ដោយៈ រ៉ាណេត
ភ្នំពេញៈ តំបន់ទួលទំពូង បានផ្ទុះឡើងនូវសក្តានុពលខ្លាំង ចាប់តាំងពីឆ្នាំ២០១៧ កន្លងមកម្លេះ និងជាជម្រើសទី២របស់អ្នកវិនិយោគ និងជនបរទេសស្នាក់នៅបន្ទាប់ពីតំបន់បឹងកេងកង ២ និងតំបន់បឹងកេងកង៣ ។
អ្នកស្រីអានសុធីតា នាយិកាក្រុមហ៊ុន CBRE ប្រចាំនៅកម្ពុជាបានឲ្យដឹងកាលពីពេលថ្មីៗនេះ ថា តំបន់ទួលទំពូងនេះ នៅជិតទៅនឹងតំបន់បឹងកេងកង៣ តែមានហេដ្ឋារចនាសម្ព័ន្ធល្អជាង តំបន់បឹងកេងកង៣ ហើយក៏ជាតំបន់ដែលមានតម្លៃដីធ្លី ក៏មានតម្លៃខ្ពស់ដែរ។
អ្នកស្រីបន្តថា តម្លៃដីធ្លីនៅតំបន់ទួលទំពូងនេះ មានចន្លោះពី៣០០០ ទៅ ៤០០០ ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយម៉ែត្រការ៉េ ហើយទំហំនៃការសាងសង់ខុនដូរវិញ មានទំហំតូច និងមិនអាចសាងស់ខ្ពស់បាននោះទេ ដោយសារតែទំហំដីមិនមានអំណោយផលដូចតំបន់បឹងកេងកង ព្រោះវាមានឡូត៍តូចៗភាគច្រើន ពិបាកក្នុងការអភិវឌ្ឍន៍ ទោះមានគម្រោងសាងសង់សណ្ឋាគារ ឬខុនដូរក៏ស្ថិតនៅក្នុងគម្រោងតូចៗដែរ។
អ្នកស្រីបន្តថា “បើតម្លៃជួលខុនដូរវិញ គឺមានតម្លៃពាក់កណ្តាលនៃតម្លៃជួលក្នុងតំបន់បឹងកេងកង ពោលតំលៃជួលខុនដូ ក្នុងតំបន់បឹងកេងមានតម្លៃ១៥០០ដុល្លារ ដូច្នេះ នៅតំប់ទួលទំពូង មានចន្លោះពី៧០០ ទៅ ៨០០ ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់បន្ទប់ដែលមានគ្រែងគេតែមួយ” ។
ជាមួយគ្នានេះ លោកឧកញ៉ា តេង រិទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Group បានទទួលស្គាល់ថា តំបន់ទួលទំពូងនាពេលបច្ចុប្បន្ន ពិតជាបានអភិវឌ្ឍខ្លួនលើវិស័យសំណង់យ៉ាងពិតប្រាកដមែន។
ទួលទំពូង គឺមានភាពល្អប្រសើរទៅលើភូមិសាស្ត្រ ជាពិសេសជាតំបន់ទេសចរណ៍ប្រចាំរាជធានីភ្នំពេញ ដោយសារតែភាគច្រើនភ្ញៀវទេសចរបរទេសភាគច្រើន បានស្គាល់ពីកេរ្តិ៍ឈ្មោះរបស់ផ្សារមួយនេះថា ( Russia Market) តាំងតែពួកគេមិនទាន់មកដល់ប្រទេសកម្ពុជាម្ល៉េះ ទើបធ្វើឱ្យតំបន់នេះមានភ្ញៀវទេសចរអន្តរជាតិចេញចូលច្រើន។
លោកបន្តទៀតថា “ផ្សារទួលទំពូងភាគច្រើន ពោរពេញទៅដោយភ្ញៀវទេសចរបរទេស ដោយសារតែផ្សារមួយនេះ មានលក់វត្ថុអនុស្សាវរីយ៍បែបវប្បធម៌ខ្មែរ ជាផ្សារលក់ផលិតផលដែលផលិតឡើងនៅក្នុងស្រុកច្រើន” ។ លោកបនន្តថា “នៅពេលតំបន់ណាដែលមានអត្រាភ្ញៀវទេសចរអន្តរជាតិចេញចូលច្រើន គឺត្រូវតែមានការតម្រូវការលើការផ្គត់ផ្គត់ផ្នែកសេវាស្នាក់នៅជាចាំបាច់ ហើយទន្ទឹមនឹងនេះ ក៏ត្រូវតែមានសេវាផ្សេងទៀតផងដែរ ដូចជាផ្នែកផ្គត់ផ្គង់ចំណីអាហារជាដើម” ។
លោកឧកញ៉ាតេង រិទ្ឋីបានបន្តទៀតថា ទួលទំពូងពេលនេះ ប្រៀបបានទៅតំបន់បឹងកេងកង១កាលពី២-៣ឆ្នាំមុន ហើយមិនយូរទៀតនោះទេ នឹងបន្តអភិវឌ្ឍខ្លួនដូចបឹងកេងកង១ នាពេលបច្ចុប្បន្ននេះជាមិនខាន។ ជាក់ស្ដែងពេលនេះចំពោះតម្លៃដីធ្លី នៅទីតាំងមួយចំនួនក្នុងតំបន់ទួលទំពូង១ អាចមានតម្លៃក្នុងចន្លោះចាប់ពី៣,៥០០-៥,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េរួចទៅហើយ៕