ដោយៈ រ៉ាណេត
មណ្ឌលគីរីៈ គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែនរវាងកម្ពុជា-វៀតណាមដែលស្ថិតនៅខេត្តមណ្ឌលគីរី ដែលជាផ្លូវប្រវត្តិសាស្ត្ររវាងប្រទេសទាំង២ រហូតមកដល់ពេលនេះសម្រេចបានប្រមាណ៨០ភាគរយ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងពេលឆាប់ៗខាងមុខនេះ។
អភិបាលខេត្តមណ្ឌលគីរី លោកស្វាយ សំអ៊ាងបានមានប្រសាសន៍នៅក្នុងដំណើរចុះត្រួតពិនិត្យស្ថានការណ៍ជាក់ស្ដែង នៃការទប់ស្កាត់ការរាដាលជំងឺឆ្លងនៅតំបន់ព្រំដែនកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ថា គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលស្ថិតនៅខេត្តមណ្ឌលគីរី(កម្ពុជា)ជាប់ជាមួយខេត្តបី (ប្រទេសវៀតណាម) ដោយកម្លាំងវិស្វកម្ម ដែលមានប្រវែងសរុប៣១៤គីឡូម៉ែត្រ បានសម្រេចលទ្ធផលប្រមាណ៧០-៨០ភាគរយហើយ ដែលនឹងគ្រោងបញ្ចប់ឱ្យបានទាំងស្រុង នៅក្នុងឆ្នាំ២០២១នេះ។
លោកបន្តថា “ផ្លូវនេះជាផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការការពារទឹកដី និងជាផ្លូវសេដ្ឋកិច្ចថ្មី សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ក៏ដូចជា ក្នុងប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ ផ្លូវមួយខ្សែនេះបានជួយសម្រួលដល់បណ្ដាកងកម្លាំង ដែលមានតួនាទីការពារនៅតាមគោលដៅសំខាន់ៗ និងជាការបិទបញ្ចប់នូវបញ្ហាជម្លោះព្រំដែនផងដែរ”។
លោកអភិបាលបានបញ្ជាក់ថា “ផ្លូវមួយខ្សែនេះ គឺជាផ្លូវប្រវត្តិសាស្ត្រក្រវ៉ាត់ព្រំដែនរវាងកម្ពុជា និងនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ហើយក៏ជាផ្លូវយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ដែលបានជួយសម្រួល កងកម្លាំងឈរជើងការពារព្រំដែន ងាយស្រួលចូលទៅគ្រប់គ្រង និងការពារបូរណភាពទឹកដីការពារជាតិមាតុភូមិ”។
ជាមួយគ្នានេះ លោកស្វាយ សំអ៊ាងអភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ នឹងក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះកងកម្លាំងនគរបាល និងយោធា ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនត្រង់ចំណុចប៉ុស្តិ៍អូរហ៊ុយ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកអូររាំង និងស្រុកកែវសីមា ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងការពារសន្តិសុខសណ្តាប់ធ្នាប់តាមខ្សែបន្ទាត់ព្រំដែននៃប្រទេសជិតខាងឲ្យមានលក្ខណៈល្អប្រសើរ៕