តំបន់រាមកំពុងបង្ហាញសក្ដានុពលលើការវិនិយោគក្នុងគម្រោងធំតម្លៃរាប់ពាន់លានដុល្លារ

0

ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ មិនខុសពីតំបន់ឆ្នេរនៃខេត្តកោះកុងដែលទទួលបានគម្រោងអភិវឌ្ឍន៍ខ្នាតយក្សលើការរៀបចំ និងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម រួមជាមួយទីក្រុងបែបទំនើបនៅតំបន់ឆ្នេរដែលមានតម្លៃទុនវិនិយោគរាប់ពាន់លានដុល្លារនោះ ពេលនេះសម្រាប់តំបន់រាម ខេត្តព្រះសីហនុក៏កំពុងបង្ហាញពីសក្ដានុពលរបស់ខ្លួនយ៉ាងអស្ចារ្យជាមួយផែនការអភិវឌ្ឍន៍របស់ក្រុមហ៊ុនអន្តរជាតិរៀបចំបង្កើតក្រុងថ្មីដ៏ស៊ីវិល័យបំផុតប្រចាំប្រទេសកម្ពុជា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះបានបង្ហាញពីក្ដីសាទរទៅនឹងផែនការ លើគម្រោងរៀបចំបង្កើតជាទីក្រុងថ្មីដែលមានតម្លៃរាប់សិបពាន់លានដុល្លារខាងលើនេះ ជាមួយនឹងការបង្ហើបពីឱកាសល្អក្នុងការវិនិយោគដីធ្លីនៅក្នុងពេលបច្ចុប្បន្ននេះផងដែរ។

លោកច្រឹក សុខនីមបានបញ្ជាក់ថា “វាជារឿងល្អសម្រាប់កម្ពុជាដែលទទួលបាននូវគម្រោងអភិវឌ្ឍន៍ធំៗពីសំណាក់ក្រុមហ៊ុនអន្តរជាតិដែលមានតម្លៃយ៉ាងសន្ធឹកសន្ធាប់ ដែលក្រៅពីអាចជួយដល់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងសំណង់កម្ពុជា វាក៏បានក្លាយជាចំណុចពិសេសមួយក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ចកម្ពុជាផងដែរ ហើយប្រសិនបើគម្រោងខាងលើនេះជាគម្រោងដែលនឹងត្រូវអភិវឌ្ឍន៍ពិតមែន វាគឺជារឿងល្អបំផុតសម្រាប់កម្ពុជា ជាពិសេសខេត្តព្រះសីហនុដែលកំពុងរៀបចំ និងអភិវឌ្ឍន៍ទៅជាប៉ូលសេដ្ឋកិច្ចប្រចាំប្រទេស និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មពហុបំណង”។

លោកបានបន្តថា “តំបន់ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ខ្ញុំជឿថាក្រុមហ៊ុនអភិវឌ្ឍន៍បានទិញរួចរាល់ហើយមុនពេលគេប្រកាសពីគម្រោង ប៉ុន្តែវានៅតែជាឱកាសសម្រាប់អ្នកដែលមានបំណងវិនិយោគដីធ្លីនៅក្បែរតំបន់អភិវឌ្ឍន៍ទាំងនេះនៅឡើយ។ បច្ចុប្បន្នក្រៅពីគម្រោងអភិវឌ្ឍន៍បង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្មពីវិស័យឯកជន រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ ដូចជាផ្លូវថ្នល់ជាដើមដែលកាន់តែងាយស្រួលដល់ការធ្វើដំណើរ។ ដោយឡែកសម្រាប់អ្នកដែលចង់វិនិយោគក្នុងវិស័យដីធ្លី ក៏អាចស្វែងរកទិញនៅតំបន់ក្បែរទីតាំងគម្រោងអភិវឌ្ឍន៍ធំៗទាំងនោះ ជាពិសេសនៅក្នុងកាលទេសនេះតែម្ដង ដោយសារតែតម្លៃដីនៅមានកម្រិតនៅឡើយ បើរង់ចាំ២-៣ឆ្នាំទៀត តម្លៃអាចនឹងឡើងថ្លៃ និងបាត់បង់ឱកាសចំណេញ”។

គម្រោងអភិវឌ្ឍន៍ធំៗដែលស្ថិតនៅក្នុងផែនការនៃការបង្កើតក្រុងទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានតម្លៃរាប់សិបពាន់លានដុល្លារទាំងនេះរួមមាន ទី១ គម្រោងអភិវឌ្ឍន៍ទីក្រុងរាមថ្មី ដែលមានតម្លៃសរុប១៦ពាន់លានដុល្លារក្រោកការវិនិយោគពីសំណាក់ក្រុមហ៊ុនចិន Canopy Sands Development ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សចិន Prince Holding Group នៅលើផ្ទៃដីសរុបប្រមាណ ៨៣៤ហិចតា ។ ទី២ គម្រោងអភិវឌ្ឍន៍ទីក្រុងរាម CRYSTAL Ville Ream Beach ដែលជាកិច្ចសហការវិនិយោគរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសិង្ហបុរី ដែលមានឈ្មោះថា FURI Corporation ក្រោមទុនវិនិយោគជាង១០០០លានដុល្លារ ដែលបច្ចុប្បន្នកំពុងដំណើរបុកគ្រឹះសាងសង់នៅក្នុងដំណាក់កាលដំបូងដោយការសាងសង់ប្រភេទវីឡាប្រណីតប្រមាន១០០ខ្នង រួមជាមួយនឹងផ្សារទំនើបផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here