ដោយដួង ចន្រ្ទា
ភ្នំពេញ ជាមួយនឹងការវិនិយោគ និងតែងតែរួមចំណែកជួយដល់សង្គម ក្រុមហ៊ុនបុរីប៉េង ហួតគ្រុបបាននិងកំពុងចូលរួមយ៉ាងសកម្មលើការថែរក្សា និងលើកកំពស់បរិស្ថាន ក្នុងឳកាសកម្ពុជាអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក។
ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ប៉េង ហួតគ្រុបជាង២០០នាក់ បានចូលរួមអបអរសាទរ ក្នុងទិវាដ៏មានសារៈសំខាន់នេះ ដោយបានរួមគ្នាដាំដើមឈើប្រមាណ១៤០០ដើម អមសងខាងផ្លូវបេតុង៧០Bប្រវែង៧០០០ម៉ែត្រ ក្នុងខេត្តកំពង់ចាម ដែលផ្លូវនេះសរុបមានប្រវែង១៦គីឡូម៉ែត្រ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដល់ប្រជាពលរដ្ឋ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប។
អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម លោកហេង វណ្ណនី បានមានប្រសាសន៍ក្នុងទិវាបរិស្ថានជាតិ និងពិភពលោកនាព្រឹកថ្ងៃទី៥ មិថុនាកន្លងមកថា ក្នុងគោលដៅ រក្សារការពារព្រៃឈើ និងបរិស្ថានរុក្ខទិវាត្រូវបានកំណត់ដោយព្រះរាជក្រឹត្យ លេខ ៧៣៨ សន ថ្ងៃទី៨ខែសីហានៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ ហើយអង្គការសហប្រជាជាតិបាន បង្កើតទិវាបរិស្ថានពិភពលោកក្នុងឆ្នាំ១៩៧២ ក្នុងការបំផុលគំនិតប្រជាពលរដ្ឋឲ្យស្រលាញ់បរិស្ថានរបស់យើង។ នាពេលបច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាក៏បានកំនត់យកថ្ងៃ៥មិថុនានេះជា ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ដើម្បីបន្តការថែរក្សាព្រៃឈើដែលជាប្រយោជន៍សង្គមដ៏សំខាន់។
លោកក៏បានមានប្រសាស៍ថ្លែងអំណរគុណ ដល់ក្រុមហ៊ុនប៉េង ហួតគ្រុប ដែលតែងតែចូលរួមរក្សាបរិស្ថាន និងតែងតែចូលរួមសកម្មភាពសង្គម ដូចជាការសាងសង់ផ្លូវ ព្រះវិហារ និងសាលារៀននាស្រុកសន្ធរ ខេត្តកំពង់ចាមនេះតែម្តង។ រួមទាំងបុគ្គលិករបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីដាំដើម ឈើនេះផងដែរ។
ថ្លែងក្នុងឳកាសនោះផងដែរ លោក អ៊ុក វីឡា នាយកផ្នែកធនធានមនុស្ស តំណាងឲ្យក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានប្រសាស៍ថា ក្រុមហ៊ុន ប៉េង ហួត គ្រុប មានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមកម្មវិធីដាំដើមឈើ ក្នុងឱកាសទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក៥មិថុនា នៅស្រុកស្រីសន្ធរខេត្តកំពង់ចាមនេះ។
លោកបន្តទៀតថា ជារៀងរាល់ឆ្នាំថ្ងៃទី៥ខែមិថុនា ប្រទេសនានាជាង១៤០ប្រទេសទូទាំងពិភពលោក នាំគ្នាប្រារព្វទិវាបរិស្ថានពិភពលោក ដែលទិវានេះបានជំរុញឲ្យមានការយល់ដឹងពីបញ្ហាបរិស្ថាននានា ដូចជាបញ្ហាបំពុលក្នុងសមុទ្រ បម្រែបម្រួលអាកាសធាតុ ការថយចុះនៃព្រៃឈើ និងបង្វែរចំណាប់អារម្មណ៍ឲ្យយើងគ្រប់គ្នា ចូលរួមសកម្មភាពថែរក្សា និងការពារបរិស្ថានឲ្យមាននិរន្តរភាពសំរាប់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ។
ស្របជាមួយការផ្ដួចផ្តើមនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំផែនការយុទ្ធសាស្ត្របរិស្ថាន ដើម្បីធានាឲ្យបាននូវការអភិវឌ្ឍមួយ ដែលប្រកបដោយនិរន្តរភាព។ ក្នុងនោះ ក្រុមហ៊ុន ប៉េង ហួតគ្រុបបានចូលរួមយ៉ាងសកម្ម ក្នុងការថែរក្សាការពារបរិស្ថាន ជាពិសេស បរិស្ថានក្នុងគម្រោងបុរីដោយបានដាំដើមឈើជាច្រើនប្រភេទ និងមានសួនព្រមទាំងលំហបៃតងធំៗជាច្រើន ដែលផ្ដល់ភាពស្រស់ស្រាយ និងបរិយាកាសរស់នៅល្អដល់ប្រជាជនក្នុងគម្រោង និងបានចូលរួមលើកកំពស់ទីក្រុងស្អាត។
«ផឹកទឹកនឹកដល់ប្រភព បើបានជ្រកម្លប់សូមនឹកដល់អ្នកដាំ» នេះជាប្រសាស៍ផ្ទាល់របស់ស្ថាបនិកក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលបានលើកឡើងដោយលោក អ៊ុក វីឡា នាថ្ងៃនោះបានសរបញ្ជាក់ថា ក្រុមហ៊ុន ប៉េង ហួត គ្រុបបានរីកចំរើនរហូតដល់សព្វថ្ងែនេះ ក្រុមហ៊ុនតែងជានិច្ចកាលចែករំលែក និងចូលរួមអភិវឌ្ឍសង្គម តាមរយៈសកម្មភាពមនុ ស្សធម៏ផ្សេងៗដូចជា ការកសាងព្រះវិហារនិងផ្លូវថ្នល់កាលពីពេលថ្មីៗនេះផងដែរ។ ក្នុងនោះផងដែរក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានឧបត្ថមជាសម្ភារៈសិក្សាដល់សាលាចំនួន៤ក្នុងស្រុកស្រីសន្ធរ ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតជូនដល់សាលាស្រុក៕