ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន ទីផ្សារអចលនទ្រព្យកម្ពុជាត្រូវបានអ្នកជំនាញនៅក្នុងវិស័យមួយនេះអះអាងថាមានភាពរឹងមាំល្អជាងគេបើប្រៀបធៀបទៅនឹងបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ានដែលកំពុងមានការធ្លាក់ចុះខ្លាំងដោយសារវិបត្តិសេដ្ឋកិច្ចសាកល និងវិបត្តិគ្រោះធម្មជាតិដែលកំពុងកើតមាន។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA លោក ច្រឹក សុខនីម បានមានប្រសាសន៍នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ស្ទើរតែគ្រប់បណ្តាប្រទេសទាំងអស់ ជាពិសេសបណ្តាប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ាន គឺសុទ្ធតែទទួួលរងនូវផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ចសាកលទាំងអស់ ប៉ុន្តែសម្រាប់ស្ថានភាពទូទៅនៃទីផ្សារអចលនទ្រព្យកម្ពុជាគឺមានភាពធូរស្រាលជាងគេទាំងអស់។
លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា “តាមការសិក្សារបស់ខ្ញុំ ទីផ្សារអចលនទ្រព្យនៅក្នុងតំបន់អាស៊ានគឺមានភាពប្រឈមខ្លាំង ជាពិសេសដូចជា សឹងហ្គាពួរ ម៉ាឡេស៊ី និងប្រទេសម៉ីយ៉ាម៉ា ដែលមិនមានភាពសេរីដូចទីផ្សារកម្ពុជាយើងនេះទេ។ ដោយឡែកវិបត្តិដែលទើបតែកើតមាននាពេលថ្មីៗនេះគឺវិបត្តិនៃកត្តាធម្មជាតិ ហើយប្រទេសដែលប្រឈមនឹងការរងគ្រោះច្រើនជាងគេ គឺប្រទេសវៀតណាម និងប្រទេសថៃ ដែលរហូតមកដល់ពេលនេះ គឺនៅតែបន្ដស្ថិតនៅក្នុងភាពងាយរងគ្រោះនៅឡើយ”។
លោកបានបញ្ជាក់ថា “ទីផ្សារអចលនទ្រព្យកម្ពុជា ក៏ទទួលរងនូវផលប៉ះពាល់ដូចគ្នា ប៉ុន្តែយើងមានវិធានការដោះស្រាយក្រោមការជួយជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ពីសំណាក់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បន្ថែមពីលើសកម្មភាពយ៉ាងមមាញឹកពីវិស័យឯកជន ទាំងការសាងសង់សំណង់កម្រិតមធ្យម និងក្រោមមធ្យម ក៏ដូចជាសកម្មភាពនៃការទិញលក់ផងដែរ”។
លោក ច្រឹក សុខនីម បានមានប្រសាសន៍បន្តទៀតថា “តាមភាពជាក់ស្ដែង សេដ្ឋកិច្ចកម្ពុជា នៅតែរក្សាបានស្ថានភាពល្អប្រសើរ និងរឹងមាំជាងគេនៅក្នុងតំបន់អាស៊ាន ដូច្នេះ នៅពេលដែលសេដ្ឋកិច្ចមានភាពល្អប្រសើរ នោះវិស័យអចលនទ្រព្យក៏នៅតែមានភាពរឹងមាំផងដែរ ជាពិសេសយើងមានគោលនយោបាយប្រាក់កម្ចីពីបណ្តាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជននានា សម្រាប់ទិញអចលនទ្រព្យ ដែលទាំងអស់នេះសុទ្ធតែជាចលករយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទីផ្សារអចលនទ្រព្យនៅកម្ពុជា”។
លោកបន្តថា “សម្រាប់តម្លៃអចលនទ្រព្យទៀតសោត បើប្រៀបធៀបទៅនឹងបណ្តាប្រទេសដទៃ ជាពិសេសប្រទេសជិតខាងដូចជាប្រទេសថៃ ប្រទេសវៀតណាម គឺយើងមានទាបជាងគេ ដូច្នេះ ក្រោយពេលដែលវិបត្តិនៃជំងឺ ក៏ដូចជាវិបត្តិសេដ្ឋកិច្ចសាកលត្រូវបានបញ្ចប់ កម្ពុជា នឹងក្លាយជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍របសើក្រុមហ៊ុនអន្តរជាតិជាក់ជាមិនខាន”៕