ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ វាគ្មិនជាតិ និងអន្តរជាតិដែលមានឥទ្ធិពល និងមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា នឹងបង្ហាញនូវបញ្ហាប្រឈម ទស្សនវិស័យ ព្រមទាំងចក្ខុវិស័យចំពោះមុខសម្រាប់ទីផ្សារអចលនទ្រព្យឆ្នាំ២០២១ខាងមុខនេះ តាមរយៈកិច្ចសម្ភាសន៍ពិសេសដែលយើងនឹងចាក់ផ្សាយរៀងរាល់ថ្ងៃចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ វេលាម៉ោង ៧ យប់តទៅ។
វាគ្មិនសំខាន់ៗដែលបានផ្តល់កិត្តិយសចូលមកធ្វើបទបង្ហាញនៅក្នុងកម្មវិធីមួយនេះ រួមាន ៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជា, លោកស្រី ចេវ សុឃុន ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល លោក ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia លោកឧកញ៉ា នួន អក ម្ចាស់គម្រោងរីសត កំពតឋានសួគ៌ លោក Ben Li ស្ថាបនិក និងជាអគ្គនាយកគម្រោងខុនដូ Urban Village លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោក ខន គង្គារ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia រួមនឹងវាគ្មិនផ្សេងៗជាច្រើនរូបទៀត។
កិច្ចសម្ភាសន៍ពិសេសដែលគេហទំព័រអចលនទ្រព្យ Property Area Asia បានធ្វើផ្តាច់មុខនាពេលនេះ គឺដើម្បីរួមចំណែកដល់ការផ្តល់នូវចំណេះដឹង ក៏ដូចជាព័ត៌មាននានាដែលបង្ហាញពីទីផ្សារអចលនទ្រព្យនៅកម្ពុជា ក្នុងគោលបំណងចូលរួមលើកកម្ពស់ដល់ការវិនិយោគ និងអភិវឌ្ឍន៍ ជាពិសេសកាត់បន្ថយនូវភាពភ័យខ្លាចរបស់អ្នកជំនួញ ក៏ដូចជាប្រជាពលរដ្ឋមិនហ៊ានវិនិយោគនៅក្នុងវិស័យអចលនទ្រព្យឱ្យងាកត្រឡប់មកវិញ ដើម្បីឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយចំពោះមុខ ថាតើវិស័យអចលនទ្រព្យនៅកម្ពុជា នឹងមានភាពរីកចម្រើន និងអភិវឌ្ឍន៍ដូចម្ដេច? អ្នកវិនិយោគជាតិ-អន្តរជាតិ គួរត្រៀមខ្លួនបែបណា ដើម្បីឱ្យការវិនិយាគរបស់ខ្លួនទទួលបានភាពជោគជ័យ ក៏ដូចជាការលើកស្ទួតបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែធំធាត់។
គេទំព័រអចលនទ្រព្យ Property Area Asia ដែលតែងតែរួមចំណែកជាមួយនឹងប្រជាពលរដ្ឋ អ្នកវិនិយោគជាតិ និងអន្តរជាតិក្នុងវិស័យឯកជន រួមទាំងរាជរដ្ឋាភិបាលកម្ពុជា គឺស្ថិតនៅជាមួយលោកអ្នកដើម្បីផ្តល់នូវព័ត៌មានពិតឥតលម្អៀង មានតុល្យភាពប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ហើយយើងនឹងនៅតែបន្តបេសកកម្មនេះ ដើម្បីសម្រេចឱ្យបាននូវជោគជ័យថ្មីៗបន្ថែមទៀតនៅកម្ពុជា។
សូមរង់ចាំទស្សនាកម្មវិធីផ្តល់កិច្ចសម្ភាសន៍ពិសេសអំពីទីផ្សារអចលនទ្រព្យកម្ពុជាទាំងអស់គ្នា ។