ដោយៈ រ៉ាណេត
ភ្នំពេញៈ ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ត្រូវបានគេធ្វើឡើងច្រើនប្រភេទ និងច្រើនផ្នែកទៅតាមជំនាញ និងចំណេះដឹងដែលមានរៀងៗខ្លួន។ ប៉ុន្តែជាមួយនឹងការបណ្តាក់ទុន និងចំណាយពេលវេលានៅក្នុងវិស័យនេះ លទ្ធផលវិជ្ជមាននិងអវិជ្ជមានអាចកើតមានឡើង និងដើរទន្ទឹមគ្នា។ នេះបើតាមលើកឡើងរបស់លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment ។
លោក វ៉ា វីរៈ បានមានប្រសាសន៍ថា នៅពេលដែលនិយាយពីអចលនវត្ថុ គឺសំដៅទៅលើ ដីធ្លី ផ្ទះ អគារ ឃ្លាំង ឬរោងចក្រជាដើមដែលវាស្ថិតនៅលើដីនោះ ហើយវិស័យអចលនវត្ថុ មានច្រើនប្រភេទសម្រាប់បម្រើមុខងារ និងតម្រូវការផ្សេងៗរបស់មនុស្ស ដូចជាបម្រើទៅលើលំនៅឋាន បម្រើទៅលើអាជីវកម្ម ឧស្សាហកម្ម កសិកម្ម និង បម្រើទៅលើវិស័យទេសចរណ៍ជាដើម។
លោកបានបន្តថា “បច្ចុប្បន្ននេះយើងឃើញថា មនុស្សភាគច្រើនតែងតែបោះទុនវិនិយោគ ទៅលើវិស័យអចលនវត្ថុយ៉ាងច្រើន ដោយសារតែការវិនិយោគ ទៅលើវិស័យនេះអាចទទួលបានផលចំណេញ និងប្រាក់ចំណូលបានច្រើន។ លោកបន្តថា “រាល់ការវិនិយោគទាំងអស់នេះ វាមានចំណុចវិជ្ជមាន និងចំណុចអវិជ្ជមានដែលគួរតែស្វែងយល់មុនពេលប្រឡូក” ។
លោក វ៉ា វីរៈ បានបញ្ជាក់ឱ្យដឹងទៀតថា ការវិនិយោគទៅលើមុខជំនួញអ្វីក៏ដោយគឺសុទ្ធតែមានផលវិជ្ជមាន និង អវិជ្ជមាន ដោយជៀសមិនរួច ហើយការវិនិយោគទៅលើវិស័យអចលនវត្ថុក៏ដូច្នឹងដែរ។
ខាងក្រោមនេះគឺជាចំណុចវិជ្ជមាន និងចំណុចអវិជ្ជមានចំពោះការវិនិយោគទៅលើវិស័យអចលនវត្ថុ។
ចំណុចវិជ្ជមាន
– ធ្វើឲ្យមានការកើនឡើងតម្លៃៈ វិនិយោគិននឹងអាចទទួលបានផលចំណេញច្រើនពីវិស័យមួយនេះ ដោយសារតែតម្លៃរបស់អចលនវត្ថុ មិនដែលថមថយចុះទេ គឺមានតែឡើងថ្លៃជាងមុន ព្រោះបច្ចុប្បន្នហើយនិងអនាគតមានភាពខុសគ្នា។
– ជួយផ្ដល់នូវចរន្តហូរចូលនៃទឺកប្រាក់ៈ សំដៅទៅលើការជួលបន្តទៅឲ្យអ្នកដទៃ ដូចជាជួលឲ្យគេធ្វើកសិកម្ម ឧស្សាហកម្ម ឬការិយាល័យជាដើម ដែលវាអាចជាឱកាសសម្រាប់អ្នកក្នុងការទទួលយកប្រាក់ចំណេញ។
– ប្រើលុយអ្នកដទៃ ដើម្បីឱ្យខ្លួនឯងទទួលបានផលចំណេញៈ មានន័យថាបើអ្នកមិនមានធនធានគ្រប់គ្រាន់ អ្នកអាចយកអចលនទ្រព្យផ្សេង ដែលជាកម្មសិទ្ធរបស់អ្នកទៅដាក់នៅធនាគារ ដើម្បីយកលុយពីធនាគារទៅឲ្យម្ចាស់អចលនទ្រព្យ។
– ជួយទប់ទល់ករណីមានអតិផរណាកើតឡើងៈ មានន័យថាយើងគួរតែយកលុយទៅវិនិយោគទៅលើវិស័យមួយនេះ ជាជាងទុកលុយចោលអត់ប្រើវា ព្រោះការវិនិយោគនឹងធ្វើឲ្យអ្នកកើននូវប្រាក់ចំណូល។
ចំណុចអវិជ្ជមាន
– ទាមទារឱ្យយើងមានលុយច្រើនៈ ការវិនិយោគនីមួយៗ តែងតែតម្រូវឲ្យអ្នកមានដើមទុនច្រើន ជាពិសេសការវិនិយោគទៅលើវិស័យអចលនវត្ថុនេះតែម្ដង ដែលវាតម្រូវឲ្យអ្នកមានលុយរាប់ម៉ឺន រាប់លានដុល្លារទើបអាចធ្វើការវិនិយោគបាន។
– មានជំនាញខាងច្បាប់ៈ អ្នកត្រូវចេះផ្នែកច្បាប់ខ្លះៗ ដូចជា ការកាត់ប្លង់ដី ការបង់ពន្ធលើអចលនទ្រព្យ ការជួលអគារ និង ការស្វែងរកអតិថិជនជាដើម។
– យើងត្រូវចេះមើលថែទាំវាឲ្យបានល្អៈ បើយើងមើលថែទាំវាបានល្អ មានសោភណភាព និង មានផាសុកភាពល្អ នោះតម្លៃនៃអចលនទ្រព្យក៏កើនឡើងតាមហ្នឹង តែបើមិនបានថែទាំបានល្អទេ តម្លៃវានឹងធ្លាក់ថ្លៃតាមហ្នឹងដែរ។
– តម្រូវឲ្យយើងវិនិយោគរយៈពេលវែងៈ អ្នកវិនិយោគិនគួរតែវិនិយោគទៅលើរយៈពេលវែង ព្រោះបើសិនជាវិនិយោគិនវិនិយោគទៅលើរយៈពេលខ្លី នោះពួកគាត់អាចនឹងប្រឈមមុខជាមួយនឹងការខាតបង់ខ្លាំង ព្រោះគ្រាន់តែចំណាយទៅលើការធ្វើសេវាកម្ម និងបង់ពន្ធគឺវាស្ទើរតែអស់ទៅហើយ៕