ដោយគង់ សូរិយា
ភ្នំពេញៈ កំនើនប្រជាសាស្ត្រ យានយន្ត កំនើននៃកាកសំណល់ និងបញ្ហាជាច្រើនទៀតកំពុងជាកង្វល់ ដែលពីមួយឆ្នាំទៅមួយឆ្នាំទាំងក្រុមប្រឹក្សា ក៏ដូចគណៈអភិបាលរាជធានីភ្នំពេញ ត្រួវដោះស្រាយការងារបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ធ្វើឲ្យរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសជាតិ កាន់តែមានភាពរីកចំរើនជាបន្តបន្ទាប់។
ប៉ុន្តែទន្ទឹមនឹងលទ្ធផលទាំងនោះ ក៏នៅមានចំណុចអវិជ្ជមាន និងបញ្ហាប្រឈមមួយចំនួន ដែលត្រូវប្រមូលផ្តុំដោះស្រាយ ដូចជា ទី១-បញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ពិសេសករណីប្លន់ប្រដាប់អាវុធ ចោរកម្ម ក្មេងទំនើង និងបទល្មើស គ្រឿងញៀន ព្រមទាំងបញ្ហាគ្រោះអគ្គិភ័យ នៅតែជាចំណុចក្តៅរបស់រាជធានីភ្នំពេញ ទី២-បញ្ហាចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ទី៣-ប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធផ្លូវ-លូ ក្នុងរាជធានីភ្នំពេញ ទី៤-ការតបណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាត ជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាសង្កាត់ជាយ រាជធានីភ្នំពេញ នៅមិនទាន់បានទូលំទូលាយនៅឡើយ និងទី៥-ការងារគ្រប់គ្រងសំណល់រឹង-សំរាម ប្រព័ន្ធបង្ហូរសំណល់រាវ និងអនាម័យសាធារណៈ ក្នុងរាជធានីភ្នំពេញ។
យោងតាមរបាយការណ៍ របស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងមកនេះ ក្រោមការដឹកនាំផ្ទាល់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តខិតខំជម្នះពុះពាររាល់ការលំបាកស្មុគស្មាញ ដោយអនុវត្តន៍គ្រប់វិធានការ ពិសេសការចាត់តាំងអនុវត្តគោល នយោបាយ “ភូមិ សង្កាត់ មានសុវត្ថិភាព” ឱ្យកាន់តែល្អប្រសើរ រក្សាបាននូវសភាពការណ៍សន្តិសុខទូទៅល្អក្នុង រាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតាមវិធានការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ បានយ៉ាងល្អប្រសើរ។
របាយការណ៏ដដែលបានបញ្ជាក់ថា ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន ជាវិជ្ជមានខាងលើ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវប្រមូលផ្តុំ ដោះស្រាយឱ្យបានល្អនាពេលខាងមុខ ដូចជា ១-បញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ពិសេសករណីប្លន់ប្រដាប់អាវុធ ចោរកម្ម ក្មេងទំនើង និងបទល្មើស គ្រឿងញៀន ព្រមទាំងបញ្ហាគ្រោះអគ្គិភ័យ នៅតែជាចំណុចក្តៅរបស់រាជធានីភ្នំពេញ។
២-បញ្ហាចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បញ្ហានេះ គឺជាការងារអាទិភាពដែលត្រូវយកចិត្តទុកដាក់ និងអនុវត្តជាប្រចាំ ដើម្បីឱ្យទទួលបានជោគជ័យ ដោយផ្តោតលើវិធានការចំនួនបីសំខាន់ៗ រួមមាន៖ សណ្តាប់ធ្នាប់ ចិញ្ចើមផ្លូវ សណ្តាប់ធ្នាប់សំណង់ និងសណ្តាប់ធ្នាប់លក់ដូរ។
៣-ប្រព័ន្ធដឹកជញ្ជូន និងប្រព័ន្ធផ្លូវ-លូ ក្នុងរាជធានីភ្នំពេញ នៅមិនទាន់បានឆ្លើយតបតាមតម្រូវការរបស់ ប្រជាពលរដ្ឋនៅឡើយ។ ៤-ការតបណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាត ជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាសង្កាត់ជាយ រាជធានីភ្នំពេញ នៅមិនទាន់បានទូលំទូលាយនៅឡើយ។
៥-ការងារគ្រប់គ្រងសំណល់រឹង-សំរាម ប្រព័ន្ធបង្ហូរសំណល់រាវ និងអនាម័យសាធារណៈ ក្នុងរាជធានី នៅ តែជាក្តីបារម្ភ និងជាអាទិភាពសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ដែលត្រូវខិតខំដោះស្រាយឱ្យបានឆាប់រហ័ស ជាពិសេស ការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីការវេចខ្ចប់ ទុកដាក់សំណល់រឹង និងការបញ្ចេញចោល សំណល់ រាវគ្រប់ប្រភេទឱ្យត្រឹមត្រូវ។
របាយការណ៍ប្រចាំឆ្នាំ២០២០នេះ ត្រូវបានពិនិត្យ និងអនុម័តនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០ របស់ ក្រុមប្រឹក្សារាជធានីអាណត្តិទី៣ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ៕