កម្ពុជាទាក់ទាញទុនវិនិយោគក្នុងវិស័យសំណង់ជិត៨០០០លានដុល្លារកាលពីឆ្នាំមុន

0

ដោយៈណែត

ភ្នំពេញៈ ប្រទេសកម្ពុជានៅតែជាទីកន្លែង ដែលស្រូបទាញការវិនិយោគច្រើនក្នុងវិស័យសំណង់ ដោយទុនវិនិយោគប្រមាណ៧៧០០លានដុល្លារ ត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដីកាលពីឆ្នាំមុន។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ក្នុងឆ្នាំ២០២០កន្លងទៅ កម្ពុជាទទួលបានគម្រោងសាងសង់សំណង់ទូទាំងប្រទេសចំនួន៤.៨៤១គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ចំនួនជាង២៩លានម៉ែត្រក្រឡា និងមានតម្លៃប៉ាន់ស្មានប្រមាណ៧,៧៥ពាន់លានដុល្លារអាមេរិក ថយចុះប្រមាណ៣២,២១ភាគរយ បើធៀបនឹងឆ្នាំ២០១៩។

របាយការណ៍ដដែលបង្ហាញថា ក្នុងចំណោមគម្រោងទាំងអស់ មានគម្រោងចំនួន៤៤១គម្រោង ស្ថិតនៅក្រោមសមត្ថកិច្ចក្រសួង និងមានផ្ទៃក្រឡាកម្រាលសំណង់ចំនួន២៦,២៤លានម៉ែត្រក្រឡា មានតម្លៃប៉ាន់ស្មានទុនវិនិយោគ ប្រមាណ៦,៦៥ពាន់លានដុល្លារអាមេរិក ហើយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩មានការចុះ៣៦,២៥ភាគរយ ដោយឆ្នាំ ២០១៩ គម្រោងនៅក្រោមសមត្ថកិច្ចក្រសួង មានចំនួន៥០០គម្រោង គិតជាទឹកប្រាក់មានប្រមាណ១០,៤៣ពាន់លានដុល្លារអាមេរិក។

សម្រាប់គម្រោងស្ថិតនៅក្រោមសមត្ថកិច្ច រដ្ឋបាលរាជធានីខេត្ត មានចំនួន៤.៤០០គម្រោង មានតម្លៃប៉ាន់ស្មានសរុប ប្រមាណ១,១០ពាន់លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ មានការកើនឡើងប្រមាណ៩,៧៥ភាគរយ ។

លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសាសន៍ថា ថ្វីត្បិតតែកម្ពុជាជួបវិបត្តិកូវីដ១៩ តែការអភិវឌ្ឍសំណង់នៅតែបន្ត និងមានការទិញលក់ជាហូរហែ តែយ៉ាងណាឥទ្ធិពលនៃវិបត្តិកូវីដ១៩ ពិតជាធ្វើឱ្យវិស័យសំណង់និងអចលនទ្រព្យរងផលប៉ះពាល់ផងដែរ។

របាយការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញថាវិស័យសំណង់បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះយឺត ដែលវាជាចំណែកមួយដ៏សំខាន់ សម្រាប់សេដ្ឋកិច្ចក្នុងឆ្នាំ២០២០។

ជាមួយគ្នានេះ លោកស្រីអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា កម្ពុជារងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច ស្រាលជាងបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន និងមានឳកាសងើបឡើងវិញលឿន បើធៀបជាមួយប្រទេសក្នុងតំបន់ផងដែរ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិកាប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុតបានថ្លែងថា វិស័យសំណង់បានក្លាយជាជន្ទល់យ៉ាងសំខាន់ ក្នុងការទប់សេដ្ឋកិច្ចកម្ពុជាមិនឲ្យមានការធ្លាក់ចុះខ្លាំងកាលពីឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here