ការអភិវឌ្ឍដីឡូត៏បែបលំហែកាយកំពុងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ

0

ដោយៈ លក្ខិណា

ភ្នំពេញៈ កាលពីប៉ុន្មានឆ្នាំមុន ការអភិវឌ្ឍដីឡូត៏ផ្ដោតទៅលើសម្រាប់អភិវឌ្ឍន៍លំនៅឋាន ដោយមានទំហំត្រឹមតែ៥គុណនឹង២០ម៉ែត្រប៉ុណ្ណោះ ក៏ប៉ុន្តែមកដល់ពេលនេះ ការអភិវឌ្ឍដីឡូត៏ត្រូវបានពង្រីកទំហំកាន់តែធំ និងផ្ដោតទៅលើការអភិវឌ្ឍជាតំបន់លំហែកាយទៅវិញ។

ការអភិវឌ្ឍដីប្រភេទនេះ ក៏កំពុងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋអ្នកមានលំនៅឋានផ្ទាល់ខ្លួនជាអចិន្ត្រៃយ៍រួចហើយ ទោះបីជាកម្ពុជាជួបវិបត្តិនឹងជំងឺឆ្លងសកលក្ដី។

លោក Coloor Tan អគ្គនាយកក្រុមហ៊ុនYoungsia Real estate ដែលបានវិនិយោគគម្រោងបូកគោលែនដ៍ បានមានប្រសាសន៍ថា ទីផ្សារដីឡូតិ៍ និងផ្ទះលំហែបាននិងកំពុងនិយមខ្លាំងនៅកម្ពុជា ហើយដោយសារវិបត្តិកូវីដ១៩ ប្រជាពលរដ្ឋមិនអាចចេញធ្វើដំណើរបាន ដូច្នេះពួកគាត់បានរកកន្លែងលំហែក្នុងស្រុក។

លោកបានថ្លែងបន្តថា គម្រោងបូកគោលែនដ៍កំពុងទទួលបានការគាំទ្រ ដោយសារគម្រោងការរៀបចំហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ មានទឹក មានភ្លើង និងបណ្តាញលូប្រកបដោយស្តង់ដារ ពិសេសមានផ្ទះយន្តហោះ ដែលរៀបចំជាហាងកាហ្វេ ដើម្បីទាក់ទាញអតិថិជន និងផ្តល់ឱ្យរស់នៅនូវបរិយាកាសដ៏ស្រស់ស្រាយ។

លោកបានឱ្យដឹងទៀតថា ពិសេស គម្រោងតំបន់បូកគោលែនដ៍មានទេសភាពស្អាត ដោយមានភ្នំពេញបូកគោពីក្រោយ មានសណ្ឋានដីល្អ និងខ្យល់អាកាសបរិសុទ្ធ។

លោកសោម កាក់អ្នកអភិវឌ្ឍន៍ដីឡូត៏បែបលំហែក្នុងទឹកដីស្រុកឈូកខេត្តកំពត បានឱ្យដឹងកាលពីចុងសប្តាហ៍កន្លងមកនេះថា លោកទើបតែចាប់ផ្ដើមសាកល្បងនូវគម្រោងអភិវឌ្ឍន៍តំបន់លំហែកាយនៅតាមផ្លូវជាតិលេខ៤១ ក្នុងស្រុកឈូកខេត្តកំពត ហើយក៏មិននឹងស្មានថាមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋរស់នៅរាជធានីភ្នំពេញ។

លោកបន្តថា ដីឡូត៏ដែលលោកអភិវឌ្ឍនេះ មានទំហំធំៗជាងដីឡូត៏ពីមុន គឺខ្លះមានទំហំចាប់ពី៣០គុណនឹង៥០ម៉ែត្រ ដែលអាចឱ្យអ្នកទិញអភិវឌ្ឍជាចំការដំណាំ និងសង់ផ្ទះសម្រាកសម្រាកលំហែកាយចុងសប្ដាហ៍ឬថ្ងៃឈប់សម្រាកធំៗជាដើម។ លោកថា “ក្រោយពេលមានការគាំទ្រនូវគម្រោងអភិវឌ្ឍន៍ដីប្រភេទនេះ យើងកំពុងតែត្រៀមអភិវឌ្ឍបន្ថែមទៀត ដើម្បីផ្ដល់ជូនអតិថិជនរបស់យើង”។

លោកជិន ណារិនភ្នាក់ងារអចលនវត្ថុប្រចាំខេត្តកំពតមួយរូបក៏បានឱ្យដឹងថា ជាការពិតណាស់ដីសម្រាប់សម្រាកលំហែកាយ ពិតជាមានសន្ទុះគួរឱ្យកត់សម្គាល់នៅក្នុងខេត្តកំពត ដែលខុសពីមុនគេអភិវឌ្ឍដីឡូត៏មាខ្នាតត្រឹមតែ ៥គុណនឹង២០ម៉ែត្រប៉ុណ្ណោះ។

លោកបានថ្លែងថា ការអភិវឌ្ឍដីដែលមានខ្នាតធំជាងមុននេះ គឺស្ថិតនៅឆ្ងាយពីទីប្រជុំជនបន្តិច ព្រោះ ជាលក្ខណៈដីសម្រាប់លំហែ តែបើសិនជាពលរដ្ឋសង់ផ្ទះលំហែកាយហើយ ចង់ទៅលេងតំបន់រមណីយដ្ឋាននានាក្បែរៗនោះក៏បានដែរ ព្រោះ ពេលនេះយើងឃើញហើយថា រដ្ឋាភិបាលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ កាន់តែស្រួលសម្រាប់ធ្វើដំណើរ ហើយពលរដ្ឋរស់នៅភ្នំពេញ អាចធ្វើដំណើរមកកាន់ខេត្តកំពតតាមផ្លូវជាតិលេខ៣ក៏បាន តាមផ្លូវជាតិលេខ៤ និងបត់មកតាមផ្លូវ៤១ ក៏បាន។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងកន្លងមកថានៅពេលខាងមុខឆាប់ៗនេះ លំនៅឋានលំហែកាយនឹងក្លាយជាផ្នែកមួយពេញនិយមសម្រាប់អ្នកដែលមានផ្ទះផ្ទាល់ខ្លួនអចិន្ត្រៃយ៍រួចហើយ ហើយតំបន់ដែលមើលឃើញថា មានសក្ដានុពលសម្រាប់អភិវឌ្ឍន៍អចលនទ្រព្យប្រភេទនេះ គឺស្ថិតនៅខេត្តដែលមានរមណីយដ្ឋានច្រើន ដូចជាកំពត កែប មណ្ឌលគីរី កំពង់ស្ពឺជាដើម តែកំពតយើងមើលឃើញថាហាក់មានសក្ដានុពលជាគេ ដោយសារតែតំបន់នេះ មានផ្លូវស្អាត មានសមុទ្រ មានព្រៃឈើ និងមានជ្រោះនិងមានភ្នំជាច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here