ទីផ្សារ​ខុន​ដូ​ក្នុង​ខេត្តសៀមរាប​កំពុងផ្តល់​ឱកាស​ដល់​អ្ន​ក​វិនិយោគ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ទីផ្សារ​ខុន​ដូ​នៅក្នុង​ខេត្តសៀមរាប នៅពេល​បច្ចុប្បន្ននេះ ត្រូវបាន​គេ​មើលឃើញថា​នៅមានកម្រិត​នៅឡើយ បើ​ប្រៀបធៀប​ទៅនឹង​ខេត្ត​ព្រះសីហនុ ហើយ​វា​ក៏​នៅតែ​ជា​ឱកាសល្អ​សម្រាប់​អ្នកវិនិយោគ និង​អភិវឌ្ឍន៍​នៅក្នុង​វិស័យ​មួយ​នេះ។

អ្នកជំនាញ និង​ជា​ប្រតិបត្តិ​ករ​ជាន់ខ្ពស់​ក្នុង​ទីផ្សារ​ខុន​ដូ លោក ខន គង្គារ នាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ ERA Cambodia បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមក​ថា សៀមរាប គឺជា​ខេត្ត​គោលដៅ​ទេសចរណ៍ និង​ជា​ប៉ូល​សេដ្ឋកិច្ច​ប្រចាំ​ប្រទេស ដែលមាន​សក្ដានុពល​ខ្ពស់​ក្នុងការ​វិនិយោគ និង​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ។

លោក​បាន​បញ្ជាក់ថា “បច្ចុប្បន្ននេះ​ការ​ការវិនិយោគ និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​សំណង់​នានា ភាគច្រើន​គឺមាន​តែ​បុរី​លំនៅដ្ឋាន សំណង់​សណ្ឋាគារ អា​ផាត​មិន ប៉ុន្តែ​ចំពោះ​អគារ​ខុន​ដូ​គឺ​នៅមានកម្រិត​នៅឡើយ” ។

លោក​ខន គង្គា​បាន​បន្តថា បើ​ប្រៀបធៀប​ទៅនឹង​ខេត្ត​ដទៃ ដែលមាន​សក្ដានុពល​ក្នុង​វិស័យ​អចលនទ្រព្យ ដូចជា​ខេត្ត​ព្រះសីហនុ គឺមាន​ភាពខុសគ្នា​ឆ្ងាយ ព្រោះ​នៅក្នុង​ខេត្តសៀមរាប​មាន​គម្រោង​អភិវឌ្ឍន៍​សំណង់​ខុន​ដូ ត្រឹមតែ២គម្រោង​តែប៉ុណ្ណោះ។ ដោយសារតែ ខេត្តសៀមរាប​ជា​គោលដៅ​ទេសចរណ៍ និង​ជា​ប៉ូល​សេដ្ឋកិច្ច​ប្រចាំ​ប្រទេស​ខណៈដែល​រាជរដ្ឋាភិបាល កំពុងធ្វើការ​វិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ តម្លៃ​រាប់លាន​ដុល្លារ​នោះ បន្តិចទៀត​នឹងមាន​កំណើនប្រជាជន​កាន់តែច្រើន ហើយ​វត្តមាន​ជនបរទេស​ក៏​កាន់តែ​កើនឡើង​ផងដែរ ដូច្នេះ​តម្រូវការ​អគារ​ស្នាក់នៅ​គឺ​ត្រូវតែមាន​កំណើន។

លោក​បន្តទៀតថា “ជនបរទេស ដែល​បន្ត​ស្នាក់​នៅក្នុង​ខេត្តសៀមរាប រយៈពេល​យូរ​នាពេល​បច្ចុប្បន្ន គឺ​ជួល​អគារ​លំនៅដ្ឋាន ឬ​ស្នាក់​នៅក្នុង​អា​ផាត​មិនជា​ដើម។ បន្តិចទៀត ជាពិសេស​ក្រោយពេល​បញ្ហា នៃ​វិបត្តិ​ជំងឺ​ត្រូវបាន​ទប់ស្កាត់​ជោគជ័យ កំណើន​ជនបរទេស​នឹង​ចូលមក​កាន់​កម្ពុជា​វិញ ហើយ​ខេត្តសៀមរាប នឹង​ក្លាយជា​គោលដៅ​វិនិយោគ និង​អភិវឌ្ឍន៍​វិស័យ​សំណង់​យ៉ាង​មាន​ប្រជាប្រិយភាព ជាពិសេស​ទីផ្សារ​ខុន​ដូ ដែល​ជនបរទេស​មក​បំពេញ​ការងារ ឬ​រកស៊ី​នៅក្នុង​ខេត្ត​មួយ​នេះ​ក្នុង​រយៈពេល​យូ អាច​ទិញ​ធ្វើជា​កម្មសិទ្ធិ​បាន ដូច្នេះ​ចង់​មិន​ចង់ ទីផ្សារ​មួយ​នេះ​នឹងមាន​កំណើន​ជាមិនខាន។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុខ​នី​ម ធ្លាប់បាន​មានប្រសាសន៍​កាលពីពេលថ្មីៗនេះ​ថា ខេត្តសៀមរាប គឺជា​ខេត្ត​ទេសចរណ៍វប្បធម៌​ដ៏​សំខាន់​បស់​កម្ពុជា ក្រោយពី​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ហើយ​នោះ វិស័យ​អចលនទ្រព្យ​បែប​សណ្ឋាគារ ផ្ទះសំណាក់ និង​បឹង​ហ្គា​ឡូ​ជាដើម កាន់តែ​មានការ​រីកចំរើន ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ។

លោក​បញ្ជាក់ថា “បន្ទាប់ពី​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ច្រើន ហើយ​មាន​បន្ថែម​ផ្លូវ​ថ្មី ដែល​វិនិយោគ​ដោយ​រាជរដ្ឋាភិបាល វា​នឹង​ជួយ​លើកស្ទួយ​វិស័យ​អចលនទ្រព្យ ជាពិសេស​តម្លៃ​ដីធ្លី​នឹងមាន​ការកើនឡើង ហើយ​គម្រោងថ្មីៗ ក៏​នឹង​កើនឡើង​ផងដែរ”។ លោក​បន្តថា “បច្ចុប្បន្ននេះ តម្លៃ​ដី​នៅតាម​តំបន់​មួយចំនួន នៅក្នុង​ក្រុង​សៀមរាប មានតម្លៃ​ចាប់ពី ១៨០០ ទៅ​ជាង២០០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​ក្រោយពេល​មានការ​អភិវឌ្ឍន៍​ច្រើន​តម្លៃ​ទាំងនេះ​នឹង​បន្ត​កើនឡើង​បន្ថែមទៀត” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here