រដ្ឋាភិបាល​កំពុង​សិក្សា​លម្អិត​បន្ថែមទៀត​លើ​គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤

0

ដោយ វឌ្ឃនៈ

ភ្នំពេញ៖ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គ្រោង​នឹង​បន្ត​រៀបចំ​សិក្ខាសាលា​ពិភាក្សា​លើ​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤ បន្ថែមទៀត ដើម្បីឱ្យ​ភាគី​ពាក់ព័ន្ធ​យល់ដឹង​កាន់តែច្បាស់ និង​ហាមឃាត់​កុំឱ្យ​មានការ​រ​រំលោភបំពាន​ដី​ចំពោះ​គម្រោង​ដែល​ត្រូវ​សាងសង់។

លោក គង់ វិមាន អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹង​កាលពីពេលថ្មីៗនេះ​ថា ក្រសួង​មិនមែន​ធ្វើ​សិក្ខាសាលា​តែម្តង​នោះទេ គឹ​នឹងមាន​ការរៀបចំ​បន្តទៀត​នាពេល​ខាងមុខនេះ ប៉ុន្តែ ក្រសួង​មិនទាន់​បានកំណត់​ថ្ងៃ​ជាក់​នៅឡើយ​ទេ។

លោក​បន្តថា សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤នេះ ក្រសួង​និង​ភាគី​ពាក់ព័ន្ធ នឹង​បន្ត​ពិភាក្សាគ្នា​បន្ថែមទៀត តាមរយៈ​ការរៀបចំ​ឱ្យមាន​សិក្ខាសាលា នាពេល​ខាងមុខនេះ ហើយ​ការធ្វើសិក្ខាសាលា​កន្លងមក​នេះ មិនទាន់​សម្រេច​ជា​ផ្លូវការ​ទេ។

លោក​បន្ថែមទៀតថា កិច្ចការ​នេះ ទាមទា​ក្នុង​រយៈពេល​វែង​ទៅមុខទៀត និង​អាចធ្វើ​សិក្ខាសាលា​ជាច្រើន​សារ​ថែមទៀត ដើម្បី​ដំណើរ​ការឱ្យ​គម្រោង​មួយ​នេះ មាន​ប្រព្រឹត្ត​ទៅដោយ​រលូន។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ខែតុលា​កន្លងមកនេះ បានរៀបចំ​សិក្ខាសាលា ពិគ្រោះ​យោបល់​ស្តីពី​ការជ្រើសរើស​ផ្លូវ​ក្រវាត់ក្រុង​ទី៤ យន្តការ​ការគ្រប់គ្រង និង​ការទប់ស្កាត់​ការទន្ទ្រាន​ដី​ចំណីផ្លូវ និង​តម្រូវការ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ នៃ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ដោយមាន​ការពិគ្រោះ​យោបល់ ជាមួយ​បណ្តា​ក្រសួង​ពាក់ព័ន្ធ  រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ដៃគូ​អភិវឌ្ឍន៍​អំពី​ផលប៉ះពាល់​លើ អនុវត្ត​គម្រោង​នេះ និង​ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ឱ្យ​គ្រប់​ជ្រុងជ្រោយ សម្រាប់​ការអនុវត្ត​គម្រោង​ផ្លូវ​ក្រវាត់ក្រុង​ទី៤នេះ​មាន​ភាពរលូន និង​ប្រសិទ្ធភាព​ខ្ពស់។

លោក​លីម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បញ្ជាក់​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​នោះ​ថា  គម្រោង​សាងសង់​ផ្លូវ​ក្រវាត់ក្រុង​ទី៤ ជា​ផ្លូវ​មួយ​មាន​សារៈសំខាន់ ដែល​នឹង​ចូលរួមចំណែក​កាត់បន្ថយ​ការកក់ស្ទះ​ចរាចរណ៍ និង​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​របស់​បងប្អូន​ប្រជាពលរដ្ឋ ទៅកាន់​ផ្លូវជាតិផ្សេងៗ និង​ទៅកាន់​ព្រំដែន​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ បាន​កាន់តែ​លឿន ចំណេញ​ពេលវេលា កាត់បន្ថយ​ការ​ចំណាយបាន​មួយកំរិត​ទៀត” ។

