ដោយគង់ សូរិយា
ភ្នំពេញៈ រាជធានីភ្នំពេញបេះដូងនៃប្រទេសកម្ពុជា បានរីកធំជាបន្តបន្ទាប់ដោយសារការរីកចម្រើនរបស់ប្រទេស ការរីកចម្រើនសេដ្ឋកិច្ច កំនើនប្រជាពលរដ្ឋ និងការកកស្ទះចរាចរណ៍កើនឡើង។
តើទីក្រុងនេះបន្តរីកចម្រើនតទៅទៀតឬយ៉ាងណា? នាពេលអនាគត និងដោយសារហេតុផលអ្វី?។
យោងតាមរបាយការណ៍របស់រដ្ឋបាល រាជធានីភ្នំពេញបានបង្ហាញថា នៅឆ្នាំ២០២០រាជធានីភ្នំពេញ មានផ្ទៃដីសរុប៦៩២,៤៦ គីឡូម៉ែត្រការ៉េ ចំនួនខណ្ឌ១៤ ចំនួនសង្កាត់១០។ ចំនួនគ្រួសារ៣៩៩.២០៣ ចំនួនប្រជាពលរដ្ឋសរុប២.២៨១.៩៥១នាក់ និងនៅឆ្នាំ២០២១នេះ រាជធានីភ្នំពេញ អាចមានកំណើនផ្ទៃដីដល់ទៅ ៦៩៥,៤៦ គីឡូម៉ែត្រការ៉េ ប្រជាពលរដ្ឋក៏មានការកើនឡើងទៅតាមនោះដែរ។
បើយោងតាមព្រះរាជក្រឹត្យរបស់ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០របស់ព្រះមហាក្សត្របានត្រាស់បង្គាប់ក្នុងមាត្រា១ ត្រូវបានកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយកាត់យកភូមិចំនួន៥គឺ ភូមិស្ទឹងជ្រៅ និងភូមិព្រែកតាពៅ នៃសង្កាត់ដើមមៀន ភូមិព្រែកអញ្ចាញ នៃសង្កាត់ព្រែកឫស្សី ភូមិព្រែកឡុង នៃសង្កាត់តា ក្តុល និងភូមិបត្តាជី នៃសង្កាត់ព្រែកហូរ ដែលមានផ្ទៃដីទំហំ ៣០២ហិកតា ៩៣៩១ម៉ែត្រការ៉េ ពីក្រុងតាខ្មៅខេត្តកណ្តាល មកឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងកាត់យកផ្ទៃដីទំហំ ២ហិកតា៥១៥៥ម៉ែត្រការ៉េ(ចំណែកដីនៃវត្តបុទុមសាគរ ហៅវត្តទួលតាក្របៅ) ពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើយោងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រខាងលើនេះ រាជធានីភ្នំពេញ អាចមានកំណើនផ្ទៃដីកើនឡើងបន្ថែមទៀត ព្រោះបានកាត់ផ្ទៃដីពីខេត្តកណ្តាល និងកាត់ខ្លះពីរាជធានីភ្នំពេញទៅឱ្យខេត្តកណ្តាលវិញ ដូចនេះអាចកើនដល់៦៩៥,៤៦៤ គីឡូម៉ែត្រការ៉េ ។
យោងតាមប្រភពពីមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហើបឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលនឹងកាត់តំបន់មួយចំនួន ស្ថិតនៅក្នុងតំបន់គំរោងផ្លូវក្រវ៉ាត់ក្រុងទី៤ នឹងត្រូវកាត់បញ្ចូលក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញ ខណៈមានការបញ្ជាក់ពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដែលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រដ្ឋាភិបាលនឹងពង្រីកទីក្រុងនេះថែមទៀតនៅឆ្នាំ២០២៥ខាងមុខ ខណៈដែលទីក្រុងនេះកំពុងមានភាពរីកចម្រើន។
ទីប្រឹក្សាសមាគមអចលនទ្រព្យសកល ជាស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia ដែលបានតាមដានដំណើរវិវត្តន៍៍សេដ្ឋកិច្ច សង្គមជាប្រចាំបានមានប្រសាសន៍ថា ការពង្រីកទីក្រុងភ្នំពេញ មិនមែនដោយសារកត្តាខាងលើទាំងអស់នោះទេ ប៉ុន្តែការពង្រីកទីក្រុង វានឹងធ្វើឲ្យសេដ្ឋកិច្ចប្រជាពលរដ្ឋនៅមូលដ្ឋាន មានការរីកចម្រើនលឿនជាងរដ្ឋបាលដែលស្ថិតនៅក្នុងដែនដីរបស់ខេត្តណាមួយ។
លោកបន្តថា “នៅពេលទីក្រុងរីកទៅដល់ណា ការវិនិយោគនឹងទៅដល់ទីនោះ មានន័យថាលំហូរសាច់ប្រាក់ នឹងបានដល់ដៃប្រជាពលរដ្ឋផ្ទាល់ ពិសេសប្រជាពលរដ្ឋនឹងឆាប់ទទួលបានផលប្រយោជន៍ ពីការអភិវឌ្ឍរបស់វិស័យឯកជន និងរដ្ឋាភិបាល” ៕
តើរាជធានីភ្នំពេញនឹងបន្តពង្រីកបន្ថែមទៀតនាពេលអនាគត ដោយសារអ្វី?
អត្ថបទខាងលើ ត្រង់ស្ថិតិចំនួនសង្កាត់នៅភ្នំពេញ ដែលដាក់សង្កាត់១០ ប្រហែលវាយបាត់លេខ៥។ ខ្ញុំគិតថា សង្កាត់ ១០៥ បើតាម website របស់សាលារាជធានីភ្នំពេញ។
សូមអរគុណ។