ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បន្ទាប់ពីតំបន់បឹងស្នោរ និងតំបន់ព្រែកឯងដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅតាមបណ្តោយផ្លូវជាតិលេខ១ដែលក្លាយទៅជាតំបន់លំនៅដ្ឋានប្រណីតកម្រិតខ្ពស់រួចទៅហើយនោះ បច្ចុប្បន្នបានបន្តរុញច្រានគម្រោងអភិវឌ្ឍន៍បុរីជាច្រើនគម្រោងរហូតដល់ស្រុកកៀនស្វាយ ជាមួយនឹងការដាក់លក់ក្រោម៧ម៉ឺនដុល្លារក្នុងមួយខ្នង។
ចាប់ពីចំណុចផ្លូវបំបែករវាងផ្លូវជាតិលេខ១ណ និងផ្លូវក្រវាត់ទី២ឆ្ពោះទៅកាន់ស្រុកកៀនស្វាយ ខេត្តកណ្តាល គេសង្កេតឃើញមានគម្រោងអភិវឌ្ឍន៍បុរី និងបណ្តុំលំនៅដ្ឋានជាច្រើនគម្រោងកំពុងមានសកម្មភាពសាងសង់យ៉ាងមមាញឹក ហើយបុរីភាគច្រើនជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យក្រោយ៧ម៉ឺនដុល្លារក្នុងមួយខ្នងតែប៉ុណ្ណោះ។
លោកឧកញ៉ានួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal ដែលជាអ្នកអភិវឌ្ឍន៍បុរីកៀនស្វាយផាក និងទើបតែប្រកាសដាក់លក់ជាផ្លូវការកាលពីដើមសប្ដាហ៍នេះបានមានប្រសាសន៍ថា មានងឲហេតុផលជាច្រើនដែលជំរុញឱ្យក្រុមហ៊ុន និងអ្នកអភិវឌ្ឍន៍ជ្រើសរើសតំបន់ផ្លូវជាតិលេខ១ក្នុងស្រុកកៀនស្វាយធ្វើជាគោលដៅវិនិយោគ។
លោកឧកញ៉ាបន្តថា មុនពេលសម្រេចជ្រើសយកទីតាំងណាមួយសម្រាប់វិនិយោគ និងអភិវឌ្ឍន៍គម្រោង គឺគេសុទ្ធតែបានសិក្សាពីភាពអំណោយផលនៃកត្តាភូមិសាស្ត្រ សក្ដានុពលក្នុងតំបន់ ចំនួនប្រជាសាស្ត្រ និងការវិវឌ្ឍនៅថ្ងៃអនាគតយ៉ាងច្បាស់លាស់ ព្រោះការបណ្តាក់ទុនវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យសំណង់លំនៅដ្ឋានតម្រូវចំណាយទុនរាប់លានដុល្លារក្នុងមួយគម្រោង។
លោកកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ថា “បើងាកទៅកាន់តំបន់ជាយក្រុង ដែលនៅក្នុងនោះតំបន់កៀនស្វាយ ដែលស្ថិតនៅភាគខាងត្បូងឈៀងខាងជើង បាននិងកំពុងស្ថិតក្នុងក្រសែភ្នែករបស់អ្នកជំនួញទាំងអស់។ ហេតុផលដែលបណ្តាលឱ្យដីនៅស្រុកកៀនស្វាយ និងលើកដែក មានភាពទាក់ទាញ ក៏ព្រោះនៅតំបន់នេះ នឹងមានការអភិវឌ្ឍយ៉ាងលឿននាពេលអនាគត ដែលអាចនិយាយបានថា ជាតំបន់ពហុអភិវឌ្ឍន៍ មានកំពង់ផែអន្តរជាតិ មានរោងចក្រ ជាតំបន់តភ្ជាប់ព្រុំដែនកម្ពុជា-វៀតណាម មានតំបន់កម្សាន្តកែច្នៃដ៏ធំ ជាពិសេសស្ថិតនៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាភាពទាក់ទាញយ៉ាងខ្លាំង សម្រាប់សម្រាប់អ្នកអភិវឌ្ឍន៍”។
ស្រដៀងគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងថា សម្រាប់ដីដែលស្ថិតតាមផ្លូវជាតិលេខ១ គឺកំពុងតែមានភាពទាក់ទាញខ្លាំង ដែលអាចផ្តល់ឱកាសយ៉ាងល្អប្រសើរទៅដល់បណ្តាអ្នកវិនិយោគនានា ទាំងការទិញ-លក់ ក៏ដូចជាអ្នកអភិវឌ្ឍលើគម្រោងសំណង់លំនៅដ្ឋាន។
លោកបន្តថា “បច្ចុប្បន្ននេះ តំបន់ច្បារអំពៅបានក្លាយជាតំបន់ពាណិជ្ជកម្មរួចទៅហើយ ដោយឡែកតំបន់ផ្សេងទៀតជាប់ផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកៀនស្វាយ និងស្រុកលើកដែក ក៏កំពុងតែចាប់ផ្តើមមានសក្តានុពលជាបណ្ដើរៗ។ ភាពរីកចម្រើននៅតាមតំបន់នេះ ដោយសារតំបន់នេះមានតំបន់សេដ្ឋកិច្ចពិសេស ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាផ្លូវសេដ្ឋកិច្ចដ៏ធំ មានកំពង់ផែលំដាប់អន្តរជាតិ រួមជាមួយនឹងផ្លូវតភ្ជាប់ច្រករបៀងភាគខាងត្បូងជាដើម”។
បច្ចុប្បន្ន វត្តមានរបស់គម្រោងបុរីដែលកំពុងមានសកម្មភាពសាងសង់ និងបានដាក់លក់នៅលើទីផ្សាររួមមានដូចជា គម្រោងភ្នំពេញសុខសាន្ត គម្រោងមង្គលភ្នំពេញ គម្រោងKS Residence គម្រោងកៀនស្វាយផ្លាហ្សា គម្រោងឧទ្យានមង្គល គម្រោង SM Land គម្រោងកៀនស្វាយផាក ដែលកំពុងអភិវឌ្ឍន៍សាងសង់ប្រមាណ២០០ខ្នងក្នុងដំណាក់កាលដំបូងជាមួយទុនប្រមាណ១០លានដុល្លារ៕