ដោយគង់ សូរិយា
ភ្នំពេញៈ មួយរយៈចុងក្រោយនេះ សកម្មភាពអាជីវកម្ម និងវិនិយោគនៅខេត្តព្រះសីហនុចាប់ផ្តើមមានសកម្មភាពប្រសើរឡើង ខណៈការមកដល់នៃអ្នកវិនិយោគចិន ភ្ញៀវទេសចរណ៍អន្តរជាតិបានបង្ហាញសញ្ញាប្រសើរឡើង។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី៣ វិច្ឆិកានេះថា នៅខេត្តព្រះសីហនុ សកម្មភាពភ្ញៀវទេសចរណ៍ទៅលេងតាមបណ្តាកោះនានាបានកើនឡើង ទាំងភ្ញៀវជាតិ អន្តរជាតិ និងមានសកម្មភាពវិនិយោគនៅពីអ្នកវិនិយោគជាច្រើនផងដែរ ទាំងអ្នកវិនិយោគក្នុងស្រុកនិងបរទេស។លោកបន្តថា ទោះជាយ៉ាងណាអ្នកវិនិយោគអន្តរជាតិធំៗខ្លះ បានត្រលប់មកកាន់ខេត្តព្រះសីហនុវិញ ខ្លះមិនទាន់ត្រលប់់មកនៅឡើយទេ ដោយសារបញ្ហាជំងឺCovid-19។
លោកបន្តថា “បច្ចុប្បន្ននេះអ្នកវិនិយោគចិន ភ្ញៀវទេសចរណ៍ចិន និងភ្ញៀវទេសចរណ៍ដទៃទៀត បានមកកាន់ខេត្តព្រះសីហនុកើនឡើង ដោយមួយសប្តាហ៍គិតជាមធ្យម មានភ្ញៀវជាង១០,០០០នាក់បានមកកាន់ខេត្តព្រះសីហនុ”។លោកបន្តថា “ក្នុងមួយសប្តាហ៍ គិតជាមធ្យមមានជើងហោះហើរបីលើកមកកាន់ខេត្តនេះ ដែលភាគច្រើនអ្នកធ្វើដំណើរជាជនជាតិចិន ដែលជាអ្នកវិនិយោគ អ្នកធ្វើការងារផ្សេងៗ និងភ្ញៀវទេសចរណ៍”។
លោកឃាង ភារម្យបានបន្តថា បច្ចុប្បន្ននេះកាស៊ីណូមួយចំនួនបានបើកដំនើរការនៅក្រុងព្រះសីហនុ ប៉ុន្តែលោកមិនបញ្ជាក់ពីចំនួនប៉ុន្មាននៅឡើយទេ ដោយសារអាជ្ញាប័ណ្ណកាស៊ីណូ ដែលអាចបើកដំណើរការឡើងវិញ ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ដែលតម្រូវឲ្យម្ចាស់កាស៊ីណូបំពេញលក្ខខ័ណ្ឌមួយចំនួន។
លោកបន្តថា “យើងមិនអាចនិយាយថាពេលណាអ្វីៗ វិលមករកភាពប្រក្រតីវិញទេ ប៉ុន្តែតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ គឺត្រូវការរយៈពេលបីឆ្នាំទៀត ទើបស្ថានភាពវិលមករកភាពប្រក្រតីវិញ”។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានថ្លែងថា ស្ថានភាពនៅខេត្តព្រះសីហនុ នឹងរកភាពយ៉ាប់យឺនរយៈពេល៦ខែទៀត ហើយអ្វីៗដើម្បីវិលមករកភាពប្រសើរឡើង គឺត្រូវការរយៈពេល១ឆ្នាំឬ១ឆ្នាំកន្លះទៀត ខណៈវិស័យទេសចរណ៍រងផលប៉ះពាល់ខ្លាំងជាងគេ ប៉ុន្តែអាជីវកម្មផ្សេងៗទៀតនៅអាចដំណើរការធម្មតា។
លោកបន្តថា “ផ្នែកទីផ្សារជួលបាននិងកំពុងរងផលប៉ះពាល់ខ្លាំង ប៉ុន្តែតម្លៃនឹងវិលមករកតុល្យភាពជាមួយនឹងសេដ្ឋកិច្ចវិញ”។លោកបន្តថា “ពីមុនផ្ទះមួយល្វែងជួលបាន៨០០ដុល្លារ ប៉ុន្តែពេលពពុះសាប៊ូកើតឡើង ធ្វើឲ្យតម្លៃកើនដល់៧០០០ទៅ៨០០០ដុល្លារនោះជារឿងមិនគួរឲ្យជឿ”។
លោកច្រឹក សុខនីមបានបន្តថា ដើម្បីជំរុញឲ្យសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគមានភាពប្រសើរឡើង ទាមទារនូវកត្តាមួយចំនួនដូចជា គោលនយោបាយលើកទឹកចិត្តរបស់រដ្ឋាភិបាល ដើម្បីលើកកំពស់វិស័យSME ហើយនៅពេលSMEចូលកាន់តែច្រើន សកម្មភាពវិនិយោគធំៗនឹងកើតមានឡើង ខណៈហេដ្ឋារចនាសម្ព័ន្ឋបានបញ្ចប់ហើយ។
លោកបន្តថា “ខេត្តព្រះសីហនុប្រៀបដូចកូនក្រមុំម្នាក់ ដែលតែងខ្លួនស្អាតហើយ រង់ចាំតែអ្នកចូលស្តីដណ្តឹងប៉ុណ្ណោះ”៕
ជាមួយគ្នានេះលោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ថា ការរីកចម្រើនឬភាពប្រក្រតីឡើងវិញនៃខេត្តព្រះសីហនុ មិនអាចពឹងផ្អែកតែអ្នកវិនិយោគចិន ឬអឺរ៉ុបទេ សំខាន់ឲ្យប្រជាជន និងអ្នកវិនិយោគខ្មែរទៅឲ្យច្រើន អ្វីៗនឹងមានភាពល្អប្រសើរឡើង ហេតុនេះការពង្រឹកសន្តិសុខ សុវត្ថិភាពបន្ថែមជារឿងចាំបាច់៕