ដោយៈជីវី
ភ្នំពេញៈ មនុស្សភាគច្រើននៅក្នុងប្រទេសកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ននេះ បានផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួន ចង់រស់នៅក្នុងអាគារខុនដូ បន្ទាប់ពីមើលឃើញពីគម្រោងបុរី និងផ្ទះល្វែងមួយចំនួនជនលិច ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកថ្មីៗនេះ។
លោកខន គង្គារ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ERA ប្រចាំកម្ពុជា បានឱ្យដឹងកាលពីពេលថ្មីៗនេះថា បើពិនិត្យមើលជាទូទៅ គឺមានផលប៉ះពាល់ពីគ្រោះទឹកជំនន់កន្លងមកនេះ ប៉ុន្តែបើនិយាយពីវិស័យខុនដូវិញ គឺមានភាពល្អប្រសើរ អ្នកដែលលិចលង់ ភាគច្រើនគាត់រស់នៅក្នុងផ្ទះល្វែង។
លោកបន្តថា “អ្នកដែលរស់នៅក្នុងផ្ទះ គឺមានការលិចលង់ ប៉ុន្តែបើរស់នៅក្នុងខុនដូគឺមិនមានការលិចនោះទេ។ លោកបន្តថា “បើគាត់មានបញ្ហា សម្រាប់អ្នកលក់ខុនដូ គឺមានឱកាសវិញ ដោយសារមនុស្សភាគច្រើនគិតថា បើរស់នៅផ្ទះលិចទឹក ប៉ុន្តែបើរស់នៅក្នុងខុនដូគឺមិនមានការលិចលង់នោះទេ” ។
លោកខន គង្គាបានបន្ថែមថា ពេលខ្លះមិនមែនគ្រប់បញ្ហា វាជាបញ្ហានោះទេ តែវជាឱកាសទៅវិញទេសម្រាប់ខ្ញុំ។
លោកបញ្ជាក់ទៀតថា បន្ទាប់ជំនន់ទឹកភ្លៀងត្រូវបានស្រកទៅវិញ មនុស្សភាគច្រើនបានចាប់ផ្តើមងាកមករស់នៅក្នុងខុនដូ ព្រោះពួកគេគិតថា ចុមរស់នៅឆ្ងាយ ទឹកលិចទៀត ហើយឥឡូវរស់នៅក្នុងខុនដូកណ្តាលក្រុងហើយ អត់មានទឹកលិច ហើយក៏មិនពិបាកក្នុងការរស់ឥវាន់ផងដែរ។
លោកបន្ថែមថា “ពួកគាត់ឥឡូវគិតប្លែក ហើយថ្មី ដែលយើងក្នុងនាមជាអ្នកទទួលបានច្រើន ពីការបញ្ជាទិញគម្រោងខុនដូក្នុងរយៈកន្លងកមនេះ។
យោងតាមការបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia បង្ហាញថា ការផ្គត់ផ្គង់ខុនដូសរុបនៅទូទាំងរាជធានីភ្នំពេញ មានការកើនឡើង៣,៩៧%ក្នុងរយៈពេលត្រីមាសទី៣ ខណៈការកើនឡើងនេះ មានការចូលរួមតែមួយ ពីការបញ្ចប់ដំណាក់កាលទី១របស់គម្រោងUrban Village ហើយបានបង្កើនការផ្គត់ផ្គង់ខុនដូតម្លៃសមរម្យ ១៥.៦៧% ។
របាយការណ៍ដដែលបន្តថា អំឡុងត្រីមាសទី៣នេះ មិនមានគម្រោងថ្មីណាមួយ ត្រូវបានដាក់ឱ្យដំណើរការទេ ប៉ុន្តែមានគម្រោង៣បានដាក់ចេញ ការអភិវឌ្ឍនូវដំណាក់កាលថ្មីៗ ទៅក្នុងទីផ្សារផ្គត់ផ្គង់ដែលបង្ហាញថា អ្នកអភិវឌ្ឍន៍ដែលស្គាល់ពីទីផ្សារក្រុងភ្នំពេញ នៅតែមានសុទិដ្ឋិនិយមចំពោះវិស័យនេះ។
របាយការណ៍បានឱ្យដឹងថា គេរំពឹងថានៅត្រីមាសទី៤ឆ្នាំនេះ នឹងឃើញការបញ្ចប់គម្រោងចំនួន៤បន្ថែមទៀត ដែលនឹងចូលរួមចំណែកក្នុងទីផ្សារ ប្រមាណ២,៦០០យូនីត ។ ទោះយ៉ាងណា ការពន្យាពេលនៃការសាងសង់ នៅតែបន្តកើតមាននៅក្នុងវិស័យនេះ ដោយបច្ចុប្បន្នមានគម្រោងចំនួន៦ ពន្យាពេលបញ្ចប់គម្រោងទៅឆ្នាំ២០២១ ៕