ដោយ:ស៊ីវ ម៉េង
ភ្នំពេញៈ ផ្តើមជីវិតពីអ្នករត់តុនៅក្លឹបកំសាន្តនាពេលរាត្រី ស្នាក់នៅវត្ត ក្រោយមកក្លាយជាគ្រូបង្រៀនភាសាអង់គ្លេស និងក្លាយជាភ្នាក់ងារទិញលក់ដីធ្លីមិនអាជីព លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានក្លាយជាអ្នកជោគជ័យ ក្នុងវិស័យអចលនទ្រព្យបើគិតមកទល់ពេលនេះ។
ជាមួយនឹងទស្សនវិស័យច្បាស់លាស់ និងម៉ត់ចត់លើការងារ លោកបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹង ក្នុងកិច្ចសម្ភាសន៍ពិសេសកាលពីថ្ងៃម្សិលម៉ិញនេះថា ក្នុងជីវិតរបស់លោកប្រកាន់ យកនូវភាពស្មោះត្រង់ក្នុងការងារ ក្នុងនាមជាភ្នាក់ងារទិញលក់ និងស្វែងរកដីធ្លីឲ្យអតិថិជន ពិសេសថៅកែជនជាតិចិន ពោលគឺតាំងពីមុនពេលលោកបើកដំណើរការក្រុមហ៊ុនKhmer Real Estate។
លោកបណ្ឌិតបានបន្តថា “ភាពស្មោះត្រង់សំខាន់ណាស់ក្នុងវិស័យនេះ ដោយសារភាពស្មោះត្រង់នេះហើយ ដែលធ្វើឲ្យខ្ញុំទទួលបានជោគជ័យ និងមានការងារកាន់តែច្រើន ហើយបើនិយាយពីសេវាកម្មផ្តល់ការទិញលក់ដីធ្លី ខ្ញុំអាចនិយាយបានថាខ្ញុំជាប់លេខ១”។លោកបន្តថា “ជាមួយនឹងភាពស្មោះត្រង់ វាមិនគ្រប់គ្រាន់ទេ តែយើងត្រូវមានគ្រួសាររីករាយ មានគុណធ៌ម មានចំណេះដឹងទូលំទូលាយ និងមានទំនាក់ទំនងល្អក្នុងសង្គម”។
ជាមួយគ្នានេះ លោកបណ្ឌិតបានបង្ហើបថា លោកមិនដែលផឹកស្រវឹងសូម្បីម្តងក្នុងជីវិត មិនចូលខារ៉ាអូខេ មិនដែលមានសង្សារនោះទេ។ ហេតុនេះអ្នករកស៊ីឬថៅកែធំៗមិនដែលឃើញលោកនៅតាមខារ៉ាអូខេទេ បើជួបគ្នារឿងផឹកស៊ីលោកមិនចូលរួមទេ តែបើជួបគ្នានិយាយពីការរកស៊ី លោកនឹងជួបជជែក។
លោកបន្តថា “ដោយប្រកាន់យកនូវបែបផែនជីវិតបែបនេះហើយ ទើបអ្នករកស៊ីធំៗ លោកឧកញ៉ា អ្នកឧកញ៉ាមួយចំនួនដឹងថាខ្ញុំជាមនុស្សសាច់ការ និយាយម៉ាត់ណាគឺម៉ាត់ហ្នឹង”។លោកបន្តថា “ជាមួយនឹងភាពរីករាយ និងការដឹកនាំគ្រួសារបានល្អ វាឆ្លុះបញ្ចាំងនូវសីលធ៌ម និងសុជីវភាពរបស់យើងផងដែរ”។
ដោយឈរលើទស្សនៈរបស់លោកលី កាស៊ីងមហាសេដ្ឋីអចលនទ្រព្យនៅទីក្រុងហុងកុង ដែលបានលើកឡើងថា បើចង់ជោគជ័យ អ្នកត្រូវជួបជាមួយមនុស្សឆ្លាតជាងខ្លួន លោកបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ថា លោកបានអនុវត្តន៍តាមទ្រឹស្តីនេះ តាំងពីលោកបានចេញរកស៊ីលើកដំបូង និយាយបែបនេះ មិនមែនយើងមិនរាប់អានអ្នកតូចទាបឬក្រីក្រ ឬមិត្តភ័ក្តិនោះទេ តែការជួបវាអាស្រ័យលើពេលវេលា និងកម្មវិធីអាពាហ៍ពិពាហ៍ កម្មវិធីបុណ្យឬខួបកំនើតមិត្តភ័ក្ត លោកនឹងចូលរួម។
លោកបន្តថា “ហេតុនេះ ទើបគេមិនសូវឃើញខ្ញុំដើរជាមួយមិត្តភ័ក្តច្រើន ព្រោះខ្ញុំបានចំណាយពេលច្រើន ជាមួយមនុស្សមានវ័យចាស់ជាងខ្ញុំ ជាមួយមនុស្សជោគជ័យដោយសារខ្ញុំអាចរៀនបានច្រើនពីពួកគេ”។
ហេតុនេះក្នុងជីវិតរបស់លោក បានប្រកាន់យកនូវភាពស្មោះត្រង់ ពង្រីកចំណេះដឹងជាប្រចាំ មានគ្រួសាររីករាយ មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន និងសេពគប់ជាមួយមនុស្សមានវ័យច្រើនជាង និងមានធនធានច្រើនជាង។
លោកបណ្ឌិតគីម ហ៊ាងបានបន្តថា ជោគជ័យមិនមែនធ្លាក់ពីលើមេឃ ឬបានពីអ្នកដ៏ទៃផ្តល់អោយនោះទេ តែគឺបានពីទង្វើ និងសកម្មភាព ដែលយើងបានធ្វើ កំពុងធ្វើ នឹងធ្វើនៅថ្ងៃអនាគត៕