ដោយៈ ម៉ាណេត
ភ្នំពេញៈ សកម្មភាពទិញលក់លំនៅដ្ឋាននៅជាយនៅរាជធានីភ្នំពេញចាប់ផ្តើមមានការរើបឡើងវិញ ដែលវាបង្ហាញពីសញ្ញាល្អមួយល្អសម្រាប់វិស័យអចលនទ្រព្យ បន្ទាប់ពីវិបត្តិកូវីដ១៩ បង្កផលប៉ះពាល់វិស័យអចលនទ្រព្យ។
នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី លោកឌឹត ចណ្ណាបានថ្លែងប្រាប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះថា ចលនានៃការទិញលក់អចលនទ្រព្យ ពិសេសលំនៅដ្ឋានបានចាប់ផ្តើមកម្រើកបន្តិច បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរបន្ថយដល់ការធ្វើដំណើររបស់ប្រជាជន។
លោកមើលឃើញថា សកម្មភាពទិញលក់មានការកម្រើកឡើងនៅជាយក្រុង ពិសេសការទិញលក់លំនៅដ្ឋាន នៅជាយក្រុង ហើយនៅតាមខណ្ឌនៅជាយក្រុង ឃើញមានសកម្មភាពកម្រើកឡើងវិញ ទាំងនៅខណ្ឌសែនសុខ និងខណ្ឌដង្កោជាដើម។
លោកបានថ្លែងបន្តថា មួយរយៈពេលចុងក្រោយនេះ តំបន់ជាយក្រុងនៅទិសទាំងអស់នៃរាជធានីភ្នំពេញមានរីកលូតលាស់ព្រមគ្នាតែម្តង ខណៈតំបន់នៅជាយក្រុងនៅប៉ែកខាងកើតនៅមានតម្លៃសមរម្យជាងបន្តិច ដោយសារស្ពានមិនទាន់សាងសង់ ប៉ុន្តែចលនានៃការទិញលក់នៅតែមាន។
លោកបានលើកឡើងថា “លំនៅដ្ឋានមានសន្ទុះឡើងវិញខ្លាំងជាងគេនៅជាយក្រុងគ្រប់ទិសទាំងអស់ នៃទីក្រុងភ្នំពេញ បើធៀបនឹងផ្នែកផ្សេងៗទៀតនៃវិស័យអចលនទ្រព្យ”។ លោកបានថ្លែងថា ជាធម្មតា អ្នកវិនិយោគ ឬអ្នករកទទួលទាននៅក្នុងវិស័យអចលនទ្រព្យមិនសូវជាចេះនៅស្ងាមនោះទេ ហើយការបន្ធូរបន្ថយដល់ការធ្វើដំណើររបស់ប្រជាជន បានធ្វើឱ្យប្រជាជន ពិសេសអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យចាប់ផ្តើមបន្តសកម្មភាពវិនិយោគរបស់ពួកគាត់ឡើងវិញ។
លោក James Hodge នាយកជាន់ខ្ពស់ក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់កាលពីថ្មីៗនេះថា ទីផ្សារលំនៅដ្ឋានត្រូវបានរំពឹងថា នឹងងើបឡើងវិញយ៉ាងឆាប់រហ័ស ដែលគាំទ្រដោយការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌប្រាក់កម្ចី និងការទូទាត់ពីធនាគារ និងអ្នកអភិវឌ្ឍន៍។
លោកបានថ្លែងថា “យើងរំពឹងថា សកម្មភាពនៃការលក់ នឹងមានភាពប្រសើរឡើងទាំងផ្នែកខុនដូ និងផ្នែកអចលនទ្រព្យជាប់ដី (ផ្ទះ) នៅត្រីមាសទី៣ ឆ្នាំ២០២១ ខណៈរយៈពេលនៅសល់នៃត្រីមាសទី២ សកម្មភាពទិញលក់ហាក់ ដូចជានៅភាពយឺតនៅឡើយ”។
ការរំខានពីការឆ្លងជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ទំនងជានឹងរុញច្រានការស្ទុះឡើងវិញក្នុងវិស័យអចលនទ្រព្យយឺតយ៉ាវ ដូច្នេះស្ថានភាពទីផ្សារប្រសើរឡើងវិញ គឺពឹងផ្អែកលើល្បឿន និងប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង ដើម្បីបង្កើតសន្ទុះ និងបង្កើនភាពជឿជាក់លើការវិនិយោគអចលនទ្រព្យ៕