គម្រោង​អភិវឌ្ឍន៍ធំៗរបស់​រដ្ឋាភិបាល​ដែល​នៅ​បន្ត​មាន​សកម្មភាព​ក្នុង​ឆ្នាំ២០២១នឹង​ជំរុញ​អចលនទ្រព្យ​រីកចំរើន​នៅ​ឆ្នាំ​បន្ទាប់

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ បន្ថែម​ពីលើ​គម្រោង​អភិវឌ្ឍន៍​របស់​រាជរ​ដ្ឋា​ភិ​បាល ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​នាពេល​បច្ចុប្បន្ន សកម្មភាព​សាងសង់​សំណង់ធំៗរបស់​វិស័យ​ឯកជន ដែល​កំពុង​បន្ត​ដំណើរការ​នៅក្នុង​ឆ្នាំ២០២១នេះ នឹង​ក្លាយជា​ចលករ​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការជួយ​ជំរុញឱ្យមាន​ភាព​រីកចំរើន លើ​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅ​ឆ្នាំ​បន្ទាប់ ខណៈដែល​ការប្រើប្រាស់​វ៉ាក់សាំង​ទប់ស្កាត់ និង​ឈានទៅ​លុបបំបាត់​ជំងឺ​កូ​វីដ១៩ កំពុង​ចែកចាយ​លើ​សាកលលោក។

អគ្គនាយក​ក្រុមហ៊ុន Century21 Advance លោក​ឡុង គឹមសួគ៌ បាន​ប្រាប់ឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ថា នៅក្នុង​មួយរយៈ​ចុងក្រោយ​នេះ ទោះជា​កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ ប៉ុន្តែ​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល​មិនត្រូវ​បាន​ផ្អាក​សកម្មភាព​នោះឡើយ។

លោក​ថ្លែងថា “គម្រោងធំៗរបស់​រាជរដ្ឋាភិបាល ដូចជា​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ព្រ​លា​យន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប គម្រោង​ផ្លូវ​ក្រវ៉ាត់​ក្រុង គម្រោង​ផ្លូវ​ល្បឿ​លឿន​ភ្នំពេញ-ព្រះសីហនុ ជាដើម​មិន​ត្រូវបាន​បង្អាក​ដោយ​ជំងឺ​កូ​វីដ១៩ នោះទេ” ។ លោក​បន្តថា “ក្រៅពីនេះ នៅមាន​ដូចជា​គម្រោង​ផ្លូវជាតិ​លេខ២  គម្រោង​ផ្លូវជាតិ​លេខ៣ គម្រោង​ផ្លូវ​ទាំង៣៨ខ្សែ​នៅ​ទូទាំង​ក្រុង​សៀមរាប និង​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ទីតាំងផ្សេងៗទៀត ដែល​ទាំងនេះ គឺជា​ចលករ​យ៉ាងសំខាន់ ក្នុង​ការជួយ​ជំរុញ​ដល់​វិស័យ​អចលនទ្រព្យ​ឱ្យមាន​ភាព​រីកចំរើន ជាពិសេស​តម្រូវ​ការប្រើ​ប្រាស់​ដីធ្លី” ។

លោក​បញ្ជាក់ថា អ្វីដែល​សំខាន់​ជាង​នេះ គឺ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់ ចំពោះ​ការអភិវឌ្ឍន៍​ប្រទេស​ឱ្យ​រីកចំរើន ដែលជា​គំរូ​មាន ដូចជា គម្រោង​អភិវឌ្ឍន៍​នៅ​ទីក្រុង​ភ្នំពេញ គម្រោង​អភិវឌ្ឍន៍​នៅ​ខេត្ត​ព្រះសីហនុ គម្រោង​នៅ​សៀមរាប ខេត្តកំពត-កែប​ជាដើម ក៏​នឹង​ជួយ​ឱ្យ​វិស័យ​អចលនទ្រព្យ​រីកចំរើន​ដែរ។

លោក​បណ្ឌិត​គី សិរី​វឌ្ឍន៍ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​ចិន​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ក៏​ធ្លាប់បាន​ទទួលស្គាល់​ដែរ​ថា ទោះ​ស្ថិតនៅក្នុង​វិបត្តិ​ដែល​កំពុង​ប្រឈម ទៅនឹង​ជំងឺ​កូ​វីដ១៩នៅក្នុង​ប្រទេស ក៏​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា មិនមាន​ការធ្លាក់ចុះ​ខ្លាំង​ដល់​កម្រិត​សូន្យ​នោះដែរ ប៉ុន្តែ​វា​នឹង​អាចមាន​ដំណើរការឡើង​វិញ​បន្តិចម្ដងៗ ក្រោយពេល​ជាបណ្តើរៗ ក្រោយពេល​វិបត្តិ​ត្រូវបាន​ទប់ស្កាត់​បានជា​សាកល។

លោក​បណ្ឌិត​បន្តថា “វិស័យនេះ ក៏​នឹង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ទិញ​បន្ថែមទៀត ដូចជា ផ្ទះល្វែង ខុន​ដូ និង​ដីធ្លី​ក្នុងតម្លៃ​ដែលមាន​ការគ្រោងទុក អ៊ីចឹង កាលណា​តម្លៃ​អចលនទ្រព្យ​មិនទាន់បាន​ឡើង និង​មិនទាន់មាន​សន្ទុះ​ឡើង​លឿន” ។ លោក​បន្តថា “ដូច្នេះ​ការទិញ​លក់​អចលនទ្រព្យ​នៅក្នុង​រដូវ​កាល​មួយ​នោះ នឹង​ក្លាយជា​ឱកាស​ចំណេញ​បន្ថែម​សម្រាប់​ពួកគាត់។ ប៉ុន្តែ​អ្វីដែល​សំខាន់​នៅពេលនេះ គឺ​ការចូលរួម​ទាំងអស់គ្នា​ក្នុង​ទប់ស្កាត់​ការ​រាតត្បាត​ក្នុង​សហគមន៍​ដែល​កំពុង​ព្រួយបារម្ភ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here