លោក​ឡុង គីម​សួគ៌ ៖ ចំណេះដឹង​ហិរញ្ញវត្ថុ​គឺជា​ចំណុច​ស្លាប់​រស់ក្នុង​ការវិនិយោគ​អចលនទ្រព្យ

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ជា​អ្នកវិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ​ដែល​ធ្លាប់មាន​បទពិសោធន៍​ច្រើន​ឆ្នាំ និង​ទទួលបាន​ភាពជោគជ័យ​នៅក្នុង​វិស័យ​មួយ​នេះ បាន​លើកឡើងថា មិន​ថា​ជាការ​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ ឬ​វិស័យ​ដទៃទៀត​នោះទេ អ្វី​ដែលជា​ចំណុច​សំខាន់ និង​ចាំបាច់​បំផុត​ត្រូវតែមាន​គឺ​ចំណេះ​ផ្នែក​ហិរញ្ញវត្ថុ ត្បិត​ចំណេះដឹង​មួយ​នេះ អាចធ្វើ​មាន​ឥទ្ធិពល​ទាំង​ល្អ និង​អាក្រក់​មកលើ​ដំណើរការ​នៃ​មុខ​ជំនួញ​បាន។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Century21 Advance លោក​ឡុង គីម​សួគ៌ បាន​មានប្រសាសន៍ថា គ្រប់ការ​ប្រកប​មុខ​ជំនួញ​ណាមួយ​ក៏ដោយ ក្រៅពី​មាន​ផែនការអាជីវកម្ម គោលដៅ​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្ពោះទៅ យុទ្ធសាស្ត្រ​ទីផ្សារ រួមជាមួយ​នឹង​ថវិកា​ដែលជា​ដើមទុន​ដំបូង​នោះ គឺ​ចាំបាច់​ត្រូវតែមាន​នូវ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ។

លោក​បាន​បញ្ជាក់ថា ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ គឺមាន​សារសំខាន់​បំផុត​នៅក្នុង​ការធ្វើ​អាជីវកម្មផ្សេងៗ បើ​គ្មាន​ចំណេះដឹង​ហិរញ្ញវត្ថុ​នោះទេ មុខ​ជំនួញ​អាច​នឹង​ជួប​ហានិភ័យ​ខ្ពស់ និង​ប្រឈម​ទៅនឹង​ការខាតបង់​យ៉ាង​ប្រាកដ។

លោក​ឡុង គីម​សួគ៌​បាន​មានប្រសាសន៍ថា “នៅក្នុង​ការរកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ មិន​ថា​ចំពោះ​ការវិនិយោគ ឬ​ជាការ​បណ្តាក់ទុន​អភិវឌ្ឍន៍​គម្រោង​ណាមួយ​នោះឡើយ គឺ​ត្រូវតែ​មាននូវ​ចំណេះដឹង​ហិរញ្ញវត្ថុ​ឱ្យបាន​រឹង​ម៉ាំ​ជា​ចាំបាច់ ដើម្បី​ជៀសវាង​បង្កើត​នូវ​ហានិភ័យ​ទៅ​ថ្ងៃក្រោយ។ ការ​មាននូវ​ចំណេះដឹង​ហិរញ្ញវត្ថុ​ច្បាស់លាស់ គឺជា​កត្តា​មួយ​យ៉ាងសំខាន់​សម្រាប់ធ្វើ​ជាដើម​ទុន​ក្នុង​រយៈពេល​យូរអង្វែង ទៅលើ​ការវិភាគ បែងចែក​ទៅលើ​ចំណូល​ចំណាយ​នៃ​ដំណើរ​ប្រ​ត្តិ​ការ” ។

លោក​បាន​លើក​ជា​ឧ​ទារ​ហ៍​ថា ប្រសិន​អ្នកទិញ​ដី​សម្រាប់​វិនិយោគ​ដោយ​រំពឹងថា​អាច​ទទួលបាន​ចំណេញ​ត្រឡប់មកវិញ​ក្រោយពេល​លក់​ចេញ​ក្នុង​រយៈពេល​មួយ ទាំង​ដែល​ខ្លួន​អ្នក​មិនមាន​លុយ​គ្រប់គ្រាន់ ហើយ​ប្រើ​ប្រាក់កម្ចី​ពី​ធនាគារ​បង្គ្រប់ លុះ​ពេល​ស្ថានការណ៍​ប្រែប្រួល មិនអាច​លក់​ដី​ចេញ​វិញ ដែល​ក្រៅពី​មិន​បានទទួល​ប្រាក់ចំណេញ​ដូច​ការគិត ថែមទាំង​ប្រឈម​នឹង​ការខាតបង់​ទៅលើ​ការប្រាក់​ធនាគារ​ទៀត។ ទាំងនេះ​គឺ​បណ្តាលមកពី​កង្វះខាត​ចំណេះដឹង​ហិរញ្ញវត្ថុ។

មួយវិញទៀត ឧ​ទា​រហ៍​ថា អ្នកទិញ​ដី​សម្រាប់​អភិវឌ្ឍន៍​ជា​លំនៅដ្ឋាន​សម្រាប់​លក់ ដោយ​រំពឹងថា នឹង​ទទួលបាន​ចំណេញ​ខ្ពស់​ត្រឡប់មកវិញ ទាំង​ដែល​ខ្លួន​មិនមាន​ដើមទុន​តម្កល់ទុក​អភិវឌ្ឍន៍​គ្រប់គ្រាន់ ហើយ​រំពឹង​កម្ចី​ធនាគារ​សម្រាប់​បន្តដំណើ​រ​ការសាងសង់ ដោយ​សង្ឃឹមថា​អាច​នឹង​យក​ចំណូល​ពី​អតិថិជន​ដែល​បាន​ទិញ​គម្រោង​បង់​រំ​លោះ​ប្រចាំខែ​សង់​ត្រឡប់​ទៅ​ធនាគារ​វិញ ប៉ុន្តែ​ចៃដន្យ​ស្ថានការណ៍​ទីផ្សារ ឬ​តម្រូវការ​ទីផ្សារ​ប្រែប្រួល ឬ​អតិថិជន​ដែល​បាន​ទិញ​គម្រោង​ជួប​វិបត្តិ​ហិរញ្ញ​ណាមួយ​មិនមាន​លទ្ធភាព​បង់ នោះ​អ្នកនឹង​ជួប​ហានិភ័យ​បន្ត​ពី​អតិថិជន ដែល​ទាំងអស់នេះ​ក៏​បណ្តាលមកពី​កង្វះខាត​នៃ​ចំណេះដឹង​ហិរញ្ញវត្ថុ ខ្វះ​ការពិចារណា ខ្វះ​ការ​បែង​ចែង​ពីរ​ច​ន្ត​សាច់ប្រាក់​សម្រាប់​ការវិនិយោគ និង​អភិវឌ្ឍន៍​គម្រោង។

និយាយ​ជារួម គ្រប់ការ​ប្រកប​អាជីវកម្ម​ទាំងអស់ រាប់ទាំង​វិស័យ​អចលនទ្រព្យ មុនពេល​សម្រេចចិត្ត​ចូលប្រឡូក ចាំបាច់​គឺ​ត្រូវតែ​មានចំណេះដឹង​ហិរញ្ញវត្ថុ​ឱ្យបាន​រឹង​ម៉ាំ​បំផុត ដើម្បី​គេចចេញ​ពី​ហានិភ័យ​នៃ​អាជីវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here