ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន ING Holding ដែលវិនិយោគលើគំរោងទីក្រុងរណប ING CITY ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ បាននិងកំពុងរៀបចំគំរោងសាងសង់សួនកម្សានស្តង់ដាអន្តរជាតិមួយ។
ING CITY ជាទីក្រុងរណបមានទំហំដីធំជាងគេ ដែលមានផ្ទៃដីទំហំជាង២០០០ហិកតា។ គំរោងបង្កើតសួនកំសាន្តនេះ មានឈ្មោះ Amusement Park ស្ថិតតាមបណ្តោយ មហាវិថីសម្តេចតេជោហ៊ុន សែនឬផ្លូវ៦០ម៉ែត្រ។
លោកមាស វីរីយ៉ា អនុប្រធាននាយកដ្ឋានបច្ចេកទេសនៃក្រុមហ៊ុនអភិវឌ្ឍន៍ ING Holiding Co, Ltd បានប្រាប់ឲ្យដឹងថា «ដោយគិតគូរជាចម្បងទៅលើការថែរក្សាការពារបរិស្ថាន សុវត្ថិភាព និងផាសុកភាព សម្រាប់អ្នករស់នៅក្នុងក្រុងរណបថ្មីនេះ ក្រុមហ៊ុន ING Holiding Co, Ltd ក៏បានរៀបចំនូវប្រព័ន្ធលូយ៉ាងពិសេស ដោយមានទំហំចាប់ពី ០,៣២,៨ ម៉ែត្រ និងមានបែងចែកដាច់ពីគ្នារវាងលូបង្ហូរទឹកភ្លៀង និងលូទឹកស្អុយ»។
ក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរណប ING City មានក្រុមហ៊ុនអន្តរជាតិជាច្រើនកំពុងចូលរួមសិក្សាបច្ចេកទេស និងផលប៉ះពាល់បរិស្ថាន ដូចជាក្រុមហ៊ុនរៀបចំប្លង់គោល និងឌីហ្សាញ Surbana International Consultants Pte, Ltd ក្រុមហ៊ុន Yachiyo Engineering Co, Ltd និងក្រុមហ៊ុន Hitachi Ltd, Japan ជាក្រុមហ៊ុនជួយសិក្សាបរិស្ថាន និងសិក្សាពីសហគមន៍ដែលត្រូវរៀបចំក្នុងក្រុងរណបនេះ។ ចំណែកក្រុមហ៊ុន Green Consultant Co, Ltd និងក្រុមហ៊ុន Daun Penh EIA Consultant សិក្សាពីផលប៉ះពាល់បរិស្ថាន (EIA) រីឯក្រុមហ៊ុន IMORI Construction Co, Ltd ជាអ្នកត្រួតពិនិត្យបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា។
បច្ចុប្បន្នទីក្រុងរណបនេះ បានទាក់ទាញអ្នកវិនិយោគជាតិ និងអន្តរជាតិជាច្រើនរួចទៅហើយ ដូចជាគំរោងបុរីនិងផ្សារទំនើបប៉េង ហួត បុរី WOODLAND គំរោង R&F CITY ដែលវិនិយោគដោយក្រុមហ៊ុន R&F Priperties គំរោងខុនដូ សាលតាំងពិព៌ណរថយន្តម៉ែកសឺដេស សាលារៀនអន្តរជាតិ ISPP ជាដើម។
ទាក់ទងនឹងគំរិងវិនិយោគសួនកំសាន្តនេះ ត្រូវបានស្វាគមន៍ពីអ្នកជំនាញទេសចរ ណ៍នានានៅកម្ពុជា។
លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា រាជធានីភ្នំពេញមានការកែលំអរមួយចំនួន ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ ប៉ុន្តែរាជធានីនេះ គួរមានកន្លែង និងរមណីយដ្ឋានទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកស្នាក់នៅកម្ពុជាឲ្យកាន់តែច្រើន និងចំណាយរយៈពេលស្នាក់នៅយូរនៅទីក្រុងនេះ។
លោកបន្តថា “បើសិនជាគំរោងនេះកើតឡើងពិតមែន វានឹងក្លាយជាផលិតផលទេសចរណ៍ថ្មីមួយ ដែលក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ អាចដាក់ក្នុងកញ្ចប់ទេសចរណ៍ជូន ភ្ញៀវកំសាន្ត និងទាក់ទាញពួកគេឲ្យស្នាក់នៅយូរនៅកម្ពុជា”។
លើកឡើងស្រដៀងគ្នានេះ លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍បានថ្លែងថា នៅរាជធានីភ្នំពេញភ្ញៀវទេសចរណ៍អន្តរជាតិស្នាក់នៅរយៈពេលខ្លី ត្រឹមមួយយប់ឬពីរយប់យ៉ាងយូរ ដោយសារយើងមិនមានកន្លែងកំសាន្តជូនដល់ពួកគេបានទស្សនា ហេតុនេះក្នុងនាមសមាគមលោកស្រី ចង់ឃើញវិស័យឯកជនចូលរួមចំណែកវិនិយោគរមណីយដ្ឋានទេសចរណ៍ និងផលិតផលទេសចរណ៍ឲ្យបានច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ។
លោកស្រីបន្តថា “យើងចង់ឃើញរាជធានីភ្នំពេញ មានកន្លែងកំសាន្តច្រើនទាំងពេលថ្ងៃ និងពេលរាត្រី ព្រោះបច្ចុប្បន្នពេលរាត្រីនៅរាជធានីភ្នំពេញ មិនមានកន្លែងកំសាន្ត ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍នៅឡើយទេ”។
ការទាក់ទងសុំការអត្ថាធិប្បាយពីថ្នាក់ដឹកនាំក្រុមហ៊ុន ING Holding ថាគំរោងនេះនឹងចាប់ផ្តើមសាងសង់នៅពេលណា មានទំហំផ្ទៃដីប៉ុណ្ណា និងបោះទុនវិនិយោគប៉ុន្មានលានដុល្លារមិនបានជោគជ័យទេ។
តាមឯកសាររបស់ក្រុមហ៊ុននេះបានឲ្យដឹងថា ក្រុងរណប ING City (ដែលគេធ្លាប់ស្គាល់ថា ក្រុងរណប AZ City) នឹងរំលេចឡើងព្រមជាមួយមហាវិថីដ៏ធំមួយដែលមានឈ្មោះថា «មហាវិថីសម្តេចតេជោ ហ៊ុន សែន» មានបណ្តោយសរុប ៩,២ គីឡូម៉ែត្រ និងទទឹង ៦០ ម៉ែត្រដោយគ្រោងចំណាយថវិកាប្រហែល៥១លានដុល្លារ និងមហាវិថីធំៗកាត់ទទឹងគម្រោងនេះចំនួន២ ទៀត គឺ ទី១ មហាវិថីអ្នកឧកញ៉ា មហាភក្តី សប្បុរិស ភោគាធិបតី ហ៊ុន នាង និងមហាវិថី ទី២ នៅមិនទាន់ស្ថាបនា និងដាក់ឈ្មោះនៅឡើយទេ៕