ដោយ ៖ សុខុម
ក្រុងហ្សាការតា: ពេលនេះបណ្ដាវិនិយោគិននៅក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់ផ្ដើមមានទំនុកចិត្ដខ្លាំងជាងមុន នៅពេលពួកគេសង្កេតឃើញផលបត្រវិនិយោគបរទេសដែលហូរចូលមូលបត្ររដ្ឋាភិបាល (SBN) នៃប្រទេសនេះបានកើនឡើងរហូតដល់ ៤៨,៦ ទ្រីលានរូពី (៣,៤ ពាន់លានដុល្លារអាមេរិក) ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានចន្លោះពីខែមេសា ដល់ខែវិច្ឆិកា។ នេះបើយោងតាមកាសែត The Jakatar Post ចុះផ្សាយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ។
ប្រាក់បម្រុងរូបិយប័ណ្ណបរទេសបានកើនឡើងនៅដំណាច់ខែតុលា រហូតដល់ ១៣៣,៧ ពាន់លានដុល្លារ ដែលខ្ពស់ជាងកម្រិតមុនពេលផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ទៅទៀត។
អត្រាប្ដូរប្រាក់រូពីនាពេលបច្ចុប្បន្នមានតម្លៃទាបនៅឡើយ។ ស្ថិរភាព និងភាពរឹងមាំនៃអត្រាប្ដូរប្រាក់រូពី ត្រូវបានគាំទ្រដោយកត្តារួមផ្សំមួយចំនួនដូចជា (ទី១) អតិផរណាទាប និងអាចគ្រប់គ្រងបាន (ទី២) ឱនភាពគណនីចរន្តទាបក្រោម ១,៥% នៃផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់រយៈពេលពេញមួយឆ្នាំ២០២០ (ទី៣) ភាពខុសគ្នាខ្លាំងនៃអត្រាការប្រាក់រវាងទីផ្សារក្នុងស្រុក និងក្រៅស្រុក (ទី៤) ការកើនឡើងប្រាក់បម្រុងរូបិយប័ណ្ណបរទេស (ទី៥) បុព្វលាភហានិភ័យធ្លាក់ចុះដែលស្របគ្នាទៅនឹងភាពមិនប្រាកដប្រជាទាបជាងមុននៅក្នុងទីផ្សារហិរញ្ញវត្ថុក្នុងស្រុក និងសកលលោក។
គោលនយោបាលរបស់ធនាគារឥណ្ឌូនេស៊ី (Bank Indonesia) ដែលជាធនាគារកណ្ដាលនៃប្រទេសនេះលើការបន្ទាបអត្រាការប្រាក់ និងការបន្ធូរបន្ថយផ្នែករូបិយវត្ថុ បានធ្វើឱ្យអត្រាការប្រាក់ធ្លាក់ចុះទាប និងស្ថិរភាពទីផ្សារហិរញ្ញវត្ថុល្អប្រសើរឡើង បើទោះបីជាអត្រាផ្ដល់កម្ចីធ្លាក់ចុះតិចតួចយ៉ាងណាក្ដី។
ដើម្បីជំរុញការផ្ដល់ហិរញ្ញប្បទានសម្រាប់ជួយទ្រទ្រង់ដល់បណ្ដាក្រុមហ៊ុនសហគ្រាស និងកម្មវិធីស្ដារសេដ្ឋកិច្ចជាតិឱ្យងើបឡើងវិញ ធនាគារឥណ្ឌូនេស៊ី ក៏បានទម្លាក់ឥណទានកាន់តែច្រើនទៅឱ្យធនាគារមួយចំនួនធំ៕