លោក​បន្តថា ផ្លូវ​ខ្សែ​ក្រវាត់ក្រុង​ទី៤ ដែល​ក្រសួង​បានឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន ថ្នល់​ចិន សិក្សា​តាំងពី​ឆ្នាំ២០១៨ បាន​សិក្សា​ចប់សព្វគ្រប់​នៅ​ឆ្នាំ២០២០ ដោយ​ផ្លូវ​នេះ​មាន​ប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់​ខេត្ត​ចំនួន៤ គឺ​ខេត្តកំពង់ស្ពឺ តាកែវ កណ្តាល និង​ខេត្តព្រៃវែង។

លោក​បន្ថែមថា ក្រៅពី​ការគ្រប់គ្រង និង​ការទប់ស្កាត់​ការទន្ទ្រាន​ដី​ចំណីផ្លូវ តាម​ដងផ្លូវ​ខុសច្បាប់  ឬ​ការទន្ទ្រាន  យក​ដី​ចំណីផ្លូវ​យកមក​គ្រប់គ្រង បានធ្វើ​ឲ្យ​មានការ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ បង្ក​ឱ្យ កកស្ទះ ដល់​ហេ​ដ្ឋា រចនាសម្ព័ន្ធ ប្រព័ន្ធ​លូបង្ហូរទឹក ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ទីប្រជុំជន ឬ​ទីក្រុង បានធ្វើឱ្យ​ពិបាក​ក្នុងការ​គ្រប់គ្រង​កាក់សំណល់ ការសម្អាត​បរិស្ថាន​ថែម​ទៀតផង។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​ភ្នាក់ងារ និង​វាយតម្លៃ​អចលនវត្ថុ​កម្ពុជា បានឱ្យដឹង​ដែរ​ថា​នៅពេលដែល​ចាប់ផ្តើម​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៤ នឹង​ទទួលបាន​ផល​រីកចំរើន​ទាំង​ផ្ទាល់ ឬក៏​ដោយ​ប្រយោល​ពី​តំបន់​ឆ្លងកាត់​ទាំងនោះ ។

លោក​បន្តថា ដី​ដែល​នៅក្បែរ​ហ្នឹង ដូចជា​នៅ​ពីក្រោយ​ដី​ដែល​ជាប់​ផ្លូវ​ហ្នឹង ឬ​ដី​ដែលមាន​ទំនាក់ទំនង​ជាមួយនឹង​ផ្លូវ​ក្រវ៉ាត់​ក្រុង អាច​នឹង កសាង ឬ​អភិវឌ្ឍន៍​នៅក្នុង​តំបន់​នេះ​ឱ្យមាន​ការរីកចំរើន ។ ទាំងនេះ គឹជា​ភាព​វិជ្ជមាន​នៃ​ការ​សាង​ផ្លូវ​ក្រវ៉ាត់​ក្រុង និង​ការ​សាង​ផ្លូវ​ដើម្បី​ធ្វើឱ្យ តំលៃ​អចលនទ្រព្យ មានកំណើត​ស្ថិតនៅក្នុង និង​អាច​ទទួលយកបាន។

លោក​ច្រឹ​ក សុខ​នី​ម​បញ្ជា​ក់ទៀ​ថា  “ជាពិសេស នៅពេល​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ច្បាស់លាស់  តំបន់​នៅក្បែរ និង​ផ្លូវ​ក្រវ៉ាត់​ក្រុង​នេះ​អាច​នឹង​យកមក អភិវឌ្ឍន៍​ជា​បុរី លំនៅឋាន ផ្ទះ​លម្ហែកាយ ឬក៏​តំបន់​ពាណិជ្ជកម្ម តំបន់​ឧស្សា​កម្មផ្សេងៗទៀត ដែល​បំរើ​ដល់​ជំនួញ និង​អាជីវកម្ម​នានា​សម្រាប់​បំរើ​នៅក្នុង​ស្រុក និង​ធ្វើ​ការនាំ​ចេញទៅ​ក្រៅប្រទេស” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here