ដោយៈ រ៉ាណេត
ភ្នំពេញៈ វិស័យអចលនទ្រព្យ រួមជាមួយនឹងវិស័យផ្សេងទៀត កំពុងទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសការបិតខ្ទប់ទីក្រុងភ្នំពេញ ក្នុងរយៈប៉ុន្មានសប្តាហ៍កន្លងមកនេះ ប៉ុន្តែវិស័យនេះអាចនឹងវិលត្រឡប់ ទៅរកស្ថានភាពល្អប្រសើរបន្តិចឡើងវិញ ប្រសិនបើស្ថានឆ្លងជំងឺត្រូវបានថមថយ ហើយរដ្ឋាភិបាលដកបំរាម និងបើកឱ្យចរាចរណ៍ក្នុងទីក្រុងភ្នំពេញឡើងវិញ។
ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿន បានមានប្រសាសន៍នៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ថា នៅក្នុងអំឡុងពេលនៃការបិទខ្ទប់ទីក្រុងភ្នំពេញ ក្រុមហ៊ុនអចលនទ្រព្យនានា គឺមិនអាចធ្វើអ្វីបាននោះទេ ក្រៅតែពីការស្នាក់នៅក្នុងផ្ទះ និងចូលរួមជាមួយនឹងរាជរដ្ឋភិបាល ក្នុងការប្រយុទ្ធប្រឆាំងនូវជំងឹកូវីដ១៩ ដែលកំពុងរីករាលនៅក្នុងប្រទេស។
លោកបានបន្តថា “នៅក្នុងអំឡុងពេលនេះ គ្មានអ្វីដែលល្អប្រសើរនោះទេ ទាំងប្រតិបត្តិការទិញលក់ និងសកម្មភាពផ្សេងៗទៀត ហើយបច្ចុប្បន្ននេះ មានអចលនទ្រព្យដែលមានតម្លៃសមរម្យ ប៉ុន្តែគ្មានអ្នកទិញនោះទេ” ។
លោកសំ សុខនឿន បានបញ្ជាក់ថា នៅពេលដែលប្រជាពលរដ្ឋបានចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយអាចមានភាពថមថយកាន់តែលឿន ដែលអាចឱ្យរដ្ឋាភិបាលពិចារណា ក្នុងការបញ្ចប់ការបិទខ្ទប់ទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តផ្សេង និងអនុញ្ញាតឱ្យធ្វើឱ្យអាជីវកម្ម គ្រប់ប្រភេទឡើងវិញ នោះអ្វីៗនឹងអាចវិលមករកស្ថានភាពដើមវិញជាបណ្ដើរ។
លោកបន្តថា “តាមការរំពឹងទុករបស់ខ្ញុំ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានបញ្ចប់ ដោយយើងរួមគ្នាទប់ស្កាត់បាន នោះទីផ្សារអចលនទ្រព្យ វានឹងវិលត្រឡប់មកវិញ ហើយចលនានៃការអភិវឌ្ឍន៍ ចលនាការសាងសង់ ចលនានៃការទិញលក់ក៏នឹងត្រឡប់មកវិញ ប៉ុន្តែនេះគ្រាន់តែការព្យាករទុកតែប៉ុណ្ណោះ ចំពោះស្ថានភាពជាក់ស្តែងគឺមិនទាន់ដឹងនោះទេ” ។
ជាមួយគ្នានេះ លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century 21 Advance បានទទួលស្គាល់ថា នៅក្នុងអំឡុងពេលនៃការបិទខ្ទប់ ទីក្រុងភ្នំពេញបានធ្វើឱ្យ ក្រុមហ៊ុនអចលនទ្រព្យភាគច្រើន បាត់បងចំណូលរបស់ខ្លួនស្ទើរតែ១០០ភាគរយ រហូតធ្វើឱ្យអ្នករកស៊ីក្នុងវិស័យនេះបាត់បង់ចំណូល ជួបបញ្ហាហិរញ្ញវត្ថុ និងត្រូវចំណាយជាប្រចាំ។
លោកថា “បើស្ថានភាពវិលមករកប្រក្រតីភាពវិញ កាន់តែលឿន នោះវានឹងជំរុញ ឱ្យសកម្មភាពទីផ្សារគ្រប់វិស័យកើតមានដែរ ទាំងប្រតិបត្តិការ ទាំងការទិញលក់ និងអាជីវកម្មផ្សេងៗ ហើយក្នុងនោះក្រុមហ៊ុនអចលនទ្រព្យ និងភ្នាក់ងារ ក៏អាចប្រតិបត្តិការអាជីវកម្មវិញបានដែរ។ ពេលនោះអ្វីៗ នឹងល្អប្រសើរជាងពេលនេះ” ។
រាជរដ្ឋាភិបាលកបានសម្រេចបន្តការបិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ។
ទោះជាយ៉ាងណាក៏ដោយ យោងតាមសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១របស់រាជរដ្ឋាភិបាល បញ្ជាក់ថា រយៈពេលនៃការបិទខ្ទប់នេះ អាចត្រូវបានបន្តបន្ថែមទៀត អាស្រ័យលើការចូលរួមអនុវត្តន៍ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ និងស្ថានភាពនៃការវិវត្តនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