ដោយស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុន OCIC បានបោះទុនវិនិយោគទឹកប្រាក់ ប្រមាណ៨០លានដុល្លារអាមេរិក ដើម្បីសាងសង់គំរោង BV Mansion ដែលមានទីតាំងនៅក្នុងទីក្រុងរនបជ្រោយចង្វារ ជាទីក្រុងនៃអនាគត។
លោកស្រីអ៊ុក សុវត្តី ប្រធានផ្នែកលក់ប្រចាំទីក្រុងរណបជ្រោយចង្វារ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៥ កុម្ភៈនេះថា គំរោងនេះបានចាប់់ផ្តើមសាងសង់កាលពីចុងឆ្នាំមុន និងគ្រោងបញ្ចប់រយៈពេល៣៦ខែ ជាមួយនឹងផ្ទះអាជីវកម្មចំនួន៥៤ ដែលសាងសង់លើផ្ទៃដី១,៥ហិកតា។ លោកស្រីបន្តថា គំរោងនេះមានកំពស់៩ជាន់រាប់ទាំងជាន់ផ្ទាល់ដី ដែលមានភាពអំណោយផលសំរាប់ការបើកការិយាល័យ ពាណិជ្ជកម្ម គ្លីនិក និងការិយាល័យកណ្តាលរបស់ក្រុមហ៊ុននានា។
លោកស្រីបន្តថា “រហូតមកទល់ពេលនេះផ្ទះនៅផ្លូវធំបានលក់អស់រួចហើយ នៅតែផ្ទះបែរមុខទៅផ្លូវម្ខាងទៀត ដោយផ្ទះនិមួយៗមានតម្លៃ១,៣៨លានដុល្លារអាមេរិក” ។ លោកស្រីបន្តថា “យើងដឹងហើយថា ទីក្រុងរណបជ្រោយចង្វារ ជាតំបន់មានការអភិវឌ្ឍន៍ចម្រុះទាំងសួនកំសាន្ត អាហារដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានជាច្រើនទៀត” ។
លោកស្រីអ៊ុក សុវត្តី បានបន្តទៀតថា គំរោងនេះស្ថិតនៅទន្ទឹមនឹងសាលពិព៌ណ និងសន្និបាតជ្រោយចង្វារ និងមានចម្ងាយប្រមាណ ១,៨គីឡូម៉ែត្រប៉ុណ្ណោះពីស្ពានជ្រោយចង្វារ។
ទីក្រុងរណបជ្រោយចង្វារមានទំហំជាង ១០០ហិកតា ដែលវិនិយោគដោយក្រុមហ៊ុន OCIC គំរោងទទីក្រុងរណបនេះ គ្រោងចំណាយទឹកប្រាក់វិនិយោគប្រមាណ៦០០០លានដុល្លារអាមេរិក ហើយទស្សនទាននៃការអភិវឌ្ឍតំបន់នេះ ធ្វើឡើងជាទីក្រុងបែបឆ្លាតវៃ និងជាបណ្តុំមជ្ឈមណ្ឌលពាណិជ្ជកម្ម ស្រដៀងគ្នានឹងមជ្ឈមណ្ឌលពាណិជ្ជកម្មលើមហាវិថីព្រះមុនីវង្ស។ នេះបើតាមលោកទូច សំណាងអគ្គនាយករងក្រុមហ៊ុន OCIC បញ្ជាក់ឲ្យដឹង។
លោកបន្តថា “ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋទីក្រុងនេះ បានចំណាយទឹកប្រាក់រហូតដល់១៥០លានដុល្លារ ជាការចំណាយដ៏ច្រើនមួយ ដើម្បីធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ឋនៅទីក្រុងនេះមានស្តង់ដា និងគោរពបានតាមបទដ្ឋានទីក្រុងឆ្លាតវៃ” ៕
ទំនាក់ទំនងទូរស័ព្ទលេខ ៖ 012 80 80 81 Tey (Khmer, English)
086 55 77 86 Vin (Khmer, English)
093 82 83 35 Ouy (Khmer, Chinese)