ដោយ ៖ រ៉ាណេត
ស្វាយរៀង ៖ ជាមួយនឹងភាពរីកចម្រើន និងការកើនឡើងនូវគម្រោងអភិវឌ្ឍន៍នៅក្នុងខេត្តស្វាយរៀងនាពេលបច្ចុប្បន្ន សកម្មភាពនៃការពុះដីឡូត៍ជាច្រើនគម្រោងបាន និងកំពុងរីកដុះដាលយ៉ាងខ្លាំងទាំងនៅក្នុងក្រុង តំបន់ជាយក្រុង និងតាមបណ្តាស្រុកមួយចំនួនដែលស្ថិតនៅក្បែរក្រុងបាវិត ខេត្តស្វាយរៀង។
ជាការក្រើនរំលឹក និងបញ្ចៀសហានិភ័យពីការទិញគម្រោងដីឡូត៍ដែលកំពុងមានសកម្មភាពយ៉ាងខ្លាំងក្លានេះ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានបំណងទិញដីឡូត៍ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជៀសវាងចាញ់បោកឈ្មួញទុច្ចរិត ឬទិញប៉ះចំគម្រោងខ្យល់។
រដ្ឋបាលខេត្តស្វាយរៀងបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន និងអាជីវករធ្វើអាជីវកម្មពុះដីឡូត៍លក់នៅភូមិសាស្ត្រខេត្តស្វាយរៀងបាន និងកំពុងរីកដុះដាល និងមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែក្នុងនោះក៏មានក្រុមហ៊ុន ឬអាជិវករមួយចំនួននៅពុំទាន់មានលិខិតអនុញ្ញាតអភិវឌ្ឍន៍ដី លិខិតអនុញ្ញាតអាជីវកម្ម ឬអាជ្ញាបណ្ណអភិវឌ្ឍន៍ដីឡូត៍ដែលចេញដោយអាជ្ញាធរ មន្ទីរ អង្គភាព ឬស្ថាប័នមានសមត្ថកិច្ចនៅឡើយ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មុននឹងសម្រេចចិត្តដីឡូតិ៍នៅទីតាំងណាមួយត្រូវបង្កើននូវស្មារតីប្រុងប្រយ័ត្នខ្ពស់ និងត្រូវសាកសួរព័ត៌មានលម្អិតរបស់ក្រុមហ៊ុន ឬអាជីវករម្ចាស់គម្រោងពុះដីឡូត៍នោះឱ្យបានច្បាស់លាស់ ថាតើមានលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណត្រឹមត្រូវស្របតាមលិខិតបទដ្ឋានគតិយុត្តហើយ ឬនៅ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តស្វាយរៀងក៏បានបញ្ជាក់ផងដែរថា ដើម្បីបញ្ចើសនូវរាល់ហានិភ័យផ្សេងៗកើតឡើងជាយថាហេតុដែលបង្កឡើងដោយក្រុមហ៊ុន ឬបុគ្គលមួយចំនួនដែលឆ្លៀតឱកាសបន្លំ បោកប្រាស់ ឬកេងចំណេញដោយប្រការណាមួយ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនត្រូវពិនិត្យ និងឈ្វេងយល់ដោយការយកចិត្តទុកដាក់លើឯកសារពាក់ព័ន្ធនឹងការធ្វើអាជីវកម្មពុះដីឡូត៍រួមមាន ៖ លិខិតអនុញ្ញាតអភិវឌ្ឍន៍ដី លិខិតអនុញ្ញាតអាជីវកម្ម ឬអាជ្ញាប័ណ្ណអភិវឌ្ឍន៍ដីឡូត៍ កិច្ចសន្យាពាក់ព័ន្ធ និងឯកសារផ្សេងៗដែលពាក់ព័ន្ធនឹងអត្តសញ្ញាណដី និងអត្តសញ្ញាណម្ចាស់អចលនវត្ថុ។ល។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋនៅមានមន្ទិលអំពីព័ត៌មានរបស់ក្រុមហ៊ុន ឬអាជីករពុះដីឡូត៍ណាមួយ សូមទំនាក់ទំនងមកកាន់រដ្ឋបាលក្រុង ឬរដ្ឋបាលខេត្ត ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ និងច្បាស់លាស់៕