលក់មានភាពមមាញឹក ប៉ុន្តែតម្លៃហាក់មិនមានឡើងថ្លៃនោះទេ ដែលវានៅតែជាឱកាសល្អសម្រាប់អ្នកវិនិយោគ។ ខ្ញុំគិតថា ចាប់ពីចុងឆ្នាំ២០២០នេះទៅ វិស័យអចលនទ្រព្យនឹងកាន់តែមានភាពល្អប្រសើរច្រើន ជាពិសេសនៅដើមឆ្នាំ២០២១ខាងមុខនេះតែម្ដង ដោយសារតែមានការចូលរួមជួយជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាទាំងផ្នែកពន្ធ ទាំងការវិនិយោគទុនទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធនានា ដែលជាចំណុចសំខាន់ក្នុងការជំរុញទឹកចិត្តដល់អ្នកវិនិយោគក្នុងស្រុកដែលពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យ”៕