តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែមាន​ស្ថេរភាព ទោះ​វិបត្តិ​អូសបន្លាយ​ពេល

0

ដោយ ហ្សូ​លី

ភ្នំពេញៈ ថ្វីត្បិតតែ​វិស័យ​អចលនទ្រព្យ បាន​បន្ត​ទទួលរង​នូវ​ឥទ្ធិពល​ពី​វិបត្តិ​សកល ប៉ុន្តែ​តម្លៃ​អចលនទ្រព្យ មិនទាន់មាន​ការធ្លាក់​ចុះ ឬ​ចោទ​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ ដូច​កាលពី​ផ្ទុះ​ជំងឺ​រាតត្បាត​ដំបូង​នៅ​ដើមឆ្នាំ២០២០នោះឡើយ។

អគ្គនាយក​ក្រុមហ៊ុន UTrust និង​ជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍ​ដី​ឡូ​តិ៍​លោក​ម៉ន សុខា បាន​មានប្រសាសន៍ប្រាប់​គេហទំព័រ Propertyarea.asia កាលពី​ថ្ងៃទី១៣ វិច្ឆិកា​កន្លងមក​ថា កម្ពុជា​ពិតជា​រង​ផលប៉ះពាល់​ពី​ឥទ្ធិពល​សកល​នេះ​មែន ក៏ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ការលក់​អចលនទ្រព្យ ជាក់ស្តែង​ទីផ្សារ​ដី​ឡូ​តិ៍​ផ្ទាល់ នៅតែ​បន្ត​មាន​ចរន្ត​យ៉ាងសកម្ម ដោ យ​សារ​តែ​អតិថិជន​សង្កេតឃើញ​ពី​ឱកាសល្អ​ពី​ក្នុង​វិបត្តិ។

លោក​បន្តថា “អតិថិជន​ដែល​មករក​ទិញ​អចលនទ្រព្យ ក្នុងអំឡុង​ពេលនេះ ភាគច្រើន​ជា​អតិថិជន​ពិតប្រាកដ មិនមែនជា​អតិថិជន​សួរ​ចោល​នោះទេ” ។

ទន្ទឹមនឹងនេះ លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែង​ប្រាប់ថា ការអភិវឌ្ឍន៍ សំណង់​លំនៅឋាន បុរី ខុន​ដូ​នានា ឃើញថា មាន​ក្រុមហ៊ុន​ជាច្រើន​កំពុង​ជួប​បញ្ហា​ប្រឈម​ដូចជា ការបាត់បង់ អតិថិជន ជាពិសេស​ការបាត់បង់​ឱកាស​ប្រាក់ចំណូល​ជាដើម ទោះជា​យ៉ាងណា​អ្នក​ប្រកប​រកស៊ី​មុខរបរ​ទាំងនោះ នៅតែ​បន្ត​លើ​អាជីវកម្ម​របស់ខ្លួន។

អ្នកជំនាញ​អចលនទ្រព្យ​រូបនេះ​ថ្លែងថា តម្លៃ​ទិញ-លក់​អចលនទ្រព្យ​នៅ​កម្ពុជា​មិនទាន់មាន​ធ្លាក់ចុះ​ឡើយ ពោលគឺ​នៅ​ឈរ​ទ្រឹង ខណៈដែល​អ្នករកស៊ី​នៅតែ​បន្ត​ទៅតាម​យុទ្ធសាស្ត្រ​របស់ខ្លួន ទោះបី​ស្ថានភាព​នៃ​ផលប៉ះពាល់​នៅ អូសបន្លាយ​ក៏ដោយ។

ចំពោះ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្ទះល្វែង បុរី​តូចតាច​នានា បច្ចុប្បន្ន​នៅតែ​បន្ត​ទៅតាម​យុទ្ធសាស្ត្រ​គឺ​នៅ​ពង្រីក​តាម​តំបន់ អភិវឌ្ឍន៍​របស់ខ្លួន​តិចតួច​ប៉ុណ្ណោះ ចំណែក​ការអភិវឌ្ឍន៍​គម្រោងធំៗវិញ មកដល់​បច្ចុប្បន្ន​គម្រោង​សាងសង់​ដូចជា បុរី ខុន​ដូ នៅតែ​បន្ត​ការសាងសង់​គម្រោង​អភិវឌ្ឍន៍​ជាធម្មតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here