ដោយគង់ សូរិយា
ភ្នំពេញៈ រាជធានីភ្នំពេញបានធំធាត់ ដូចកុមារម្នាក់ផងដែរ និងរីកមាឌកាន់តែធំដូចសេដ្ឋកិច្ចកម្ពុជាកាន់តែរីកធំឡើងពីមួយឆ្ពាំទៅមួយឆ្នាំ ទាំងទំហំផ្ទៃដី ប្រជាសាស្ត្រនិងចំនួនយានយន្ត។
ពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី និងការដឹកនាំផ្ទាល់របស់ក្រុមប្រឹក្សាក៏ដូចគណៈអភិបាលរាជធានីភ្នំពេញ តែងបានខិតខំបំពេញ កសាង និងអភិវឌ្ឍន៏ធ្វើអោយរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសជាតិកាន់តែមានភាពរីកចំរើន និងស៊ីវិល័យជាបន្តបន្ទាប់។ ទន្ទឹមនឹងការរីកចំរើនមិនឈប់ឈរបែបនេះ រាជធានីភ្នំពេញ ក៏បានពង្រីកខ្លួនរហូតមកដល់ឆ្នាំ២០២១នេះ មានកំណើនទ្វេរដងរាប់ទាំងផ្ទៃដី និងចំនួនប្រជាពលរដ្ឋ ។
យោងតាមរបាយការណ៏របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលគ្រោងនឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១នោះ បានឱ្យដឹងថា ភ្នំពេញ ជារាជធានីមួយក្នុងចំណោមរាជធានី ខេត្តសរុប២៥ ជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៍ និងការទូត ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ។
រាជធានីភ្នំពេញស្ថិតនៅភាគខាងត្បូង នៃប្រទេសកម្ពុជា ត្រង់ទន្លេចតុមុខ ជាចំណុចប្រសព្វរវាង ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ដែលមានព្រំប្រទល់ខាងលិចទល់នឹងស្រុកអង្គស្នួល ខាងកើតទល់នឹង ស្រុកកៀនស្វាយ ខាងជើងទល់នឹងស្រុកមុខកំពូល ខាងត្បូងទល់នឹងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
របាយការណ៍ដដែលបានបញ្ជាក់ថា ឆ្នាំ២០១៩កន្លងមកនេះរាជធានីភ្នំពេញមាន ផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ១៤ ចំនួនសង្កាត់១០៥ ចំនួនភូមិ១០៥ ចំនួនគ្រួសារ៣៩៩.២០៣ ចំនួនប្រជាពលរដ្ឋសរុប២.១២៩.៣៧១នាក់ ចំនួនស្រី្តសរុប១.០៩០.១៧៩នាក់ ។ នេះជារបាយការផ្លូវការជំរឿនឆ្នាំ២០១៩ ។
ទាក់ទិនទៅនឹងការពង្រីកខ្លួន របស់រដ្ឋបាលរាជធានីភ្នំពេញពីមួយឆ្នាំទៅមួយឆ្នាំនោះ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា បើលោកចាំមិនច្រឡំទេនោះ នៅក្នុងឆ្នាំ២០០៦រាជធានីភ្នំពេញមានផ្ទៃដីសរុប៣៧៥ គីឡូម៉ែត្រការ៉េ មានខណ្ឌចំនួន៧ សង្កាត់ចំនួន៧៦ ប្រជាពលរដ្ឋសរុបចំនួន១.០៥០.៦១៦នាក់។
