តម្លៃអចលនទ្រព្យនៅក្នុងសង្កាត់មួយចំនួននៃក្រុងតាខ្មៅកំពុងឡើងថ្លៃ

0

ដោយៈរ៉ាណេត

កណ្តាលៈ ស្របទៅនឹងសន្ទុះនៃកំណើនទីផ្សារអចលនទ្រព្យ នៅក្នុងក្រុងតាខ្មៅ ខេត្ត​កណ្តាល ដែលកំពុងមានការកើនឡើង ដើម្បីបំពេញតាមតម្រូវការនោះ បានធ្វើឱ្យតម្លៃមានការកើនឡើងផងដែរ ជាពិសេសនៅតំបន់មួយចំនួន ដែលទើបតែត្រូវបានកាត់ចូលមកចំណុះរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ ដែលជាប្រតិបត្តិករផ្នែកទិញ-លក់ អចលនទ្រព្យយ៉ាងសកម្មបានប្រសាសន៍នៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា បន្ទាប់ពីមានសេចក្ដីប្រកាសជាផ្លូវការ ស្ដីពីការកាត់យកតំបន់ខ្លះនៃក្រុងតាខ្មៅ ឱ្យស្ថិតនៅក្រោមរដ្ឋបាលរាជធានីភ្នំពេញ ក្នុងខណ្ឌដង្កោ ដែលមានភូមិចំនួន៥ បានធ្វើឱ្យទីផ្សារអចលនទ្រព្យនៅតំបន់ទាំងនោះ មានការកើនឡើងបើប្រៀបធៀបទៅនឹងកាលពីដើមឆ្នាំ២០២០។

លោកស្រីបានមានប្រសាសន៍ថា “តម្លៃដីនៅក្នុងតំបន់ខ្លះនៃក្រុងតាខ្មៅ ជាពិសេសតំបន់ ដែលទើបតែកាត់ចូលមកជាចំណុះរាជធានីភ្នំពេញ មានការកើនឡើង ហើយតំបន់ដែលកាន់តែស្ថិតនៅក្បែរផ្លូវ៦០ម៉ែត្រ គឺកាន់តែថ្លៃ ហើយមិនលើសពី៤-៥ឆ្នាំទៀត វាអាចនឹងក្លាយជាក្រុងរណបដ៏មានសក្ដានុពល អំណោយផលដល់សេដ្ឋកិច្ចជាក់ជាមិនខាន”។

លោកស្រីបានបន្តទៀតថា តម្លៃដីនៅក្នុងតំបន់ក្រុងតាខ្មៅ គឺអាស្រ័យទៅតាមទីតាំងរបស់ដី ក៏ដូចជាទំហំរបស់ដី ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវតូច ផ្លូវធំ ជនបទ រឺក៏ទីប្រជុំជន ដែលតម្លៃនៅតំបន់ទីប្រជុំ អាចស្ថិតនៅក្នុងចន្លោះ ២០០-៣០០ដុល្លារជាង ក្នុងមួយម៉ែត្រការ៉េ ហើយប្រសិនបើដីមានផ្ទះគឺរឹតតែមានតម្លៃថ្លៃជាងនេះ ដោយឡែកតម្លៃដីនៅតំបន់ផ្លូវតូច អាចមានតម្លៃត្រឹម១០០ដុល្លារចុះក្រោមក្នុងមួយម៉ែត្រការ៉េ។ ចំណែកឯតម្លៃលំនៅដ្ឋានវិញ បើស្ថិតនៅលើផ្លូវធំអាចមានតម្លៃចាប់ពីជាង ១០-២០ម៉ឺនដុល្លារ សម្រាប់ប្រភេទផ្ទះល្វែង ដែលមានកម្ពស់ចាប់ពី៣ទៅ៤ជាន់ឡើងទៅ។

កាលពីថ្មីៗនេះរាជរដ្ឋាភិបាល បានសម្រេចកាត់តំបន់មួយចំនួននៃក្រុងតាខ្មៅ ខេត្ត​កណ្តាលទំហំ៣០២ហិកតា មកជាចំណុះរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងខណ្ឌដង្កោរ ដើម្បីដោះស្រាយ និងសម្រួលដល់ការអនុវត្តប្លង់មេ សម្រាប់អភិវឌ្ឍន៍ទីក្រុងរណបបឹងទំពុន និងបឹងជើងឯក ក៏ដូចជាសម្រួលដល់ការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here