ដោយ ហ្សូលី
ភ្នំពេញ៖ ការដាក់ចេញគោលនយោបាយត្រឹមត្រូវ របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ខេត្តកោះកុងមានការអភិវឌ្ឍយ៉ាងលឿន។ បច្ចុប្បន្នខេត្តនេះមានព្រលាន យន្តហោះអន្តរជាតិថ្មីមួយដែលនឹងបញ្ចប់ការសាងសង់ និងដាក់ឲ្យដំណើរការនៅឆ្នាំ ២០២១ខាងមុខ។
ជាមួយគ្នានេះក្រុមហ៊ុន Bangkok Airway បាននិងកំពុងសហការជាមួយក្រុមហ៊ុនលី យ៉ុងផាត់គ្រុប ដើម្បីរៀបចំព្រលានយន្តហោះថ្មីមួយទៀតនៅតំបន់កោះប៉ោ ដែល មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីក្រុងយោធពលខេមរភូមិន្ទ។
លើសនេះនេះប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងជម្រុញការពង្រីផ្លូវជាតិលេខ៤៨ ជាពីរគន្លងសំរាប់រថយន្តទៅមកផងដែរ ជាពិសេសការតភ្ចាប់ជាប្រវត្តិសាស្ត្រនូវភូមិភាគពាយ័ព្យ មកកាន់តំបន់នារតី តាមរយៈការស្ថាបនាផ្លូវជាតិលេខ១០ ដោយចាកចេញពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកមួយចំនួននៃខេត្តពោធិសាត់ ឆ្ពោះទៅកាន់ខេត្តកោះកុង ដែលផ្លូវនេះនឹងពង្រីកការដឹកជញ្ជូនផលិតផលកសិកម្មកម្ពុជា ទៅកាន់ក្រៅប្រទេស តាមរយៈកំពង់ផែទឹកជ្រៅនៅតំបន់សារាសាគរ ក្នុងខេត្តកោះកុងផងដែរ។
នាយឧត្តមសេនីយ៏ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលខាធិការដ្ឋានអាកាសចរស៊ីវិលកាលពីពេលថ្មីៗនេះ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យដើម្បីពន្លឿនការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ។
គោលបំណងនៃបេសកម្មចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុងរួមមាន ទី១- ពិនិត្យលើរបាយការណ៍នៃការសាងសង់ រាយកាណ៍ដោយក្រុមហ៊ុន Union Development Group ទី២- ការចុះពិនិត្យទីតាំងគម្រោងសាងសង់។
ទី៣- ពិភាក្សា និងផ្លាស់ប្តូរព័ត៌មានរវាង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារអាកាសយានដ្ឋាន Union Development Group ស្តីពីវឌ្ឍនៈភាពគម្រោងសាងសង់អាកាសយានដ្ឋាន និង៤-បញ្ហាផ្សេង។
អាកាសយានដ្ឋានះអន្តរជាតិ ដែលអាចទទួលការចុះចតនេះ នឹងពង្រីកមុខមាត់និងលើកស្ទួយសេដ្ឋកិច្ចខេត្តកោះកុង និងសេដ្ឋកិច្ចជាតិកាន់តែល្អប្រសើរថែមទៀត ដែល តាមផែនការព្រលានយន្តហោះនេះ នឹងអនុញ្ញាត្តឲ្យក្រុមហ៊ុនអាកាសចរណ៍នានាហោះហើរសាកល្បងនៅ មុនថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ខាងមុខនេះ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោកប៉ាក សុខុម បានមានប្រសាសន៍ថា គម្រោងនឹងនេះមានលក្ខខណៈពិសេស និងអំណោយផលសម្រាប់ទូរគមនាគមន៍ ពោលគឺ អាចធ្វើដំណើរចេញពីតារាសាគរទៅរាជធានីភ្នំពេញ ដោយចំណាយពេលត្រឹមតែ៣ម៉ោងកន្លះនិងទៅ ខេត្តព្រះសីហនុត្រឹមតែ២ម៉ោង នៅពេលគម្រោងផ្លូវល្បឿនលឿនសាងសង់រួច។
លោកបន្ថែមថា “នៅពេលខាងមុខនេះ ភ្ញៀវទេសចរនឹងមកតំបន់តារាសាគរតាមរយៈជើងហោះហើរ និងតាមការចុះចតយានដ្ឋានតារាសាគរ ដែលគ្រោងដាក់ដំណើរការសាកល្បងនៅឆ្នាំ២០២១ ខាងមុខនេះ” ៕