នៅឆ្នាំ២០០៩រាជធានីភ្នំពេញបានពង្រីកបន្ថែម ដែលកាត់ទាំងដី និងប្រជាពលរដ្ឋពីខេត្តកណ្តាល គឺមានផ្ទៃដីសរុប៣៧៧,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ៨ ចំនួនសង្កាត់៧៦ ចំនួនប្រជាពលរដ្ឋសរុប១.៣២៧.៦១៦នាក់។ នៅឆ្នាំ២០១២រាជធានីភ្នំពេញពង្រីកបន្ថែមដែលមានផ្ទៃដីសរុប៦៧៨,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ៩ ចំនួនសង្កាត់៩៦ ចំនួនប្រជាពលរដ្ឋសរុប១.៥០១.៧២៥នាក់។
នៅឆ្នាំ២០១៧រាជធានីភ្នំពេញ បានពង្រីកបន្ថែមដែលមានផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ មានខ័ណ្ឌចំនួន១២ ចំនួនសង្កាត់១០៥ ចំនួនប្រជាពលរដ្ឋសរុប១.៤៦១.៨៥៣នាក់។ នៅឆ្នាំ២០១៩រាជធានីភ្នំពេញ បានពង្រីកផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ១៤ ចំនួនសង្កាត់១០៥ ចំនួនប្រជាពលរដ្ឋសរុប២.១២៩.៣៧១នាក់ ដែលជាឆ្នាំបំបែកខណ្ឌ។
នៅឆ្នាំ២០២០រាជធានីភ្នំពេញ មាន ផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ១៤ ចំនួនសង្កាត់១០៥ ចំនួនគ្រួសារ៣៩៩.២០៣ ចំនួនប្រជាពលរដ្ឋសរុប២.២៨១.៩៥១នាក់ និងនៅឆ្នាំ២០២១នេះ រាជធានីភ្នំពេញ អាចមានកំណើនផ្ទៃដីដល់ទៅ ៦៩៥,៤៦ គីឡូម៉ែត្រការ៉េ ប្រជាពលរដ្ឋក៏មានការកើនឡើងទៅតាមនោះដែរ។
មន្ត្រីដដែលបានឱ្យដឹងទៀតថា ទាក់ទិនទៅនឹងកំណើនថ្មីៗនេះ និងបើយោងតាមព្រះរាជក្រឹត្យរបស់ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០របស់ព្រះមហាក្សត្របានត្រាស់បង្គាប់ក្នុងមាត្រា១ ត្រូវបានកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់យកភូមិចំនួន៥គឺ ភូមិស្ទឹងជ្រៅ និងភូមិព្រែកតាពៅ នៃសង្កាត់ដើមមៀន ភូមិព្រែកអញ្ចាញ នៃសង្កាត់ព្រែកឫស្សី ភូមិព្រែកឡុង នៃសង្កាត់តាក្តុល និងភូមិបត្តាជី នៃសង្កាត់ព្រែកហូរ ដែលមានផ្ទៃដីទំហំ ៣០២ហិកតា ៩៣៩១ម៉ែត្រការ៉េ ពីក្រុងតាខ្មៅខេត្តកណ្តាល មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងកាត់យកផ្ទៃដីទំហំ ២ហិកតា៥១៥៥ម៉ែត្រការ៉េ(ចំណែកដីនៃវត្តបុទុមសាគរ ហៅវត្តទួលតាក្របៅ) ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រខាងលើនេះ រាជធានីភ្នំពេញ អាចមានកំណើនផ្ទៃដីកើនឡើងបន្ថែមទៀត ព្រោះបានកាត់ផ្ទៃដីពីខេត្តកណ្តាល និងកាត់ខ្លះពីរាជធានីភ្នំពេញទៅឱ្យខេត្តកណ្តាលវិញ ដូចនេះអាចកើនដល់៦៩៥,៤៦៤ គីឡូម៉ែត្រការ៉េ ។
ប៉ុន្តែទោះជាយ៉ាងណាតួរលេខនេះ នៅមិនទាន់ច្បាស់លាស់នោះទេ ដោយសារមន្ត្រីជំនាញកំពុងតែបន្តអនុវត្តន៍នីតិវិធី ដែលនឹងអាចរួចរាល់យ៉ាងយូរនៅអំឡុងពាក់កណ្តាលឆ្នាំ២០២១នេះតែម្តង ៕