ក្រុមហ៊ុនសិង្ហបុរីដ៏ធំមួយទទួលបានការអនុម័តអភិវឌ្ឍន៍គម្រោងទីក្រុងរាមថ្មីតម្លៃ១៦ពាន់លានដុល្លារ

0

ដោយ៖ ប៊ី

ភ្នំពេញ៖ ក្រុមហ៊ុន Canopy Sands Development សមាជិកនៃក្រុមហ៊ុន Prince Holding Group បានអនុម័តប្លង់មេសម្រាប់ទីក្រុងរាមថ្មី ដែលនឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុន Surbana Jurong Group ដែលជាក្រុមហ៊ុនប្រឹក្សាហេដ្ឋារចនាសម្ព័ន្ធ និងនគរូបនីយកម្ម មានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Canopy Sands Development នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

គម្រោងទីក្រុងរាមថ្មីនេះនឹងអភិវឌ្ឍន៍លើផ្ទៃដីទំហំ៨៣៤ហិកតា ដែលមានទុនវិនិយោគសរុបប្រមាណ១៦ពាន់លានដុល្លារ ហើយនឹងត្រូវអភិវឌ្ឍលើតំបន់ ដែលចំណាយពេល១០នាទី ពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ។

គម្រោងទីក្រុងរាមនេះនឹងដើរតួជាកត្តាលីករសម្រាប់ទស្សនវិស័យកំណើននៃខេត្តព្រះសីហនុទាំងមូល ដែលជាទីក្រុងធំទី៣ មានកំពង់ផែទឹកជ្រៅប្រចាំនៅក្នុងប្រទេសកម្ពុជា។

លោក Yeo Choon Chong នាយកប្រតិបត្តិក្រុមហ៊ុន Surbana Jurong ប្រចាំតំបន់អាស៊ានបានមានប្រសាសន៍ថា “កម្ពុជា បន្តទាក់ទាញរំហូរវិនិយោគផ្ទាល់ពីបរទេសឥតឈប់ឈរ។ ជាមួយដៃគូរបស់យើង យើងមើលឃើញសក្តានុពលដ៏ធំធេងក្នុងការជំរុញកំណើននៅក្នុងទីផ្សារដ៏សំខាន់នេះ តាមរយៈការចូលរួមរបស់យើងនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័នរូបនេះ។

លោក Yeo បានបន្ថែមថា “សំណើរបស់យើងនេះ ផ្តល់អាទិភាពដល់ការធ្វើសមាហរណកម្មធម្មជាតិ ដើម្បីលើកកម្ពស់បរិស្ថាន។ ផ្នែកសំខាន់នៃផែនការរួមបញ្ចូលទាំងឆ្នេរខ្សាច់ដ៏ធំទូលាយ ដែលលាតសន្ធឹងលើសពី៦គីឡូម៉ែត្រ ដែលទាំងអស់នេះនឹងគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍ដ៏ធំទូលាយ និងចាក់បញ្ចូលភាពរស់រវើកដល់សហគមន៍”។

លោកបានថ្លែងបន្តទៀតថា ផែនការនេះ ក៏រួមបញ្ចូលទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធដល់សហគមន៍ផងដែរ ដើម្បីគាំទ្រដល់ពលរដ្ឋ និងកន្លែងសហគមន៍ ដូចជាសាលារៀន ឧទ្យាន កន្លែងលេងកីឡា និងសោភ័ណភាពក្នុងគម្រោង។ នៅពេលដែលមានការអភិវឌ្ឍពេញលេញ គម្រោងទីក្រុងរាមនឹងក្លាយជាគោលដៅដ៏អស្ចារ្យមួយសម្រាប់ការលក់រាយ ការងារ ការកម្សាន្ដ និងការរស់នៅ។

លោក MrKhong Weng Fook នាយកគ្រប់គ្រងក្រុមហ៊ុន Canopy Sands Development បានមានប្រសាសន៍ថា “យើងបានភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន Surbana Jurong ក្នុងរយៈពេលជាងមួយឆ្នាំមកហើយ ហើយយើងពិតជារីករាយណាស់ជាមួយនឹងគម្រោងមេ ដែលពួកគេបានស្នើសុំសម្រាប់ទីក្រុងរាម។

លោកបានបន្តទៀតថា ក្រុមហ៊ុន Surbana Juronghas បានធ្វើឱ្យអតិថិជននៅជុំវិញពិភពលោកកោតសរសើរជាប្រចាំ និងមានកេរ្តិ៍ឈ្មោះ ដោយសារបទពិសោធន៍ទូលំទូលាយរបស់ពួកគេ ក្នុងការអភិវឌ្ឍទីក្រុង ខណៈពួកគេបានអភិវឌ្ឍន៍គម្រោងធំៗជាច្រើននៅក្នុងប្រទេសជាង៣០។

លោកបានបន្ថែមថា “យើងទន្ទឹងរង់ចាំធ្វើការរួមគ្នា ដើម្បីផ្លាស់ប្តូរផែនការប្រើប្រាស់ដីធ្លី ដែលបានស្នើទៅជាការពិត និងបង្កើតដំណោះស្រាយប្រកបដោយចីរភាពសម្រាប់ការរស់នៅ ដើម្បីភាពប្រសើរឡើងនៃក្រុងព្រះសីហនុ និងប្រជាជនកម្ពុជា”។

គម្រោងទីក្រុងរាមនេះ នឹងផ្លាស់ប្តូរមុខមាត់ក្រុងព្រះសីហនុ ជាមួយអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ ពាណិជ្ជកម្ម និងលំនៅដ្ឋានប្រកបដោយនិរន្តរភាព ដែលមានសក្តានុពលអាចផ្ទុកអ្នករស់នៅបាន រហូតដល់ទៅ១៣ម៉ឺននាក់។ នៅពេលបញ្ចប់គម្រោងមេផ្តោតលើការសាងសង់ភាពទាក់ទាញគ្រួសារ ខុនដូ ផ្ទះជាប់ដីក្បែរឆ្នេរខ្សាច់ និងតំបន់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ផ្សារទំនើប កន្លែងលក់ទំនិញ មជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋានឆ្នេរសណ្ឋាគារខុនដូ និងទូកកម្សាន្តជាដើម។

ប្រទេសកម្ពុជាស្ថិតនៅចន្លោះប្រទេសថៃ និងប្រទេសវៀតណាម ហើយត្រូវបានចាត់ទុកជាទិសដៅវិនិយោគដ៏ទាក់ទាញសម្រាប់អាជីវកម្ម ដែលកំពុងសម្លឹងរកការពង្រីកខ្លួននៅក្នុងតំបន់អាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here