ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងចំណោមខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ខណ្ឌចំការមន ត្រូវបានអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យអះអាងថានៅតែជាតំបន់ដែលមានភាពទាក់ទាញការវិនិយោគ និងអភិវឌ្ឍន៍វិស័យសំណង់យ៉ាងមមាញឹកនៅក្នុងឆ្នាំ២០២០នេះ។
នាយិកាក្រុមហ៊ុន AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍នៅព្រឹកទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា នៅក្នុងចំណោមខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញនេះ ខណ្ឌចំការមន នៅតែជាតំបន់ដែលមានសក្ដានុពល និងភាពទាក់ទាញខ្លាំងក្នុងការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យ។
លោកស្រីបានបញ្ជាក់ថា “កត្តាជាច្រើនដែលធ្វើឱ្យខណ្ឌមួយនេះ នៅតែមានភាពទាក់ទាញខ្លាំង ដោយសារតែក្រៅពីជាតំបន់នៅកណ្តាលក្រុង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងមមាញឹក ថែមទាំងមានហេដ្ឋារចនាសម្ព័ន្ធច្រើនមិនចាញ់តំបន់បឹងកេងកងនោះទេ ហើយអ្វីដែលសំខាន់គឺកត្តាតម្លៃនៅធូថ្លៃ បើប្រៀបធៀបទៅនឹងតំបន់បឹងកេង”។ លោកស្រីបន្តថា “គម្រោងអភិវឌ្ឍន៍នៅក្នុងខណ្ឌមួយនេះភាគច្រើនជាប្រភេទអគារសណ្ឋាគារ អគារខុនដូ អាផាតមិន និងអគារពាណិជ្ជកម្មបម្រើដល់វិស័យការិយាល័យផងដែរ”។
លោក សៅ សាខុំ អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ Cambodian Estate Alliance (CEA) Co.,Ltd បានមានប្រសាសន៍ថា នៅក្នុងខណ្ឌនេះមានភាពទាក់ទាញខ្លាំងមិនចាញ់បឹងកេងកងនោះទេ ហើយបើចំពោះអ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យនៅពេលនេះវិញគឺភាគច្រើនបាញ់ឆ្ពោះទៅតំបន់នេះ ដោយសារតែកត្តាសំខាន់ពាក់ព័ន្ធទៅនឹងតម្លៃដីនៅទាបជាងខណ្ឌបឹងកេងកង និងខណ្ឌដូនពេញ ដែលជាការផ្តល់ឱកាសចំណេញដល់ការវិនិយោគ។
លោកបញ្ជាក់ថា “នៅពេលដែលតម្លៃដីនៅធូរថ្លៃ ងាយស្រួលដល់ការអភិវឌ្ឍន៍ ហើយការដាក់លក់នៅលើទីផ្សារក៏ក្នុងតម្លៃសមរម្យ ដែលមានតម្រូវការខ្ពស់។ បច្ចុប្បន្នគម្រោងដែលកំពុងអភិវឌ្ឍន៍ធំរួមមានគម្រោងអគារខុនដូ អាផាតមិន និងអគាសម្រាប់ជួយដល់វិស័យការិយាល័ ឬហៅថា Office space ដែលទីផ្សារកំពុងចាប់ផ្តើមមានតម្រូវការជាបណ្តើរៗ”៕