ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បណ្តាអ្នកជំនួញនៅកម្ពុជាបានធ្វើការអំពាវនាវ និងទទូចសុំឱ្យសាធារណជនទូទៅ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសចូលរួមអនុវត្តនូវវិធានការដែលបានដាក់ចេញដោយក្រសួងសុខាភិបាលឱ្យបានហ្មត់ចត់ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា លោក ឃាងពុទ្ធី បានមានប្រសាសន៍តាមទូរស័ព្ទនៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាទដែលនៅទូទាំងប្រទេស ត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់នូវរាល់បញ្ហា ក៏ដូចជាវិបត្តិដែលកំពុងកើតមាន ជៀសវាងប៉ះពាល់កាន់តែធំដល់សង្គមកម្ពុជាទាំងមូល។
លោក ឃាង ពុទ្ធី បានមានប្រសាសន៍ថា “ក្នុងដំណាក់កាលនេះ ប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួបតាមវិធានការនានាដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ជាពិសេសអ្នកដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយព្រឹត្តិការណ៍៣វិច្ឆិកា ដោយការធ្វើចត្តាឡីស័កនៅទាំងនៅតាមលំនៅដ្ឋានក្នុងមូលដ្ឋាន ក៏ដូចជានៅតាមទីកន្លែងដែលត្រូវបានរៀបចំឡើងដោយក្រសួងសុខាភិបាល”។
លោកបញ្ជាក់ថា “យើងព្យាយាមអនុវត្តដោយការឃុំខ្លួននៅតាមផ្ទះ ឬកាត់បន្ថយការជួបជុំគ្នាច្រើននៅក្នុងរយៈពេលខ្លីប្រមាណ៣សប្ដាហ៍តែប៉ុណ្ណោះដូចការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល។ ប៉ុន្តែប្រសិនបើ យើងមិនអនុវត្ត ហើយបញ្ហាកាន់តែកើតឡើងធំ វាមិនត្រឹមតែប៉ះពាល់ដល់ខ្លួនតែម្នាក់ឯងនោះទេ ប៉ុន្តែវានឹងជះឥទ្ធិពលអាក្រក់ដល់ក្រុមគ្រួសារ អ្នកជិតខាង ជាពិសេសសង្គមជាតិទាំងមូលតែម្ដង”។
អគ្គនាយកក្រុម PREMIUM Group លោក ម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍ថា “ការអនុវត្តតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល មិនមែនជារឿងដែលពិបាកមិនអាចធ្វើបាននោះទេ។ យើងត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីភាពល្អប្រសើរ និងសេចក្ដីសុខសុវត្ថិភាព ក៏ដូចជាការចូលរួមទ្រទ្រង់សេដ្ឋកិច្ចជាតិទាំងមូលតាមរយៈការព្យាយាមចូករួមអនុវត្តតាមវិធានដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ”។
លោកបន្តថា “នៅពេលប្រទេសជាតិកើតមានវិបត្តិកាន់តែធំ វានឹងធ្វើឱ្យប៉ះពាល់គ្រប់វិស័យទាំងអស់ ដូច្នេះដើម្បីបញ្ចៀសកុំឱ្យបញ្ហាដែលកំពុងចាប់កើតមាននៅពេលរីកធំឡោះងកាន់តែខ្លាំង គឺមានតែការចូលរួមជាមួយរាជរដ្ឋាភិបាលទាំងអស់ដែលជាទង្វើអាទិភាព”។
សម្ដេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់សាធារណជនទាំងអស់មេត្តាអនុវត្តតាមវិធានការដែលបានដាក់ចេញដោយក្រសួងសុខាភិបាលជាចាំបាច់។
សម្ដេចក៏បានអំពាវនាវថា “ខ្ញុំសុំចេញបទបញ្ជាឱ្យក្រសួងសុខាភិបាល អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្តាលពិនិត្យតាមដានគ្រប់មនុស្សដែលបាន និងកំពុងធ្វើចត្តាឡីស័ក ប្រសិនពួកគាត់អនុវត្តមិនបានត្រឹមត្រូវក្នុងការធ្វើចត្តាឡីស័កតាមផ្ទះទេ សូមអញ្ជើញពួកគាត់ទៅធ្វើចត្តាឡីស័កតាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាល ដោយមានការយាមកាមពីកម្លាំងនគរបាលឬកងរាជអាវុធហត្ថអោយបានហ្មត់ចត់។ នេះគឺជាគន្លឹះក្នុងការឈានទៅបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាឱ្យបានឆាប់តាមរយៈកុំឱ្យកើនចំនួនមនុស្សពាក់ព័ន្ធដែលនាំដល់អូសពេលវេលាកាន់តែវែង។ សូមកុំឱ្យកំទេចភ្លើងក្លាយជាអគ្គីភ័យតាមរយៈការធ្វេសប្រហែសរបស់យើង សូមជួយពន្លត់ភ្លើង និង សុំកុំអង្គុយបក់ផ្សែង។ ព្រឹត្តិការណ៍៣វិច្ឆិកានឹងបញ្ចប់ក្នុងខែវិច្ឆកានេះ ដែលមិនត្រូវពន្យាពេល។ សូមជូនពរបងប្អូនជនរួមជាតិឃ្លាតឆ្ងាយពីកូវីត១៩”៕