ដោយ៖ ប៊ី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបង្កើតគណៈកម្មារអន្តរក្រសួង ដើម្បីដឹកនាំ សម្របសម្រួល និងជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានថ្មី ខ្នាត់តំបន់ នៅខេត្តមណ្ឌលគិរី។
សេចក្តីសម្រេចនេះ ដែលបានចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានចុះហត្ថលេខា ដោយសម្តេចតេជោ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
រដ្ឋាភិបាល កាលពីថ្មីៗនេះ បានសម្រេចជ្រើសរើសក្រុមហ៊ុន Powerchina International Group ជាដៃគូឯកជនក្នុងការសិក្សា និងអភិវឌ្ឍន៍សំណើរគំរោងសាងសង់អាកាសយាន ដ្ឋានថ្មីខ្នាតតំបន់ នៅខេត្តមណ្ឌលគិរី។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានអនុញ្ញាតឲ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដឹកនាំរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ធ Framework Agreement ជាមួយក្រុមហ៊ុន Powerchina International Group តាមនិតិវិធីជាធរមានដូចបានអនុវត្តន៍កន្លងមក សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគំរោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតផងដែរ។
ខេត្តមណ្ឌលគិរី ជាខេត្តភូមិភាគឦសាន ដែលមានសក្តានុពលខ្ពស់លើផ្នែកទេសចរណ៍ និងកសិកម្ម។ រាជរដ្ឋាភិបាល ធ្លាប់បានកំណត់ខេត្តតំបន់ភូមិភាគឦសានជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា៕