ដោយគង់ សូរិយា
ភ្នំពេញៈ នៅពេលយើងផ្សព្វផ្សាយពីអត្ថបទមួយ ទាក់ទងនឹងគំនិតមួយថាតើតើកម្ពុជាអាចជីកទន្លេសប្បនិម្មិតពីខេត្តកំពត ភ្ជាប់មកកាន់ទន្លេសាបដែរបានឬទេ? សំណួរនេះស្តាប់ទៅវាហាក់ដូចជារឿងរវើរវាយមួយ។
ប៉ុន្តែបន្ទាប់ពីការលើកឡើងនូវគំនិតនេះ មានការជជែកគ្នាជាច្រើន ពិសេសពីការទម្លាយព៌តមានពីគំរោងនេះ ដែលធ្លាប់បានគិតនាសម័យសង្គមរាស្ត្រនិយម ពីអ្នកសិក្សាស្រាវជ្រាវមួយចំនួន។
ប៉ុន្តែតើគំនិតជីកព្រែកពីខេត្តកំពត មកកាន់ទន្លេសាបមានជាប់ពាក់ព័ន្ឋនឹងគំរោងនៃគំរោងផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែរឬទេ? ចម្លើយប្រាកដណាស់ វាពិតជាប់ពាក់ព័ន្ធ ប៉ុន្តែកម្រិតស៊ីជម្រៅបែបណា ពេលវេលានឹងបើកបង្ហាញ ហើយគេហទំព័រ Propertyarea.asia នឹងលើកយកមកបង្ហាញពីបទស្រាវជ្រាវ ជាបន្តបន្ទាប់នាពេលខាងមុខ។
ទាក់ទងនឹងគំនិតផ្តួចផ្តើមដ៏ល្អនេះ វាហាក់ធ្វើឲ្យលទ្ធភាពកម្ពុជាធ្វើបានហាក់នៅឆ្ងាយ ប៉ុន្តែកម្ពុជាអាចធ្វើបានឬអត់ អាស្រ័យលើសេដ្ឋកិច្ច ធនធានមនុស្ស និងឆន្ទៈនិយោបាយរបស់រដ្ឋាភិបាល។
ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាក៏កំពុងសិក្សាផ្លូវប្រវត្តិសាស្ត្រថ្មីមួយ ដែលសាងសង់ចេញពីស្រុកសំឡូត ខេត្តបាត់ដំបង មកកាន់ខេត្តពោធិសាត់ និងឆ្ពោះទៅកាន់ខេត្តកោះកុង ដើម្បីសម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផលដ៏ច្រើននៅភូមិភាគពាយ័ព្យ ដើម្បីបញ្ជូនចេញទៅកាន់ប្រទេសទី៣ ដោយកាត់បន្ថយការពឹងផ្អែកប្រទេសជិតខាង។
ស្របពេលជាមួយគ្នានេះដែរ មហាយក្សចិនកំពុងចចារ ដើម្បីជីកទន្លេសប្បនិម្មិតមួយចេញពីច្រកសមុទ្រម៉ាឡាកា ដោយពុះកាត់ប្រទេសថៃជាពីរ ប៉ុន្តែគំរោងនេះបានជំទាស់ ដោយសហរដ្ឋអាមេរិក និងប្រទេសពាក់ព័ន្ឋមួយចំនួនទៀត ដែលទទួលបានផលប្រយោជន៍ពីការដឹកជញ្ជូនតាមផ្លូវទឹកនាពេលបច្ចុប្បន្ននេះ។
ទោះជាយ៉ាងណាគំនិតបែបស្រមើស្រម័យនេះ មិនដឹងចេញរូបរាងនាពេលណា និងមិនទាន់មានការសិក្សា ដោយស្ថាប័នណាជាក់លាក់ថា តើត្រូវចំណាយថវិកាប៉ុន្មានរយលានដុល្លារ និងមានចម្ងាយផ្លូវប៉ុន្មាននៅឡើយទេ។
បើតាមលោកសុខ សុគន្ឋហៅជេម សុខដែលជាអ្នកវិភាគមួយរូបនៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ការជីកទន្លេរឬព្រែកជីកក្រា ត្រូវបានរដ្ឋាភិបាលថៃយល់ព្រមហើយ និងមានដៃគូសហការហើយ ប៉ុន្តែគំរោងនេះរងសំពាធពីប្រទេសមហាអំណាច។
សាកស្រម័យលេងទៅ ប្រសិនបើជីកទន្លេឬព្រែកសប្បនិម្មិតពីកំពតមកកាន់ទន្លេសាបឬទន្លេមេគង្គ តើវាល្អបែបណាសំរាប់សេដ្ឋកិច្ចកម្ពុជា? ៕