ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា (CLDA) បានអះអាងថា ទីផ្សារដីឡូត៍ដែលកំពុងមានសកម្មភាពយ៉ាងមមាញឹកនៅពេលបច្ចុប្បន្ននេះគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងចំណោមផ្នែកដទៃទៀតនៃវិស័យអចលនទ្រព្យកម្ពុជា។
លោកម៉ន សុខាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានមានប្រសាសនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះថា នៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ទីផ្សារដីឡូត៍គឺជាផ្នែកមួយដែលមានសារសំខាន់ក្នុងការបន្តសកម្មភាព និងចរន្តនៃទីផ្សារអចលនទ្រព្យ បើទោះជាកំពុងស្ថិតនៅក្នុងស្ថានភាពប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសាកលក៏ដោយ ខណៈដែលទីផ្សារដីឡូត៍ត្រូវបានគាំទ្រពីសំណាក់អតិថិជនក្នុងស្រុក។
លោកបានបន្តថា “អ្នកដែលមានចំណូលមធ្យម និងនៅមិនទាន់មានលំនៅដ្ឋានស្នាក់សនៅកម្មសិទ្ធិដែលមានលក្ខណៈសមរម្យគឺនៅមានច្រើន។ ពួកគាត់មិនមានធនធានគ្រប់គ្រាន់ក្នុងការទិញដី ឬទិញលំនៅដ្ឋានដោយការបង់ផ្តាច់នោះទេ ប៉ុន្តែតាមរយៈសកម្មភាពអភិវឌ្ឍន៍គម្រោងដីឡូតិ៍របស់ក្រុមហ៊ុនក្នុងស្រុកបានជួយសម្រួលដល់ពួកគាត់អាចទិញដីទុកសម្រាប់សាងសង់លំនៅដ្ឋានស្នាក់នៅកម្មសិទ្ធិបានដោយការផ្តល់នូវលក្ខខណ្ឌបង់ប្រាក់ក្នុងកម្រិតទាបដែលស្របទៅតាមលទ្ធភាពរបស់ពួកគាត់”។
លោកបានលើកឡើងថា នៅក្នុងរយៈពេលដែលពិភពលោកជួបនឹងវិបត្តិ និងជះឥទ្ធិពលមកដល់កម្ពុជាផងដែរនោះ វិស័យធំៗមួយចំនួនបានទទួលរងនូវផលប៉ះពាល់ ហើយក្នុងនោះវិស័យអចលនទ្រព្យក៏ទទួលនូវភាពអវិជ្ជមានផងដែរ ប៉ុន្តែទោះជាយ៉ាងណា ទីផ្សារដីឡូត៍នៅតែបន្តមានសកម្មភាពទិញ-លក់មិនជាប់គាំងដូចគម្រោងធំៗនោះទេ។ តាមរយៈសកម្មភាពនៃការទិញលក់នៅក្នុងទីផ្សារដីឡូត៍នេះ ក៏បានផ្តល់នូវផលចំណូលដល់ថវិកាជាតិតាមរយៈនៃការបង់ពន្ធជូនរដ្ឋ ដែលជាចំណែកមួយជួយទ្រទ្រង់សេដ្ឋកិច្ចផងដែរ។
ទោះជាយ៉ាងណាក៏ដោយ លោកម៉ន សុខា បានបញ្ជាក់ផងដែរថា ទោះជាទីផ្សារដីឡូត៍នៅតែអាចរក្សាបាននូវភាពល្អប្រសើរក្ដី ប៉ុន្តែសម្រាប់អតិថិជនក៏គួរតែមានការប្រុងប្រយ័ត្នមុនពេលសម្រេចចិត្តទិញនៅក្នុងគម្រោងណាមួយគប្បីស្វែងយល់ពីគម្រោងឱ្យបានច្បាស់ ជាពិសេសត្រូវពិនិត្យទៅលើរាល់ឯកសារដែលពាក់ព័ន្ធទៅនឹងក្រុមហ៊ុនលក់គម្រោងមានភាពត្រឹមត្រូវស្របច្បាប់ឬទេ និងត្រូវពិនិត្យលើឯកសារទិញលក់ ប្រលក់ប្រាក់ឱ្យបានត្រឹមជៀសវាងជួបហានិភ័យ ឬភាពខាតបង់៕