ភ្នំពេញ ៖ សួរឧស្សាហកម្មកាណាឌីយ៉ាដែលមានទំហំដីរហុតដល់៥០០ហិចតា ស្ថិតតាមណ្ដោយផ្លូវ៥១ ក្នុងកំពង់ស្ពឺ នឹងជំរុញសកម្មភាពវិនិយោគដីធ្លីនៅតំបន់ជុំវិញនោះ បានមួយកម្រិតទៀត ខណៈសួនឧស្សាហកម្មមួយនេះក៏បាននិងកំពុងបង្ហាញរូបរាងបណ្ដើរៗហើយផងដែរ ។
អ្នកអភិវឌ្ឍន៍ដីធ្លីនៅតំបន់ប៉ែកខាងលិចរាជធានីភ្នំពេញ ជាពិសេសនៅតំបន់ផ្លូវ៥១ហាក់បង្ហាញពីទឹកចិត្តក្នុងការជំរុញការអភិវឌ្ឍបន្ថេមទៀត ក្នុងពេលតំបន់នេះ កាន់តែបង្ហាញពីភាពទាក់ទាញវិនិយោគិន ដោយអ្នកវិនិយោគធំៗ ក៏បានចាប់ផ្ដើមអភិវឌ្ឍគម្រោងរបស់ខ្លួនជាបន្តបន្ទាប់ ។
បើតាមអ្នកជំនាញនៃវិស័យអចនវត្ថុកម្ពុជាបានមើលឃើញថាតំបន់ខាងលិចរាជធានីភ្នំពេញ ហាក់ទទួលបានការចាប់អារម្មណ៍លើការវិនិយោគច្រើន ជាពិសេសក្នុងខេត្តកំពង់ស្ពឺ ទៅវិស័យឧស្សាហកម្ម ខណៈតំបន់នេះ មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ហើយទំហំដីសម្រាប់អភិវឌ្ឍក៏នៅមានច្រើនផងដែរ ។
លោកសន សៀប នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃីរៀលអ៊ីស្ទេតបានឱ្យដឹងថា កំពង់ស្ពឺនឹងក្លាយជាតំបន់ឧស្សាហកម្មដ៏ទាក់ទាញដោយសារតែតំបន់នេះមានផ្លូវសំខាន់ៗតភ្ជាប់ពីទៅកាន់កំពង់ផែ និងច្រកព្រំដែនកម្ពុជា ដែលងាយស្រួលក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែផង និងទៅកាន់ច្រកព្រំដែនផង។
លោកបន្តថា បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ស្ពឺគេមើលឃើញថា នៅផ្លូវ៥១និងផ្លូវ៤១ មានការរៀបចំដីធ្លីសម្រាប់អភិវឌ្ឍន៍ ហើយវានឹងទាក់ទាញនូវការវិនិយោគបន្ថែមទៀតពី វិនិយោគិនក្នុងស្រុកទៅការអភិវឌ្ឍលំនៅឋានសម្រាប់ផ្គត់ផ្គង់ដល់អ្នកចំណូលថ្មី ។
អ្នកអភិវឌ្ឍន៍ដីធ្លីនៅតំបន់ផ្លូវ៥១ជុំវិញសួនឧស្សាហកម្មកាណាឌីយ៉ាក៏បានលើកឡើងផងដែរថា នៅពេលអនាគតតំបន់ជុំវិញនេះនឹងក្លាយជាតំបន់អភិវឌ្ឍន៍លំនៅឋានដ៏មានសក្ដានុពល ព្រោះនៅពេលមានរោងចក្រ មានសួនឧស្សាហកម្ម មនុស្សប្រាកដជានាំគ្នាមកធ្វើការ រស់នៅនិងប្រកបមុខរបរនៅទីនោះ ដូច្នេះពួកគេមិនអាចត្រលប់ទៅគេងឬស្នាក់នៅ ឆ្ងាយពីកន្លែងធ្វើការឡើយ ៕