ដោយស៊ីវ ម៉េង
ភ្នំពេញ ការសិក្សាថ្មីមួយបានរកឃើញថា តម្លៃដីធ្លីនៅកម្ពុជាបានកើនឡើង២២៥ភាគរយ ក្នុងរយៈពេលមួយ១០ឆ្នាំកន្លងមកនេះ និងបន្តកើនឡើង៧ភាគរយជាមធ្យមក្នុងមួយឆ្នាំបន្ថែមទៀត សម្រាប់រយៈពេលមួយទសវត្សរ៍ខាងមុខ។
នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodia អ្នកនាងអាន សុធីតាបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍កាលពីពេលថ្មីៗនេះថា តម្លៃដីធ្លីនៅកម្ពុជានឹងបន្តកើនឡើងបន្ថែមទៀត ដែលយើងអាចព្យាករណ៍ថា កំនើនតម្លៃដីធ្លីនឹងកើន៧ភាគរយក្នុងមួយឆ្នាំសម្រាប់មួយទសវត្សរ៍ខាងមុខ ប៉ុន្តមិនមែនមានន័យថា តម្លៃដីធ្លីនឹងកើនឡើងថេរ៧ភាគរយនោះទេ គឺឆ្នាំខ្លះអាចតិចជាងនេះ និងឆ្នាំខ្លះអាចច្រើនជាងនេះ ប៉ុន្តែតួលេខ៧ភាគរយ ជាតួលេខដែលគិតជាមធ្យម។
អ្នកនាបន្តថា “ការព្យាករណ៍បែបនេះ ដោយយើងឈរលើមូលដ្ឋានសំខាន់ៗដូចជាតម្រូវការទិញលក់ក្នុងទីផ្សារ ការសិក្សាប្រៀបធៀបជាមួយប្រទេសថៃ និងវៀតណាមជាដើម ព្រោះប្រទេសទាំងនេះមានស្ថានភាពស្រដៀងគ្នានឹងកម្ពុជា”។
អ្នកនាងអាន សុធីតាបានបន្តឲ្យដឹងផងដែរថា បើគិតរយៈពេល១០ឆ្នាំកន្លងមកនេះ តម្លៃដីធ្លីបានកើនឡើងយ៉ាងខ្លាំង ដោយកាលពីឆ្នាំ២០០៨តម្លៃដីធ្លី ដែលខ្ពស់ជាងគេគឺមានតម្លៃជាមធ្យម២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ។
ការវិភាគរបស់អ្នកជំនាញមួយចំនួនទៀតបានអះអាងឲ្យដឹងថា តម្លៃដីធ្លីនៅកម្ពុជាកើនឡើដោយសារកត្តាសំខាន់ៗជាច្រើន ដូចជា កត្តាសន្តិភាព ស្ថិរភាពនយោបាយ កំនើនសេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល និងកត្តាប្រជាសាស្រ្ត៕