ដោយ ៖ ហ្សូលី
កំពត៖ នៅពេលដែលបណ្តាអាជីវកម្ម ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម (SME) ជាច្រើនកំពុងជួបភាពប្រឈមយ៉ាងខ្លាំង ហើយវិស័យខ្លះកំពុងខិតខំស្វះស្វែងដើម្បីរក្សាគោលជំហរនោះ សម្រាប់តែគម្រោងវិនិយោគដែលស្ថិតនៅក្នុងខេត្តកំពត គឺនៅតែរក្សាបាននូវភាពវិជ្ជមាន ជាមួយនឹងការទទួលបានកំណើនវិនិយោគថ្មីបន្ថែម ដែលជាការបង្ហាញពីភាពខ្លាំងរបស់ខេត្តជាប់ឆ្នេរសមុទ្រមួយនេះ។
លោក នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា ក្នុងអំឡុងពេលនៃការគ្របដណ្តប់ដោយវិបត្តិជំងឺរាតត្បាត វិស័យទេសចរណ៍បានផ្លាស់ប្តូរយ៉ាងច្រើន។ ភ្ញៀវទេសចរភាគច្រើនកំពុងស្វែងរកគោលដៅទេសចរណ៍ធម្មជាតិ ដែលក្នុងនោះ ខេត្តកំពតគឺ ជាខេត្តមានអំណោយផលល្អបំផុតសម្រាប់សកម្មភាពទេសចរណ៍ជាច្រើនទីតាំង និងផ្តល់ឱកាសដល់ការបង្កើតអាជីវកម្មថ្មីៗ ដើម្បីបំពេញតម្រូវការទេសចរណ៍ក្នុងស្រុក។
យោងតាមមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា គិត្រឹមដើមឆមាសទី២ ឆ្នាំ២០២០ ខេត្តកំពតបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៨៣៨.០០០ នាក់ ខណៈដែលរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានចំនួន ១,០៩ លាននាក់។ ចំនួននេះគឺជាការបង្ហាញយ៉ាងច្បាស់ថាខេត្តកំពតមិនមានឧបសគ្គច្រើនទេ បើប្រៀបធៀបជាមួគោលដៅទេសចរណ៍ផ្សេងទៀតដូចជា ខេត្តសៀមរាប។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យ បានមានប្រសាសន៍ថា ខេត្តកំពតគឺជា ខេត្តដែលមានសក្តានុពលទេសចរធម្មជាតិ ដែលខេត្តដទៃទៀតមិនមាន ហើយក៏ជាទិសដៅនៃអ្នកទេសចរនៅក្នុងស្រុក ផងដែរ ព្រោះពួកគាត់មិនសូវចង់ទៅខេត្តផ្សេងប៉ុន្មានទេ ជាពិសេសទេសចរដែលមានលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ។
លោកបន្តថា “មួយរយៈចុងក្រោយនេះ យើងឃើញមានអាជីវកម្មថ្មីៗបានដុះដាលនៅជុំវិញក្រុងកំពត រាប់ចាប់ពីបារ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងសូម្បីតែក្រុមហ៊ុនទេសចរណ៍។ ទោះយ៉ាងណាការបណ្តាក់ទុនថ្មីៗទាំងនេះ ភាគច្រើនផ្តោតសំខាន់ទៅលើទីផ្សារក្នុងស្រុក ព្រោះទេសចរដែលមកពីក្រៅប្រទេសនៅមិនទាន់មាននោះទេ”។
ខេត្តកំពតត្រូវបានរាជរដ្ឋាភិបាលកម្្ពុជា កំណត់ជាគោលដៅទាក់ទាញភ្ញៀវទេសចរឱ្យបានរហូតដល់ ២,៥ លាននាក់នៅឆ្នាំ២០២៣ ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្ត បាន និងកំពុងអភិវឌ្ឍន៍ទិសដៅទេសចរណ៍ថ្មីៗ ដើម្បីបង្កើតជាផលិតផលទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធធ្វើឱ្យប្រសើរឡើងដើម្បីគាំទ្រវិស័យនេះកាន់តែមានភាពរឹងមាំ៕